អាជ្ញាធរខេត្តសៀមរាប រំពឹងថាព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តឆ្នាំនេះ នឹងទាក់ទាញភ្ញៀវទេសចរចូលមកកម្សាន្តច្រើន

សៀមរាប ៖ អាជ្ញាធរខេត្តសៀមរាប បានរំពឹងថា ព្រឹត្តិការណ៍សង្ក្រាន្តសៀមរាប ដែលរៀបចំឡើងដើម្បីអបអរបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរខាងមុខនេះ នឹងទទួលបានអ្នកចូលមកកម្សាន្តច្រើន។

អភិបាលរងខេត្តសៀមរាប លោក ប្រាក់ សោភ័ណ បានរំពឹងទុកថាព្រឹត្តិការណ៍(សៀមរាបសង្ក្រាន្ត) បុណ្យចូលឆ្នាំថ្មីឆ្នាំខាលដែលនឹងមកដល់នៅ១សប្ដាហ៍ខាងមុខទៀតនេះ នឹងអាចទាក់ទាញភ្ញៀវទេសចរ ឱ្យមកទស្សនាខេត្តសៀមរាបកាន់តែច្រើន និងធ្វើឱ្យសេដ្ឋកិច្ចនៅក្នុងខេត្តសៀមរាប បានងើបល្អប្រសើរឡើងវិញ។

លោកថា ដោយសារតែការរំពឹងទុកបែបនេះ ក្នុងរយៈពេលជិត ១សប្ដាហ៍មកហើយ អាជ្ញាធរខេត្តសៀមរាប កំពុងខ្នះខ្នែង យ៉ាងខ្លាំងលើការងារសំអាតទីធ្លាសាធារណៈ សំអាតសំរាមនៅតាមដងស្ទឹងព្រមទាំងតុបតែងលម្អ នៅតាមដងផ្លូវនានា ដោយដាក់ទង់ជាតិនិងអំពូលភ្លើងពណ៌ជាច្រើនកន្លែង ដើម្បីបង្អួតភ្នែកអ្នកទេសចរ ដែលនឹងចូលមកលេងក្នុងខេត្តសៀមរាប ។

លោក ប្រាក់ សោភ័ណ បានបញ្ជាក់ថា សម្រាប់ការតុបតែង និងសំណង់នានា ដើម្បីរង់ចាំទទួលព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តគិតត្រឹមថ្ងៃទី៦ខែមេសាឆ្នាំ២០២២គឺជិតរួចរាល់ទាំងស្រុងហើយ។

ខេត្តសៀមរាបក៏ដូចជាខេត្តដទៃទៀតនៅក្នុងប្រទេសកម្ពុជាទាំងមូលដែរ គឺបានខកខានប្រារព្ធព្រឹត្តិការណ៍បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល ២ឆ្នាំមកហើយ ចាប់តាំងពីជំងឺកូវីដ-19បានគំរាមកំហែងនៅពាលពេញពិភពលោកមក។
កាលពីពេលថ្មីៗនេះ អភិបាលខេត្តសៀមរាប ឯកឧត្តម ទៀ សីហា បានថ្លែងឱ្យដឹងថា សង្ក្រាន្តសៀមរាបខាងមុខនេះនឹងមានរៀបចំពីរកន្លែង ទីមួយគឺធ្វើឡើងនៅក្នុងក្រុងសៀមរាប និងមួយកន្លែងទៀត ធ្វើនៅតំបន់ ប្រាសាទចៅសាយទេវតា និងប្រាសាទធម្មានន្ន។ ឯកឧត្តមថា នៅកណ្ដាលក្រុងសៀមរាប គឺមានរៀបចំឱ្យមានការ ជិះទូកកម្សាន្ត ក្នុងស្ទឹងសៀមរាប មានពិព័រណ៍ម្ហូបអាហារ ផ្សារបណ្តែតទឹក មានប្រគុំតន្រ្តីស្គរដៃ ការសម្តែងសិល្បៈនៅលើផែទឹក និងការប្រគុំតន្រ្តីខ្នាតយក្សជាដើម ។

ចំណែកនៅឯប្រាសាទចៅសាយទេវតានិងប្រាសាទធម្មានន្ន ដែលនៅតាមបណ្ដោយផ្លូវទៅកាន់ វង្សធំ នៃក្រុងអង្គរធំវិញគឺមានកម្មវិធីភូមិខ្ញុំ ដោយមានកម្មវិធីកំសាន្ដបែបបុរាណដូចជាពិធីបួងសួងសុំសេចក្តីសុខ ពិធីទទួលទេវតាឆ្នាំថ្មី ពិធីពួនភ្នំខ្សាច់ និងមានការរៀបចំជាភូមិខ្ញុំ ដោយមានលេងល្បែងប្រជាប្រិយ និងការសំដែងល្ខោនបាសាក់ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២-១៦ខែមេសា ឆ្នាំ២០២២ខាង មុខនេះ។

ចំពោះពិធីភូមិសង្ក្រាន្តនៅក្នុងតំបន់ប្រាសាទចៅសាយទេវតា ប្រាសាទធម្មនន្នដែលជាកម្មវិធីមួយទៀតនោះគឺតម្រូវឱ្យអ្នកចូលរួមកំសាន្ដ ស្លៀកសំលៀកបំពាក់ប្រពៃណីខ្មែរ ដូចជាហូល ផាមួង អាវប៉ាក់ ខោចែវជាដើម ក្នុងគោលបំណងរួមគ្នា លើកតម្លៃវប្បធម៌ប្រពៃណីជាតិខ្មែរ៕ ដោយ ស៊ាន សុផាត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner