ស្រាបៀរដ្រាហ្វ ច្រកដបដំបូងបង្អស់នៅកម្ពុជា CAMBODIA PREMIUM DRAFT BEER បានប្រកាសដាក់លក់ជាផ្លូវការ

ភ្នំពេញ ៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស រៀបចំសន្និសីទសារព័ត៌មាន ប្រកាសអំពីការដាក់លក់ផលិតផលថ្មី ដែលជាស្រាបៀរដ្រាហ្វច្រកចូលដបដំបូងបង្អស់នៅកម្ពុជា ឈ្មោះថា “ស្រាបៀរ កម្ពុជា ព្រីមៀម ដ្រាហ្វ CAMBODIA PREMIUM DRAFT BEER» នារសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ ។

លោកឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានមានប្រសាសន៍ថា៖ “ថ្នាក់ដឹកនាំ ខ្មែរ ប៊ែវើរីជីស តែងនាំនូវអ្វីប្លែក និងថ្មីលើសពីការរំពឹងទុករបស់អតិថិជន ដោយសម្រេចផលិតស្រាបៀរ កម្ពុជា ព្រីមៀម ដ្រាហ្វ។ អតិថិជនអាចពិសាស្រាបៀរ ដ្រាហ្វនៅផ្ទះ និងគ្រប់ទីកន្លែងយ៉ាងងាយ ខុសពីសម័យមុនដែល តម្រូវឲ្យអតិថិជនទៅបារ៍ ផាប់ ឬភោជនីយដ្ឋានផ្ទាល់ទើបអាចទទួលទានស្រាបៀរដ្រាហ្វបាន»។

ស្រាបៀរកម្ពុជា ព្រីមៀម ដ្រាហ្វ ត្រូវបានផលិតឡើងដោយប្រើប្រាស់បច្ចេកវិទ្យា Flash Pasteurization និងផ្កាហប់ពិសេស (Special Hops) មានរសជាតិស្រស់បំផុតឬ Super Fresh និងមានអាយុកាលរហូតដល់ទៅ ១៨០ថ្ងៃ ច្រកក្នុងដបពណ៌បៃតង ដែលមានឡាប៊ែលពិសេសអាចបញ្ចេញពន្លឺនៅពេលប៉ះជាមួយភ្លើង UV ក្នុង កន្លែងងងឹតឬ Glow in the dark។ ដបរចនាយ៉ាងប្រណិតនេះ ក៏មានសញ្ញាផ្កាយនៅកដប ដែលនឹងប្រែពណ៌ពីប្រាក់ទៅជាខៀវនៅពេលសបៀរ ត្រជាក់ដល់កម្រិត ក៏ដូចជាមានកម្របងាយស្រួលបើក និងមានសំលេងពិរោះ។ លក្ខណៈពិសេសទាំងនេះគឺមាន តែស្រាបៀរ កម្ពុជាតែប៉ុណ្ណោះ។

លោកឧកញ៉ា លាង ពៅ បានអះអាងថា៖ «ខ្ញុំបាទហ៊ាននិយាយថា ខ្មែរ ប៊ែវើរីជីស គឺជាក្រុមហ៊ុនទីមួយនៅ ប្រទេសកម្ពុជា ហើយក៏ប្រហែលជានៅអាស៊ីអាគ្នេយ៍ផងដែរ ដែលផលិតស្រាបៀរ ព្រីមៀម ដ្រាហ្វ ច្រកក្នុងដប។ វាគឺមិនមែនជាស្រាបៀរ ដ្រាហ្វធម្មតានោះទេ វាគឺជាព្រីមៀម ដ្រាហ្វ បៀរ ច្រកចូលក្នុងដបពណ៌បៃតងយ៉ាងល្អ ប្រណិត» ។

ដើម្បីធ្វើឲ្យផលិតផលថ្មីនេះទទួលបានជោគជ័យ អ្នកស្រី គង់ កុសល នាយិកាផ្នែកទីផ្សារក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស បានបន្ថែមឲ្យដឹងពីផែនការផ្សព្វផ្សាយយ៉ាងដូច្នេះថា៖ ស្រាបៀរ កម្ពុជា ព្រីមៀម ដ្រាហ្វ ជាផលិតផលថ្មីបំផុត សម្រាប់ទីផ្សារកម្ពុជា ដូច្នេះអតិថិជននឹងស្គាល់ពីលក្ខណៈពិសេស និងអត្ថប្រយោជន៍របស់ស្រាបៀរថ្មីនេះកាន់តែ ច្បាស់តាមរយៈទូរទស្សន៍ វិទ្យុ និងប្រព័ន្ធឌីជីថលនានា។ ក្រៅពីនេះ ក្រុមហ៊ុនក៏នឹងបង្កើតកម្មវិធីកម្សាន្តប្លែកៗ ជូនអតិថិជន និងផ្តល់ជូនប្រូម៉ូសិនជាច្រើនផងដែរ។

ក្នុងនោះដែរ លោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកផ្នែកលក់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស ក៏បានសម្តែងភាពជឿជាក់ខ្លាំង ទៅលើផលិតផលថ្មីដែរថា៖ «ក្នុងរយៈពេលប៉ុន្មានថ្ងៃនៃការចែកចាយស្រាបៀរ កម្ពុជា ព្រីមៀម ដ្រាហ្វ ទៅលើទី ផ្សារ ស្រាបៀរ ព្រីមៀម ដ្រាហ្វ ទទួលបានការបញ្ជាទិញជាច្រើន ព្រមទាំងការកោតសរសើរពីអតិថិជនអំពីរស ជាតិដ៏ស្រស់ឆ្ងាញ់ប្លែកពីស្រាបៀរធម្មតា។ ដូច្នេះ ផលិតផលថ្មីរបស់យើងនឹងផ្តល់ទំនុកចិត្តមួយបន្ថែមទៀតដល់ អតិថិជន ដៃគូពាណិជ្ជកម្ម ព្រមទាំងចូលរួមបង្កើតការងារ និងជំរុញកំណើនសេដ្ឋកិច្ចផងដែរ»។

គួរបញ្ជាក់ថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនឈានមុខគេក្នុងស្រុកលើផលិតកម្មស្រាបៀរ និងភេសជ្ជៈ ដែលតែងតែបង្កើតជម្រើសច្រើន និងនាំយកផលិតផលថ្មីប្លែកជូនដល់អតិថិជនជានិច្ច។ គិតមកដល់ពេលនេះ ក្រុមហ៊ុនមានផលិតផលល្បីៗជាច្រើនដូចជា ស្រាបៀរ កម្ពុជា ភេសជ្ជៈប៉ូវកម្លាំង វើក ទឹកក្រូចអាយស៍ និងទឹក បរិសុទ្ធ កម្ពុជា ដែលសុទ្ធតែជាផលិតផលល្បី និងទទួលបានការគាំទ្រជាខ្លាំងនៅលើទីផ្សារ ៕ ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner