សហព័ន្ធជិះសេះប្រកួតវាស់ស្ទង់បច្ចេកទេសរត់ចម្ងាយឆ្ងាយរបស់ក្រុមជម្រើសជាតិ នៅខេត្តកំពង់ស្ពឺ

សហព័ន្ធកម្ពុជាបង្ហាត់ជិះសេះបានរៀបចំការប្រកួតវាស់ស្ទង់បច្ចេកទេសរបស់កីឡាករ កីឡាការិនីជម្រើសជាតិលើវិញ្ញាសារត់ចម្ងាយឆ្ងាយ៤០គីឡូម៉ែត្រ នៅភូមិដំណាក់ដំរី ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ ដើម្បីបង្កើនគុណភាពបច្ចេកទេសជម្រើសជាតិវ័យក្មេងត្រៀមឆ្ពោះប្រជែងមេដាយមាស ពីស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

គ្រូជម្រើសជាតិជិះសេះ លោក ហូយ សុផារិទ្ធ បញ្ជាក់ថា ការប្រកួតវិញ្ញាសារត់ចម្ងាយឆ្ងាយនេះរៀបចំរយៈពេល៣ថ្ងៃ ដោយសិទ្ធផលកីឡាករ កីឡាការិនីមានការកើនឡើងទាំងបច្ចេកទេស និងការបញ្ជាសេះ។ ក្នុងនោះក៏មានបញ្ហាប្រឈមខ្លះៗដែរ ដូចជាទីលាន ចំនួនសេះមានតិចតួច ប៉ុន្តែលោកស្រី ទេព ម៉ូណា ប្រធានសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះនៅតែបន្តជំរុញការហ្វឹកហាត់របស់ក្រុមជម្រើសជាតិ ដើម្បីសម្រួចគោលដៅ មេដាយមាស១គ្រឿង ក្នុងឋានៈម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា។

ក្រៅវិញ្ញាសានេះ សហព័ន្ធកម្ពុជាបង្ហាត់ជិះសេះក៏កំពុងសម្រួចបច្ចេកទេសរបស់ក្រុមជម្រើសជាតិលើវិញ្ញាសាជិះសេះផ្លោះរបារ នៅក្លិប CCC រាជធានីភ្នំពេញ ដូចគ្នាផងដែរ។ គ្រូជម្រើសជាតិរូបនេះ បន្ថែមថា នេះជាការប្រកួតវាស់ស្ទង់ លើកទី២ រៀងរាល់៦សប្តាហ៍ម្តង បន្ទាប់ពីបានហ្វឹកហាត់តាមកម្មវិធីយ៉ាងសកម្ម។ លោកជឿជាក់ថា តាមរយៈការកម្មវិធីហ្វឹកហាត់នេះ ក្រុមកីឡាករ កីឡាការិនីជិះសេះនឹងអាចបង្កើនបច្ចេកទេសបានល្អជាងនេះ ខណៈវិញ្ញាសាជិះសេះរត់ចម្ងាយឆ្ងាយនឹងត្រូវបង្កើនពីការហ្វឹកហាត់-ប្រកួតដំណាក់កាលដំបូងពី៤០គីឡូម៉ែ្រទៅ៦០ និង៨០គីឡូម៉ែត្រ តាមវិញ្ញាសាស៊ីហ្គេម។
លោក បន្ថែមថា ការហ្វឹកហាត់ក៏មានបញ្ហាប្រឈមច្រើនដែរ ដូចជាខ្វះសេះ និងទីលានប្រកួត ក៏មានផលលំបាកច្រើន ដោយសារកម្ពុជាមិនទាន់ទីលានស្តង់ដារត្រឹមត្រូវ នៅឡើយ ។

ការប្រកួតលើកទី២នេះ ជ័យលាភីលេខ១ ដណ្តើមបានដោយកីឡាករ ឌុន សុខន លេខ២ កីឡាករ លី សុវណ្ណ និងលេខ៣ កីឡាករ លី ម៉េងលាង។ កីឡាករ ឌុន សុខន និយាយថា ឆន្ទៈរបស់ខ្លួន គឺប្រឹងប្រែងអំណត់ការតស៊ូធ្វើយ៉ាងណាឲ្យគុណភាពបច្ចេកទេសជិះសេះកាន់តែមានលទ្ធផលល្អប្រសើរជាងនេះ ដើម្បីសម្រួចគោលដៅឆ្ពោះទៅស្វែងរកមេដាយមាស ក្នុងការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។ កីឡាករមានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំងរូបនេះសង្ឃឹមថា ជាមួយនឹងការខិតខំអស់ពីលទ្ធភាព និងប្រឈមក្នុងបញ្ហាលំបាកទាំងឡាយក្នុងពេលហ្វឹកហាត់នឹងជួយឲ្យខ្លួនឯង អាចសម្រេចនូវគោលបំណងថ្ងៃណាមួយជាក់ជាមិនខាន៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner