ចិនជំរុញឱ្យសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលីបោះបង់ចោលផ្នត់គំនិតសង្គ្រាមត្រជាក់

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក ចាវ លីជាន នៅថ្ងៃពុធនេះ បានជំរុញឱ្យសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អូស្ត្រាលី ប្រឈមមុខនឹងការចង់បានរបស់បណ្តាប្រទេសអាស៊ីប៉ាស៊ីហ្វិក គឺដើម្បីសន្តិភាព ការអភិវឌ្ឍន៍ កិច្ចសហប្រតិបត្តិការ និងលទ្ធផលឈ្នះ-ឈ្នះ ហើយបោះបង់ចោលផ្នត់គំនិតសង្គ្រាមត្រជាក់ និងបំពេញកាតព្វកិច្ចអន្តរជាតិរបស់ពួកគេដោយស្មោះត្រង់ និងធ្វើកិច្ចការជាច្រើនទៀតដែលរួមចំណែកដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។

លោក ចាវ លីជាន បានធ្វើការកត់សម្គាល់បែបនេះនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ បន្ទាប់ពីអាមេរិក អង់គ្លេស និងអូស្ត្រាលី សុទ្ធតែបាននិយាយថា ពួកគេកំពុងសហការគ្នាអភិវឌ្ឍអាវុធល្បឿនលឿនជាងសំឡេង ក្រោមកិច្ចព្រមព្រៀងសន្តិសុខត្រីភាគីថ្មីរបស់ពួកគេ ដែលត្រូវបានគេហៅថា AUKUS។ លោក ចាវ បាននិយាយថា ដោយកេងប្រវ័ញ្ចវិបត្តិអ៊ុយក្រែន និងប្រើប្រាស់លេសនៃការថែរក្សាសន្តិសុខ និងស្ថិរភាពក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនោះ AUKUS បានប្រកាសក្នុងលក្ខណៈកម្រិតខ្ពស់ថា អាមេរិក-អង់គ្លេសនឹងផ្តល់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរដល់ប្រទេសអូស្ត្រាលី ហើយប្រទេសចំនួនបីទៀតក៏នឹងសហការក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យាយោធាទំនើបៗ ដូចជាអាវុធល្បឿនលឿនជាងសំឡេងផងដែរ។

លោក ចាវ បន្ថែមថា វាមិនត្រឹមតែបង្កើនហានិភ័យនៃការរីកសាយភាយនុយក្លេអ៊ែរ និងនាំមកនូវការភ្ញាក់ផ្អើលដល់ប្រព័ន្ធមិនរីកសាយភាយអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនការប្រណាំងអាវុធ និងបំផ្លាញសន្តិភាព រួមទាំងស្ថិរភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ ដូច្នេះប្រទេសក្នុងតំបន់គួរតែមានការប្រុងប្រយ័ត្នខ្ពស់៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner