លោក ហ្សេលេនស្គី អះអាងជាថ្មីថា ការចរចាជាមួយរុស្ស៊ីនឹងនៅតែបន្តបើទោះបីជាមានអំពើឃោរឃៅ របស់យោធារុស្ស៊ី

កៀវ ៖ ទីភ្នាក់ងារសារព័ត៌មាន Ukrinform បានរាយការណ៍នៅថ្ងៃពុធថា ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអះអាងសាជាថ្មីថា កិច្ចពិភាក្សារវាងអ៊ុយក្រែន-រុស្ស៊ីនឹងនៅតែបន្តដដែល បើទោះបីជាមានភស្តុតាងនៃអំពើឃោរឃៅធ្វើឡើងដោយយោធារុស្ស៊ីក៏ដោយ។

លោក ហ្សេលេនស្គី ត្រូវបានដកស្រង់សម្តីនៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ Haberturk របស់ប្រទេសតួកគីថា ក្នុងករណីណាក៏ដោយ យើងត្រូវតែស្វែងរកសូម្បីតែមានឱកាសតិចតួចសម្រាប់ដំណើរការចរចា។ បើគ្មានការចរចាទេនោះ ខ្ញុំគិតថា វាពិបាកក្នុងការបញ្ចប់សង្រ្គាម។ បន្ថែមលើនេះ លោក ហ្សេលេនស្គី បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃបេសកកម្មសម្រុះសម្រួល នៃបណ្តាប្រទេសផ្សេងទៀត រួមទាំងតួកគីផងដែរនៅក្នុងកិច្ចពិភាក្សា។

គួរបញ្ជាក់ថា យ៉ាងហោចណាស់មនុស្ស ២៨០នាក់ រួមទាំងកុមារត្រូវគេរកឃើញបានស្លាប់នៅក្នុងទីក្រុងប៊ូឆា មានចម្ងាយប្រហែល ២៨គីឡូម៉ែត្រភាគពាយព្យរដ្ឋធានីកៀវ បន្ទាប់ពីកងទ័ពអ៊ុយក្រែនបានដណ្តើមកាន់កាប់ទីក្រុងនេះមកវិញពីកណ្តាប់ដៃយោធារុស្ស៊ី។
ទន្ទឹមគ្នា លោក ហ្សេលេនស្គី បានហៅការសម្លាប់ជនស៊ីវិលយ៉ាងរង្គាលនៅទីក្រុងប៊ូឆា ថា ជា “ឧក្រិដ្ឋកម្មសង្គ្រាម”។

ទោះជាយ៉ាងណាក៏ដោយ ក្រសួងការពារជាតិរុស្ស៊ីកាលពីថ្ងៃអាទិត្យបានចេញមុខច្រានចោលការចោទប្រកាន់របស់អ៊ុយក្រែនខាងលើនេះ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner