មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានអំពាវនាវដល់មន្រ្តីពាក់ព័ន្ធ ចូលរួមទប់ស្កាត់ និងបង្ក្រាបបទល្មើសនៃការចាប់ ដាក់អន្ទាក់ និងបទល្មើសនៃការជួញដូរសត្វព្រៃ

ខេត្តស្ទឹងត្រែង ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការនិងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថានបានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច ចូលរួមទប់ស្កាត់ និងបង្ក្រាបបទល្មើសនៃការចាប់ ដាក់អន្ទាក់ ប្រមាញ់ និងប្រមូលពងសត្វព្រៃគ្រប់ប្រភេទ និងបទល្មើសនៃការជួញដូរសត្វព្រៃ និងសំណាកសត្វព្រៃដើម្បីចូលរួមការពារនិងអភិរក្ស សត្វព្រៃនិងជីវៈចម្រុះគ្រប់ប្រភេទឱ្យបានគង់វង្សនិងរីកចម្រើន សម្រាប់បន្សល់ទុកដល់មនុស្សរាប់ជំនាន់ទៀត។

ការថ្លែងរបស់មន្រ្តីជាន់ខ្ពស់នៃក្រសួងបរិស្ថានបែបនេះបានធ្វើឡើងនាឱកាសបើកយុទ្ធនាការ អន្ទាក់សូន្យ ក្នុងខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី ០៧ ខែ មេសាឆ្នាំ ២០២២។ ឯកឧត្តម នេត្រ ភក្រ្តាបានថ្លែងថា បើយោងតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ បទល្មើសការចាប់ ដាក់អន្ទាក់ ប្រមាញ់ និងប្រមូលពងសត្វព្រៃគ្រប់ប្រភេទ និងបទល្មើសជួញដូរសត្វព្រៃ និងសំណាកសត្វព្រៃ ត្រូវប្រឈមមុខនឹងការផ្តន្ទាទោសដោយច្បាប់។

ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងបន្ថែមថា «យុទ្ធនាការអន្ទាក់សូន្យ» នៅក្នុងខេត្តស្ទឹងត្រែងនាពេលមានរយៈពេលមួយខែ ដែលនឹងដឹកនាំធ្វើក្រោមកិច្ចសហការរវាងមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង និងអង្គការមូលនិធិសកលសម្រាប់ធម្មជាតិ WWF ធ្វើឡើងក្នុងក្របខណ្ឌនៃយុទ្ធនាការអន្ទាក់សូន្យរយៈពេល ៦ ខែ ក្នុងខេត្តចំនួន ៦ ក្នុងភូមិសាស្ត្រភាគខាងកើតទន្លេមេគង្គ រួមមានខេត្តស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី រតនគិរី ព្រះវិហារ និងកំពង់ធំ ផ្តួចផ្តើមនិងដឹកនាំធ្វើដោយក្រសួងបរិស្ថាន និងអង្គការដៃគូ ដែលសហការក្នុងការងារអភិរក្ស។

គោលបំណងសំខាន់នៃយុទ្ធនាការអន្ទាក់សូន្យនេះ គឺដើម្បីបញ្ឈប់ការដាក់អន្ទាក់គ្រប់ប្រភេទ និងបញ្ឈប់ការបរបាញ់សត្វព្រៃដោយខុសច្បាប់ នៅក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា ធ្វើឱ្យព្រៃធម្មជាតិកាន់តែមានសុវត្ថិភាពសម្រាប់សត្វព្រៃ និងជីវៈចម្រុះផ្សេងទៀតធ្វើជាជម្រកសម្រាប់រស់ន និងមានលទ្ធភាពគ្រប់គ្រាន់ដើម្បីបន្តពូជបង្កើតកូនពូនជាចៅរាប់ជំនាន់ទៅមុខទៀត។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងបានឱ្យដឹងថា តាមរយៈការផ្សព្វផ្សាយនេះ ឯកឧត្តម សង្ឃឹមថា ប្រជាពលរដ្ឋនឹងយល់ជ្រួតជ្រាបពីតម្លៃសត្វព្រៃ ហើយពួកគាត់នឹងបញ្ឈប់ការកាប់សម្លាប់សត្វព្រៃ ហើយនឹងងាកមកចូលរួមថែរក្សាសត្វព្រៃដែលមានតម្លៃមហាសាលមិនអាចកាត់ថ្លៃនេះវិញ។

ឯកឧត្តមមានប្រសាសន៍ថា”ក្នុងឆ្នាំកន្លងមក ខេត្តស្ទឹងត្រែង ដោយមានការគាំទ្រពីក្រសួងបរិស្ថាន ក៏ បានរៀបចំពិធីដុតបំផ្លាញនូវអាវុធ និងឧបករណ៍កែច្នៃខុសច្បាប់ ដែលផ្នែកមានសមត្ថកិច្ច ប្រមូល និងដកហូតបានរួមមានអាវុធកែច្នៃ ចំនួន ៩៧ដើម អន្ទាក់ ចំនួន ២.៥៦២ខ្សែ មង ទាក់សត្វព្រៃ ចំនួន ១២៧ត្បូង ស្មើនឹង៦.៧៥០ម៉ែត្រ និងឧបករណ៍ឆក់ត្រី ៣៣គ្រឿង។ ក្នុងពេលចំពោះមុខក៏នឹងត្រូវបន្តអនុវត្តវិធានការនេះឱ្យកាន់តែមុតស្រួចបន្ថែមទៀត”។

លោក សេង ទៀក ប្រធានអង្គការមូលនិធិសកលសម្រាប់ធម្មជាតិ ឬហៅថាWWFបានបញ្ជាក់ឱ្យដឹងដែរថា ក្នុងមួយឆ្នាំៗអន្ទាក់ដែលត្រូវបានក្រុមព្រានដាក់មានការកើនឡើងជាបន្ទបន្ទាប់។សម្រាប់ក្នុងឆ្នាំ ២០២១កន្លងមកគេប្រមូលបានអន្ទាក់១២០៥០អន្ទាក់ ហើយបើប្រៀបធៀបឆ្នាំកន្លងមកមានការកើនឡើងទ្វេរដង ។សម្រាប់ក្នុងចំណោមអន្ទាក់ដែលបង្កគ្រោះថ្នាក់ជាងគេគឺអន្ទាក់ឆក់បានកើនឡើងគួរឱ្យព្រួយបារម្ភផងដែរ។

គួររំលឹកថាបើតាមការបញ្ជាក់ពីសំណាក់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថានបានឱ្យដឹងដែរថា នៅក្នុងការអនុវត្តច្បាប់របស់ក្រសួងបរិស្ថានទប់ស្កាត់បទល្មើសធនធានធម្មជាតិ បទល្មើសត្វព្រៃ នៅក្នុងឆ្នាំ ២០២១កន្លងទៅ ក្រសួងបរិស្ថាន និងស្ថាប័នអង្គការដៃគូរបស់ខ្លួនបានដកអន្ទាក់សរុបចំនួន ៦១.៦១១ អន្ទាក់ ចេញពីតំបន់ការពារធម្មជាតិចំនួន ៧៣ និងច្រករបៀងជីវចម្រុះចំនួន ៣ ក្នុងប្រទេសកម្ពុជា។

ជាមធ្យម ក្នុងមួយឆ្នាំមានអន្ទាក់សរុបចំនួនប្រមាណជាង ៤០.០០០ ត្រូវបានដកចេញពីតំបន់ការពារធម្មជាតិទាំងនេះ។ កាលពីឆ្នាំ ២០២១ កន្លងទៅ ក្រុមសង្គ្រោះសត្វព្រៃបន្ទាន់ដែលជាអង្គភាពចម្រុះ បានចុះប្រតិបត្តិការក្នុងការបង្ក្រាបការជួញដូរសត្វព្រៃ ចំនួន ៦២៥ លើក សង្គ្រោះសត្វព្រៃបាន ១២៧១ ក្បាល រឹបអូសសាច់សត្វព្រៃចំនួន ៣៦០៩ក្បាល និងរឹបអូសសាច់សត្វព្រៃគ្រប់ប្រភេទចំនួន ៣៥៤ គីឡូក្រាម បញ្ជូនសំណុំរឿងចំនួន ១១ ទៅតុលាការ និងបានដោះលែងសត្វព្រៃចូលទៅព្រៃធម្មជាតិវិញចំនួន ៨៦៤ ក្បាល។

ជាមួយគ្នា ឯកឧត្ហម រដ្ឋលេខាធិការបានឱ្យដឹងបន្ថែមថាសម្រាប់ខេត្តស្ទឹងត្រែង បើយោងតាមរបាយការណ៍របស់មន្ទីរបរិស្ថានខេត្ត មន្ទីរបរិស្ថានដែលគ្រប់គ្រងអភិរក្សតំបន់ការពារធម្មជាតិចំនួន ៦ ដែលមានផ្ទៃដីសរុបទំហំ ៨២៤ ៣៥៤0,៧៣ ហិកតា និងមានឧទ្យានុរក្សចំនួន៦១នាក់ ស្រី០៦នាក់បានបង្ក្រាបបទល្មើសបានចំនួន ៣៥៩ ករណីពីដើមឆ្នាំ២០២១ ដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ ២០២២ ក្នុងនោះបានដកហូតអន្ទាក់បាន ចំនួន១.២៥២ ខ្សែ ជុងទាក់សត្វចំនួន៩០កង ម៉ងទាក់សត្វចំនួន ៣៤ ត្បូង ធ្នាក់ទាក់សត្វលលកចំនួន០១ លុបទាក់សត្វ ចំនួន០១ បណ្តឹងទាក់សត្វចំនួន២៥ ខ្សែ អង្គប់ដាក់សត្វចំនួន ៦០អង្គប់ អាវុធអាកាចំនួន០១ដើម កាំភ្លើងកែច្នៃចំនួន ៥២ដើម ស្នាតេះចំនួន១១ដើម ចំពាមកៅស៊ូចំនួន០៣ ៕ ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner