ការធ្វើឱ្យហិរញ្ញវត្ថុទៅជាអាវុធ៖ របៀបដែលលោកខាងលិចឡោមព័ទ្ធសេដ្ឋកិច្ចរុស្ស៊ី
នៅថ្ងៃទីបីនៃការលុកលុយរបស់រុស្ស៊ីទៅលើអ៊ុយក្រែន ប្រធានគណៈកម្មការអឺរ៉ុបលោកស្រីអ៊ឺស៊ូឡា វ៉ុន ឌែរ ឡេយែនបានចំណាយពេលពេញមួយថ្ងៃនោះនៅក្នុងប៊ុយរ៉ូរបស់លោកស្រីនិយាយទូរស័ព្ទ ដើម្បីស្វែងរកចំណុចមូលមតិគ្នាក្នុងចំណោមរដ្ឋាភិបាលលោកខាងលិចអំពីការដាក់ទណ្ឌកម្មហិរញ្ញវត្ថុ និងសេដ្ឋកិច្ច ដ៏ទូលំទូលាយ និងធ្ងន់ធ្ងរបំផុតដែលបានដាក់លើសត្រូវ។ ប៉ុន្តែក្នុងដំណើរការនេះលោកស្រីបានជួបឧបសគ្គមួយ។
កិច្ចព្រមព្រៀងជិតឈានដល់ ប៉ុន្តែនៅក្រុងវ៉ាស៊ីនតោន រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិកលោកស្រីចាណេត យ៉ែឡេន គឺនៅពិនិត្យលើសេចក្ដីលម្អិតលើវិធានការធ្ងន់ធ្ងរបំផុត គឺការដាក់ទណ្ឌកម្មដោយផ្ទាល់លើធនាគារកណ្ដាលរុស្ស៊ី។ សហរដ្ឋអាមេរិកគឺជាកម្លាំងជំរុញចម្បងក្នុងការដាក់ទណ្ឌកម្មលើរុស្ស៊ី ប៉ុន្តែហាក់ដូចជាមានភាពស្ទាក់ស្ទើរលើវិធានការនេះ។ ខណៈពេលដែលលោកស្រីយ៉ែឡេនពិនិត្យលើព័ត៌មានលម្អិត ភាគីសហភាពអឺរ៉ុបព្រួយបារម្ភយ៉ាងខ្លាំងថាផែនការនេះនឹងអាចបែកធ្លាយទៅរុស្ស៊ី ហើយព្យាយាមជំរុញឱ្យមានការអនុវត្តឱ្យបានឆាប់បំផុត។ មន្ត្រីសហភាពអឺរ៉ុបមួយចំនួនបានបង្ហាញការព្រួយបារម្ភអំពីការពន្យារពេលនេះ។
លោកស្រីវ៉ុន ឌែរ ឡេយែនបានធ្វើការហៅទូរស័ព្ទទៅកាន់នាយករដ្ឋមន្ត្រីអ៊ីតាលីលោកម៉ារីអូ ដ្រាហ្គីដើម្បីជំរុញឱ្យលោកធ្វើការបញ្ចុះបញ្ចូល និងពន្យល់លោកស្រីយ៉ែឡេនដោយផ្ទាល់។ លោកដ្រាហ្គី បានប្រើប្រាស់ «វេទមន្ត» របស់លោកទៅលើលោកស្រីយ៉ែឡេន ហើយនៅល្ងាចនោះអាមេរិកបានយល់ព្រមលើការដាក់ទណ្ឌកម្ម។
លោកស្រីយ៉ែឡេន ដែលជាអតីតប្រធានក្រុមប្រឹក្សាភិបាលធនាគារកណ្ដាលអាមេរិក និងលោកដ្រាហ្គី ដែលជាអតីតប្រធានធនាគារកណ្ដាលអឺរ៉ុប គឺជាមន្ត្រីជើងចាស់ ដែលដឹងយ៉ាងច្បាស់អំពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃវិបត្តិសេដ្ឋកិច្ច។
ពួកគេមានបទពិសោធន៍ស្ដារសេដ្ឋកិច្ច ហើយផ្ដល់ភាពស្ងប់ និងស្ថិរភាពដល់ទីផ្សារហិរញ្ញវត្ថុកំពុងមានភាពភ័យស្លន់ស្លោ។ ប៉ុន្តែក្នុងករណីនេះ លោកស្រីយ៉ែឡេន និងលោកដ្រាហ្គី បានយល់ព្រមលើផែនការបង្កស្តុកបម្រុងរូបិយប័ណ្ណបរទេសរបស់ធនាគារកណ្ដាលរុស្ស៊ីស្មើនឹង ៦៤៣ ពាន់លានដុល្លារ ដែលស្មើនឹងការប្រកាសសង្គ្រាមហិរញ្ញវត្ថុជាមួយនឹងរុស្ស៊ី។
នេះគឺជាប្រភេទសង្គ្រាមថ្មីបំផុត ដែលធ្វើឱ្យដុល្លារអាមេរិក និងរូបិយប័ណ្ណលោកខាងលិចដទៃទៀតឱ្យក្លាយជាអាវុធ ដើម្បីដាក់ទណ្ឌកម្មលើសត្រូវរបស់ពួកគេ។ វាគឺជាវិធីសាស្ត្រជម្លោះថ្មីមួយ ដែលត្រូវបង្កើតឡើងក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ។ ប្រជាជនអាមេរិកមានភាពធុញទ្រាន់ចំពោះអន្តរាគមន៍យោធា និងអ្វីដែលគេហៅថា «សង្គ្រាមគ្មានទីបញ្ចប់»។ បច្ចុប្បន្នសង្គ្រាមហិរញ្ញវត្ថុបានបំពេញចន្លោះប្រហោងមួយផ្នែកនៃការជៀសវាងសង្គ្រាមប្រដាប់អាវុធ។ នៅករណីគ្មានជម្រើសយោធា ឬការទូតច្បាស់លាស់ ការដាក់ទណ្ឌកម្ម ជាពិសេសទណ្ឌកម្ម បានក្លាយជាជម្រើសចម្បងនៃគោលនយោបាយសន្តិសុខ។
ការធ្វើឱ្យហិរញ្ញវត្ថុក្លាយជាអាវុធ មានផលប៉ះពាល់យ៉ាងជ្រាលជ្រៅចំពោះអនាគតនៃនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ។ ការសន្មតជាច្រើនក្នុងយុគសម័យក្រោយសង្គ្រាមត្រជាក់ត្រូវបានគេចាត់ទុកជាមោឃៈ។ សកលភាវូបនីយកម្ម ធ្លាប់ត្រូវបានគេគាំទ្រជារនាំងបង្ការមិនឱ្យមានជម្លោះ ដោយរំពឹងថាបណ្ដាញនៃភាពអាស្រ័យលើគ្នាទៅវិញទៅមក នឹងធ្វើឱ្យសត្រូវប្រែជាមិត្ត។ ផ្ទុយទៅវិញ វាបានក្លាយជាសមរភូមិថ្មីទៅវិញ។
ប្រភេទសង្គ្រាមនេះ មានកំណើតបន្ទាប់ពីការវាយប្រហារលើអគារភ្លោះមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០០១។ កាលនោះប្រធានាធិបតីចច ប៊ូសបានប្ដេជ្ញា «បង្អត់ប្រាក់ពីក្រុមភេរវករ» ហើយបានជំរុញសភាអាមេរិកអនុម័តច្បាប់ដើម្បីបង្កើតវិធានការដាក់ទណ្ឌកម្មហិរញ្ញវត្ថុ។ វិធានការទណ្ឌកម្មហិរញ្ញវត្ថុត្រូវបានអនុវត្តលើស្ថាប័នហិរញ្ញវត្ថុណាមួយដែលពាក់ព័ន្ធនឹងការផ្គត់ផ្គង់ថវិកាឱ្យក្រុមភេរវករ។
ដោយចៃដន្យប្រទេសដែលអាមេរិកគំរាមដាក់ទណ្ឌកម្មហិរញ្ញវត្ថុមុនគេគឺប្រទេសអ៊ុយក្រែន ដោយកាលពីឆ្នាំ ២០០២ សហរដ្ឋអាមេរិកបានព្រមានថាប្រព័ន្ធហិរញ្ញវត្ថុអ៊ុយក្រែនគឺពោរពេញទៅដោយឧក្រិដ្ឋកម្មលាងលុយកង្វក់។ ក្រោមសម្ពាធនេះ អ៊ុយក្រែនបានអនុម័តច្បាប់ប្រឆាំងការលាងលុយកង្វក់។
បន្ទាប់ពីប្រើប្រាស់វិធានការទណ្ឌកម្មពាណិជ្ជកម្មស្ទើរតែគ្រប់មុខ ហើយនៅតែគិតថាវាមិនគ្រប់គ្រាន់ទៀត រដ្ឋបាលលោកប៊ូសបានអនុវត្តិទណ្ឌកម្មហិរញ្ញវត្ថុដំបូងគេលើប្រទេសអ៊ីរ៉ង់។ លោកប្រធានាធិបតីប៉ារ៉ាក់ អូបាម៉ា បានបន្តការដាក់ទណ្ឌកម្មហិរញ្ញវត្ថុលើអ៊ីរ៉ង់ ដោយចាត់វិធានការចុងក្រោយក្នុងការដាក់ទណ្ឌកម្មលើធនាគារកណ្ដាលអ៊ីរ៉ង់។ ក្រោមសម្ពាធនេះអ៊ីរ៉ង់បានចរចាជាមួយមហាអំណាចពិភពលោកដើម្បីដកទណ្ឌកម្មទាំងនេះ ជាថ្នូរនឹងការដាក់កម្រិតលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន
ប្រសិទ្ធភាពនៃទណ្ឌកម្មហិរញ្ញវត្ថុនេះ គឺកើតចេញពីវត្តមានគ្រប់ទិសទីនៃប្រាក់ដុល្លារអាមេរិក។ វាគឺជារូបិយប័ណ្ណប្រើប្រាស់ច្រើនជាងក្នុងពិភពលោក សម្រាប់ប្រតិបត្តិការពាណិជ្ជកម្ម និងហិរញ្ញវត្ថុអន្តរជាតិ ដែលជាញឹកញាប់ត្រូវឆ្លងកាត់បណ្ដាញធនាគារអាមេរិក។ ទីផ្សារមូលធនរបស់អាមេរិកគឺធំជាងក្នុងពិភពលោក ហើយមូលបត្របំណុលរបស់ខ្លួនបានដើរតួជាឧបករណ៍ធានាសេដ្ឋកិច្ចពិភពលោក។
ជាលទ្ធផល វាពិបាកណាស់សម្រាប់ធនាគារកណ្ដាល ស្ថាប័នហិរញ្ញវត្ថុ និងក្រុមហ៊ុនបន្តដំណើរការបាន ប្រសិនបើពួកគេត្រូវបានកាត់ផ្ដាច់ពីដុល្លារអាមេរិក និងប្រព័ន្ធហិរញ្ញវត្ថុអាមេរិក។ បន្ថែមពីលើប្រាក់ដុល្លារ ការកាត់ផ្ដាច់ប្រាក់អឺរ៉ូ ប្រាក់ផោនអង់គ្លេស ប្រាក់យេនជប៉ុន ប្រាក់ហ្វ្រង់ស្វីស គឺនឹងធ្វើឱ្យទណ្ឌកម្មកាន់តែមានផលប៉ះពាល់។
ការដាក់ទណ្ឌកម្មលើធនាគារកណ្ដាលរបស់រុស្ស៊ីគឺជាលើកទីមួយហើយដែលអាវុធនេះត្រូវបានប្រើប្រាស់ប្រឆាំងនឹងសេដ្ឋកិច្ចដ៏សំខាន់មួយ និងជាលើកដំបូងដែលជាផ្នែកមួយនៃសង្រ្គាម ជាពិសេសជម្លោះដែលពាក់ព័ន្ធនឹងមហាអំណាចនុយក្លេអ៊ែរមួយ។
ជាការពិតណាស់ ការធ្វើបែបនេះក៏ហានិភ័យសម្រាប់អាមេរិកផងដែរ។ ការដាក់ទណ្ឌកម្មអាចជំរុញឱ្យមានប្រតិកម្មប្រឆាំងនឹងឥទ្ធិពលរបស់ប្រាក់ដុល្លារនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុពិភពលោក។ ក្នុងរយៈពេលប្រាំសប្ដាហ៍បន្ទាប់ការដាក់ទណ្ឌកម្មដំបូង ប្រាក់រូប្លរបស់រុស្ស៊ីចាប់ផ្ដើមងើបឡើងវិញ ហើយមន្ត្រីរុស្ស៊ីប្ដេជ្ញាស្វែងរកចន្លោះប្រហោងក្នុងទណ្ឌកម្មរបស់អាមេរិក។
ទោះជាលទ្ធផលបែបណាក៏ដោយ ការដាក់ទណ្ឌកម្មដើម្បីបង្កទុនបម្រុងរុស្ស៊ី បង្ហាញពីការផ្លាស់ប្ដូរជាប្រវត្តិសាស្ត្រក្នុងការអនុវត្តគោលនយោបាយការបរទេស៕
ប្រភព៖ FT