ក្រុមបាល់ទាត់បុរសនារី២០ក្រុម នៅស្រុកខ្សាច់កណ្តាល ចូលរួមប្រជែងពានរង្វាន់ឯកឧត្តម អគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន
ក្រុមបាល់ទាត់យុវជនបុរសនិងនារីស្ថិតនៅក្នុងស្រុកខ្សាច់កណ្តាលចំនួន២០ក្រុម បានចូលរួមប្រជែងក្នុងពានរង្វាន់ ឯកឧត្តម អគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលប្រចាំខេត្តកណ្តាល ។
ពិធីបើកការប្រកួតនេះ ក្រោមវត្តមាន ឯកឧត្តម កៅ ថាច អនុប្រធានក្រុមការងារថ្នាក់កណ្តាល ប្រចាំស្រុកខ្សាច់កណ្តាល ជាប្រធានចលនាយុវជនស្រុក នៅទីលានបាល់ទាត់ 7NG ស្ថិតក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២។
លោក ប៊ុន ផេង អភិបាល នៃគណៈអភិបាលស្រុកខ្សាច់កណ្តាល បានបញ្ជាក់ឲ្យដឹងថា ការប្រកួតនេះ មានក្រុមបាល់ទាត់បុរស និងនារី ចំនួន២០ក្រុមចូលរួម មកពី១៨ឃុំ ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
លោក អភិបាល បានគូបញ្ជាក់ថា ការប្រកួតចាប់ដំណើរការពីថ្ងៃទី៧ ខែមេសា រហូតដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ ។ លោក អះអាងថា ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ ឯកឧត្តម អគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រចាំស្រុកខ្សាច់កណ្តាល ឆ្នាំ២០២២ រៀបចំឡើង ក្នុងគោលបំណងផ្តល់ឱកាសឲ្យយុវជនបានចូលរួមប្រកួតប្រជែងបញ្ចេញសមត្ថភាព និងឲ្យយុវជនងាកមកលេងកីឡា ដើម្បីសុខភាព បញ្ជៀសយុវជនឲ្យជៀសឆ្ងាយពីគ្រឿងញៀន និងអំពើរឧបាយមុខដែលសង្គមស្អប់ខ្ពើម។
ឯកឧត្តម កៅ ថាច បានមាសប្រសាសន៍ថា ការប្រកួតធ្វើឡើង ដើម្បីចំរាញ់ជ្រើសរើសកីឡាករឆ្នើមប្រចាំស្រុកខ្សាច់កណ្តាល ត្រៀមចូលរួមប្រកួតពានរង្វាន់ ឯកឧត្តម អគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដែលមានស្រុកចូលរួមចំនួន៣ គឺ ស្រុកកៀនស្វាយ ស្រុកល្វាឯម និងស្រុកខ្សាច់កណ្តាល បន្ទាប់ពីបញ្ចប់ពានរង្វាន់ជម្រុះតាមស្រុកទាំង៣ ។
ជាមួយគ្នានោះដែរ ឯកឧត្តម ក៏បានសូមណូមពរ ដល់ប្រតិភូ និងកីឡាករ កីឡាការិនីទាំងអស់សូមគោរពនូវបទបញ្ជាបច្ចេកក្រមសិល៍ធម៌ល្អ ក្នុងការប្រកួត ដោយបញ្ចេញឲ្យអស់ពីសមត្ថភាព ដើម្បីដណ្តើមជ័យជំនះជូនក្រុមខ្លួន ហើយ បើទោះជាចាញ់ក៏យើងទទួលបានមកវិញ នូវសុខភាពផ្លូវកាយ ផ្លូវចិត្ត សាមគ្គីភាព មិត្តភាព ជម្រុញសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមជាតិ ជាពិសេសរួមចំណែកកាត់បន្ថយភាពអសកម្មផ្សេងៗក្នុងសង្គមទៀតផង ។ ទន្ទឹមជាមួយគ្នានេះដែរ ឯកឧត្តម បានក្រើនរំដល់ដល់អាជ្ញាកណ្តាល កាត់សេចក្តី សូមរក្សាឲ្យបាននូវភាពសុក្រឹតយុត្តិធម៌ មិនលម្អង ដើម្បីចំរាញ់បានកីឡាករ កីឡាការិនីល្អប្រចាំស្រុក។
សូមបញ្ជាក់ថា ពានរង្វាន់ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រចាំស្រុកខ្សាច់កណ្តាល ប្រចាំឆ្នាំ២០២២នេះ ក្រុមដែលដណ្តើមជ័យលាភី ចំណាត់ថ្នាក់លេខ១ ទទួលបាន៨លានរៀល ចំណាត់លេខ២ ៦លានរៀល ចំណាត់លេខ៣ ៤លានរៀន ៕អត្ថបទ៖ ជាវ ចន្ធូ