សហរដ្ឋអាមេរិក នឹងផ្តល់ប្រព័ន្ធមីស៊ីលប្រឆាំងរថក្រោះបន្ថែមទៀត ដល់អ៊ុយក្រែន

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកនៅថ្ងៃអង្គារប្រកាសថា ខ្លួននឹងបញ្ជូនប្រព័ន្ធមីស៊ីលប្រឆាំងរថក្រោះបន្ថែមទៀតទៅកាន់ប្រទេសអ៊ុយក្រែន។ ទន្ទឹមគ្នា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន បាននិយាយថា ប្រទេសរបស់លោកនឹងផ្គត់ផ្គង់ទីក្រុងកៀវ នូវទឹកប្រាក់ចំនួន ១០០លានដុល្លារបន្ថែមទៀតសម្រាប់ប្រព័ន្ធប្រឆាំងរថពាសដែក។

លោក ប្លីងគែន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្ញុំបានអនុញ្ញាតឱ្យដកភ្លាមៗនូវជំនួយសន្តិសុខដែលមានទឹកប្រាក់ ១០០លានដុល្លារ ដើម្បីបំពេញតម្រូវការបន្ទាន់របស់អ៊ុយក្រែន សម្រាប់ប្រព័ន្ធប្រឆាំងរថពាសដែកបន្ថែម។ បើតាមលោក ប្លីងគែន ការផ្តល់មូលនិធិបន្ថែមនេះ នាំឱ្យចំនួនសរុបនៃជំនួយសន្តិសុខរបស់សហរដ្ឋអាមេរិកដល់អ៊ុយក្រែន គិតចាប់តាំងពីការចាប់ផ្តើមយុទ្ធនាការយោធារុស្ស៊ីនៅចុងខែកុម្ភៈ កើនឡើងដល់ជាង ១.៧ពាន់លានដុល្លារហើយ។ ជាមួយគ្នានោះ ប្រមុខការទូតអាមេរិករូបនេះបានសង្កត់ធ្ងន់ថា ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្ត នឹងបន្តពង្រឹងជំហររបស់អ៊ុយក្រែន ទាំងនៅលើសមរភូមិ និងនៅលើតុចរចា។

សេចក្តីថ្លែងការណ៍របស់លោក ប្លីងគែន បានធ្វើឡើងបន្ទាប់ពីអ៊ុយក្រែនបានចោទប្រកាន់រុស្ស៊ីពីបទឧក្រិដ្ឋកម្មសង្រ្គាមនៅក្នុងទីក្រុងប៊ូឆា ភាគពាយព្យនៃរដ្ឋធានីកៀវ បន្ទាប់ពីទាហានរុស្ស៊ីបានដកខ្លួនចេញពីតំបន់នេះកាលពីសប្តាហ៍មុន។

ទោះជាយ៉ាងណា រុស្ស៊ីបានបដិសេធការចោទប្រកាន់នេះ ហើយនិយាយថា អ៊ុយក្រែន និងអ្នកគាំទ្របរទេសរបស់ខ្លួនកំពុងធ្វើយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិតប្រឆាំងនឹងប្រតិបត្តិការយោធារបស់ខ្លួន៕ ប្រភព៖ RT ប្រែសម្រួល៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner