នាយករដ្ឋមន្រ្តីអង់គ្លេសអំពាវនាវឱ្យពលរដ្ឋរុស្ស៊ីរៀនស្វែងយល់ពីការពិតអំពីសង្គ្រាមនៅអ៊ុយក្រែន
ឡុងដ៍៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន បាន ជំរុញឱ្យពលរដ្ឋរុស្ស៊ីរៀនស្វែងយល់ពីការពិតអំពីអ្វីដែលកំពុងកើតឡើងនៅអ៊ុយក្រែន។
នៅក្នុងសារតាមវីដេអូមួយដែលបានចេញផ្សាយនៅថ្ងៃអង្គារ លោក ចនសុន បានចាប់ផ្តើមថ្លែងនៅក្នុងសន្ទរកថារបស់ លោក ជាភាសារុស្សី ដោយនិយាយថា ប្រជាជនរុស្ស៊ីសមនឹង ទទួលបាននូវការពិត… អ្នកសមនឹងទទួលបាននូវការពិត ជាក់ស្តែង។ ទន្ទឹមគ្នា លោក ចនសុន បានចោទប្រកាន់ កងទ័ពរុស្ស៊ីថា បានប្រព្រឹត្តអំពើឃោរឃៅ បន្ទាប់ពីជនស៊ីវិល ជាច្រើន ត្រូវបានរកឃើញស្លាប់នៅក្នុងទីក្រុងប៊ូចា, អាយភីន និងកន្លែងផ្សេងទៀត។
លោក ចនសុន បាននិយាយជាភាសាអង់គ្លេសថា ជនស៊ីវិល ដែលស្លាប់ត្រូវបានគេបាញ់សម្លាប់ដោយចងដៃ។ ស្ត្រីត្រូវបាន គេ រំលោភនៅចំពោះមុខកូនតូចរបស់ពួកគេ។ លោក ចនសុន បន្ថែមថា វាគ្មានអ្វីចម្លែកទេដែលរដ្ឋាភិបាលរបស់អ្នកកំពុង ស្វែងរកការលាក់បាំងពួកគេពីអ្នក។
ប្រធានាធិបតីរបស់អ្នកដឹងថាប្រសិនបើអ្នកអាចមើលឃើញអ្វីដែលកំពុងកើតឡើងនោះ អ្នកនឹងមិនគាំទ្រសង្រ្គាម របស់ គាត់ទេ។
ស្របពេលជាមួយគ្នានោះដែរ នាយករដ្ឋមន្រ្តីអង់គ្លេសរូបនេះ បានអំពាវនាវឱ្យជនជាតិរុស្ស៊ីប្រើការតភ្ជាប់ VPN ដើម្បីចូល ប្រើ “ព័ត៌មានឯករាជ្យ” និងចែករំលែកនូវការពិត។ VPN គឺជាបច្ចេកវិទ្យារក្សាទិន្នន័យទំនាក់ទំនងដើម្បីការពារពីការចូលប្រើខាងក្រៅ។ វាអាចផ្តល់ឱ្យអ្នកប្រើប្រាស់ចូលទៅ កាន់គេហទំព័រដែលត្រូវបានរារាំង។
លោក ចនសុន បានបញ្ចប់សុន្ទរកថារបស់ខ្លួនជាភាសារុស្សី ដោយបញ្ជាក់យ៉ាងដូច្នេះថា ប្រធានាធិបតីរបស់អ្នកត្រូវបាន ចោទប្រកាន់ពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម។ ប៉ុន្តែខ្ញុំមិន អាចជឿថា គាត់កំពុងធ្វើសកម្មភាពក្នុងនាមតំណាង ឱ្យពួកអ្នក (ប្រជាជនរុស្ស៊ី) នោះទេ៕ ប្រភព៖ NHK ប្រែសម្រួល៖ ឈឹម ទីណា




