លោក ស្តូថែនប៊ឺគ៖ សមាជិកអង្គការណាតូនឹងពិភាក្សា គ្នា អំពីការបង្កើនការគាំទ្រផ្នែកយោធាដល់អ៊ុយក្រែន
ព្រុចសែល៖ អគ្គលេខាធិការអង្គការណាតូលោក ជេនស៍ ស្តូថែនប៊ឺគ ថ្លែងថា សមាជិកនៃសម្ព័ន្ធភាពនឹងពិភាក្សា អំពី ជំនួយយោធាបន្ថែមទៀតដល់អ៊ុយក្រែន ដោយសង្កត់ធ្ងន់លើ សមិទ្ធផលនៃការគាំទ្រ ដែលខ្លួនបានផ្តល់មកទល់ពេលនេះ។
លោក ស្តូថែនប៊ឺគ បានថ្លែងនៅក្នុងបទសម្ភាសន៍ ជាមួយ សារព័ត៌មានជប៉ុន NHK នៅទីស្នាក់ការកណ្តាលរបស់អង្គការ ណាតូ(NATO) នៅទីក្រុងព្រុចសែល នៅថ្ងៃអង្គារថា គ្មាន ការ ងឿងឆ្ងល់ទេដែលថា អំពើឃោរឃៅបានប្រព្រឹត្ត ឡើង នៅក្នុងទីក្រុងប៊ូចា និងកន្លែងផ្សេងទៀតក្នុងប្រទេស អ៊ុយក្រែន ដែលជនស៊ីវិលត្រូវបានគេកំណត់គោលដៅ ហើយបានពណ៌នាអំពីទង្វើនេះថា ជាឧក្រិដ្ឋកម្មសង្គ្រាម។ លោកបន្តថា រុស្ស៊ីគ្រោងនឹងបើកការវាយប្រហារទ្រង់ទ្រាយ ធំនៅភាគខាងកើតអ៊ុយក្រែន បន្ទាប់ពីការដកទ័ពរុស្ស៊ី ចេញពីតំបន់ជុំវិញទីក្រុងកៀវ។
លោកបន្ថែមថា NATO នៅតែបន្តជឿជាក់ថា គោលបំណង សំខាន់នៃការឈ្លានពានរបស់រុស្ស៊ីគឺនៅតែដដែល ពោលគឺ ដើម្បីគ្រប់គ្រងប្រទេសអ៊ុយក្រែន ប៉ុន្តែរុស្ស៊ីត្រូវបានបង្ខំ ឱ្យផ្លាស់ ប្តូរផែនការប្រយុទ្ធរបស់ពួកគេ។
ប្រមុខអង្គការណាតូរូបនេះបានសង្កត់ធ្ងន់ថា សព្វាវុធ និង ជំនួយផ្សេងទៀតដែលអង្គការណាតូបានផ្តល់ឱ្យអ៊ុយក្រែន នឹងដឹកនាំទៅដល់ការបណ្តេញការឈ្លានពានរបស់រុស្ស៊ី។ លោកបញ្ជាក់ទៀតថា សមាជិកណាតូនឹងពិភាក្សាអំពី អ្វីដែលយើងអាចធ្វើបានបន្ថែមទៀតនៅក្នុងកិច្ចប្រជុំរយៈពេលពីរថ្ងៃ នៃរដ្ឋមន្ត្រីការបរទេសមកពីសម្ព័ន្ធមិត្តដែលនឹង ប្រព្រឹត្តទៅនៅថ្ងៃពុធនេះ (ម៉ោងក្នុងតំបន់)៕
ប្រភព៖ NHK ប្រែសម្រួល៖ ឈឹម ទីណ



