ប្រតិភូបញ្ជាការដ្ឋានយោធាខេត្តដុងណាយអញ្ជើញសាកសួរសុខទុក្ខនិងជូនពរក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

កំពង់ធំ ៖ លោកវរសេនីយ៍ឯក វូ វ៉ាន់ឌៀន មេបញ្ជាការយោធាខេត្តដុងណាយ កងទ័ពប្រជាជនវៀតណាម បានដឹកនាំប្រតិភូអញ្ជើញមកសំណេះសំណាលសាកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីប្រពៃណីខ្មែរ នៅទីបញ្ជាការតំបន់ ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ នៅរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានធ្វើកិច្ចស្វាគមន៍ ប្រតិភូនៃបញ្ជាការដ្ឋានយោធាខេត្តដុងណាយ និង បានថ្លែងអំណរគុណចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ជាមួយបញ្ជាការដ្ឋានយោធាខេត្តដុងណាយ យោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម បានបញ្ជាក់ថាកន្លងមក បញ្ជាការដ្ឋានយោធាខេត្តដុងណាយ បានជួយកសាងអាគារស្នាក់នៅ អគារធ្វើការងារ បាន ២ខ្នង អគារគិលានដ្ឋាន សម្រាប់ព្យាបាលជំងឺជូនកងទ័ពនិងគ្រួសារកងទ័ព ១ខ្នង ឧបករណ៍ភ្លេងតន្ត្រីសម័យមួយសម្រាប់ និងបានជួយឧបត្ថម្ភគ្រឿងបរិក្ខាពេទ្យ សម្រាប់ការពារទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ជូនដល់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និង ក្រុមគ្រួសារសម្រាប់ប្រើប្រាស់ផងដែរ ។

លោកវរសេនីយ៍ឯក វូ វ៉ាន់ឌៀន បានកោតសរសើរអំពីការអភិវឌ្ឍន៍រីកចម្រើន យ៉ាងឆាប់រហ័សរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន និងអគុណតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានបន្តកិច្ចសហប្រតិបត្តិការល្អ ក្នុងនាមជាកងទ័ពនៃប្រទេសជិតខាង កម្ពុជានិងវៀតណាម និងបានសូមជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជូនដល់យោធិននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការ សឹករងកំពង់ធំ និងក្រុមគ្រួសារសូមទទួលបាននូវសេចកីសុខ សេចកី្តចម្រើន នឹងទទួលបានជោគជ័យគ្រប់ភារកិច្ច ដែលថ្នាក់ដឹកនាំនៃកងយោធពលខេមរភូមិន្ទ គ្រប់លំដាប់ថ្នាក់បានប្រគល់ជូននិងសូមឱ្យចំណងសាមគ្គីភាពសហប្រតិ បត្តិការ រវាងកម្ពុជានិងវៀតណាម ស្ថិតស្ថេរចីរកាល ។

ប្រតិភូនៃបញ្ជាការដ្ឋានយោធាខេត្តដុងណាយ បានឧបត្ថម្ភថវិកាជូនដល់ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងការរៀបចំកម្មវិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងការកែលម្អ សោភ័ណភាពក្នុងទីតាំងអង្គភាពផងដែរ ៕

ដោយ ប៊ុន រដ្ឋា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner