អង្គការណាតូព្រមានថា រុស្ស៊ីកំពុងប្រមូលផ្តុំទ័ពជាថ្មី ដើម្បីព្យាយាមដណ្តើមកាន់កាប់តំបន់ដុនបាស់ របស់អ៊ុយក្រែន

ព្រុចសែល ៖ អគ្គលេខាធិការអង្គការណាតូលោក ជេនស៍ ស្តូថែនប៊ឺគ នៅថ្ងៃអង្គារបញ្ជាក់ថា រុស្ស៊ីទំនងជានឹងបើកការវាយលុកថ្មីមួយនៅក្នុងតំបន់ ដុនបាស់ ភាគខាងកើតនៃប្រទេសអ៊ុយក្រែន ក្នុងប៉ុន្មានសប្តាហ៍ខាងមុខទៀតនេះ ហើយថា សម្ព័ន្ធមិត្តនៅមានពេលវេលាដើម្បីជួយរៀបចំយោធាអ៊ុយក្រែន។

ថ្លែងមួយថ្ងៃមុនពេលរដ្ឋមន្ត្រីការបរទេសណាតូប្រមូលផ្តុំគ្នានៅទីក្រុងព្រុចសែល ដើម្បីពិភាក្សាអំពីការគាំទ្រផ្នែកហិរញ្ញវត្ថុ, យោធា និងមនុស្សធម៌បន្ថែមទៀតសម្រាប់អ៊ុយក្រែន លោក ស្តូថែនប៊ឺគ បាននិយាយថា រុស្ស៊ីកំពុងរៀបចំផែនការប្រមូលផ្តុំវាយលុកដ៏ខ្លាំងក្លាមួយ។ លោក ស្តូថែនប៊ឺគ បានប្រាប់ក្នុងសន្និសីទសារព័ត៌មានមួយថា ឥឡូវនេះ យើងឃើញចលនាដ៏សំខាន់នៃកងទ័ព (រុស្ស៊ី) នៅឆ្ងាយពីទីក្រុងកៀវ ដើម្បីប្រមូលផ្តុំគ្នាឡើងវិញ, អាវុធឡើងវិញ និងការផ្គត់ផ្គង់គ្រឿងបរិក្ខាយោធូបករណ៍ឡើងវិញ ហើយផ្លាស់ប្តូរចំណាប់អារម្មណ៍របស់ពួកគេទៅភាគខាងកើតវិញ។

លោកបាននិយាយមុនពេលកិច្ចប្រជុំកាលពីថ្ងៃពុធរបស់រដ្ឋមន្ត្រីការបរទេសណាតូថា នៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ យើងរំពឹងថា នឹងមានការលុកលុយរបស់រុស្ស៊ីបន្ថែមទៀតនៅភាគខាងកើត និងភាគខាងត្បូងអ៊ុយក្រែន ដើម្បីព្យាយាមដណ្តើមកាន់កាប់តំបន់ ដុនបាស់ទាំងមូល និងដើម្បីបង្កើតជាស្ពានឈានទៅកាន់កាប់នៅតំបន់ឧបទ្វីបគ្រីមៀ។

ការអត្ថាធិប្បាយរបស់លោក ស្តូថែនប៊ឺគ ហាក់ដូចជាបញ្ជាក់ឡើងវិញពីសេចក្តីប្រកាសរបស់ទីក្រុងម៉ូស្គូកាលពីចុងខែមីនាកន្លងទៅថា ខ្លួនកំពុងផ្តោតលើការរំដោះទាំងស្រុងនៃតំបន់ដុនបាស់ ដែលជាទីតាំងឧស្សាហកម្មមួយផ្នែកនៅក្រោមការគ្រប់គ្រងរបស់ពួកផ្តាច់ខ្លួនដែលគាំទ្រដោយរុស្ស៊ីចាប់តាំងពីឆ្នាំ ២០១៤៕ ប្រភព៖ CNA ប្រែសម្រួល៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner