សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មជុំថ្មីប្រឆាំងនឹងរុស្ស៊ី ជុំវិញអំពើឃោរឃៅនៅទីក្រុងប៊ូឆា

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកនៅថ្ងៃពុធប្រកាសដាក់ទណ្ឌកម្មបន្ថែមទៀតប្រឆាំងនឹងស្ថាប័នហិរញ្ញវត្ថុសំខាន់ៗរបស់រុស្ស៊ី ជុំវិញការសម្លាប់ជនស៊ីវិលយ៉ាងរង្គាលនៅជិតរដ្ឋធានីកៀវ របស់អ៊ុយក្រែន។

ទណ្ឌកម្មថ្មីនេះ នឹងហាមឃាត់ពលរដ្ឋ ឬក្រុមហ៊ុនអាមេរិកពីការរកស៊ីជាមួយស្ថាប័នហិរញ្ញវត្ថុរុស្ស៊ី ក្នុងនោះរួមមាន Sberbank និង Alfa Bank។ ធនាគារ Sberbank គឺជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេរបស់ប្រទេសរុស្ស៊ី ខណៈដែលធនាគារ Alfa Bank គឺជាធនាគារធំជាងគេទីបួន និងជាធនាគារឯកជនធំបំផុតរបស់រុស្ស៊ី។ តាមរយៈទណ្ឌកម្មថ្មីនេះត្រូវបានគេរំពឹងថា នឹងហាមប្រាមប្រតិបត្តិការរបស់សហរដ្ឋអាមេរិកជាមួយនឹងពីរភាគបីនៃវិស័យធនាគាររបស់រុស្ស៊ី។

បើតាមសេតវិមាន ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ក៏នឹងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដើម្បីហាមឃាត់ការវិនិយោគថ្មីនៅក្នុងប្រទេសរុស្ស៊ីដោយពលរដ្ឋអាមេរិកផងដែរ ក្នុងគោលបំណងធ្វើឱ្យរុស្ស៊ីកាន់តែឯកោពីសេដ្ឋកិច្ចពិភពលោក។

បន្ថែមលើនេះ សហរដ្ឋអាមេរិកក៏នឹងបង្កកទ្រព្យសម្បត្តិទាំងអស់ដែលកាន់កាប់ដោយកូនស្រីបង្កើតរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន, អតីតប្រធានាធិបតីរុស្ស៊ីលោក ឌីមីទ្រី ម៉េដវ៉េដេវ, ភរិយា និងកូនស្រីរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គៃ ឡារូវ និងឥស្សរជនរុស្ស៊ីផ្សេងទៀតរួមទាំងសមាជិកគ្រួសាររបស់ពួកគេផងដែរ៕ ប្រភព៖ NHK ប្រែសម្រួល៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner