សម្តេចតេជោ ហ៊ុន សែន បានផ្តល់កាដូឆ្នាំថ្មី ជូនប្រជាពលរដ្ឋ ៩.១១៤គ្រួសារ នៅលើក្រុងស្រុកចំនួន ៥ ក្នុងចំណោយ ៩ក្រុងស្រុក ក្នុងការកាត់ឆ្វៀលដីពីតំបន់២ មកតំបន់១ នៅភូមិសាស្ត្រខេត្តកំពង់ធំ
ខេត្តកំពង់ធំ ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ធំ អមដំណើរដោយឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងផ្សព្វផ្សាយខ្លឹមសារលិខិតលេខ ២២៤ សជណ.ដប ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់សិទ្ធិបន្ថែមជូនបងប្អូនប្រជាពលរដ្ឋដែលបានកំពុងរស់នៅ និងអាស្រ័យផលជាក់ស្តែងនៅក្នុងដីតំបន់២ កាត់ឆ្វៀលមកតំបន់១ មានចំនួន ៩១១៤គ្រួសារ នៅលើក្រុងស្រុកចំនួន ៥ ក្នុងចំណោម ៩ក្រុងស្រុក ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ នៅឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ ។
ឯកឧត្តម ងួន រតនៈ លើកឡើងថា ដើម្បីជៀសវាងមានការភាន់ច្រឡំ និងបកស្រាយមិនច្បាស់លាស់ សូមអាជ្ញាធរមូលដ្ឋាន បន្តផ្សព្វផ្សាយនៃខ្លឹមសារលិខិតនេះឲ្យចំគោលដៅ ដោយសារកន្លងមកបងប្អូនដែលរស់នៅក្នុងដីតំបន់នេះ ស្ថិតនៅក្នុងដីតំបន់២ យើងអាចរស់នៅ និង អាស្រ័យផលបានជាធម្មតា ប៉ុន្តែយើងមិនមានសិទ្ធិចង់ផ្តល់ជាអំណោយដល់កូន ឬ ក៏ចង់លក់ដីបន្តឲ្យអ្នកដទៃបានទេ ដោយមើលឃើញពីផលលំបាកនេះហើយ ទើបប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ជូនកាដូមួយយ៉ាងធំ សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយផ្តល់សិទ្ធិជូនបងប្អូនពេញលេញ រស់នៅដោយស្របច្បាប់ ដោយឆ្វៀលចេញពីដីតំបន់២ មកតំបន់១វិញ។
ឯកឧត្តម ថោង ខុន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចតែងតែយកចិត្តទុកដាក់គិតគូរដល់សុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង ព្រមទាំងស្នើសុំឲ្យមានការពិនិត្យបានច្បាស់លាស់នៅទីតាំងភូមិសាស្ត្រនេះ មុននឹងធ្វើការងារកាត់ឆ្វៀលដីចេញពីតំបន់២ មកតំបន់១ ជូនប្រជាពលរដ្ឋ ហើយនៅក្នុងតំបន់នេះ ប្រជាពលរដ្ឋបានរស់នៅតាំងពីមុនអនុក្រឹត្យចេញមកម្លេះ ។ ឯកឧត្តមបន្ថែមទៀតថា ទោះបីស្ថិតនៅក្នុងបរិបទជំងឺកូវីដ១៩ ក៏ដោយ សូមក្រុមការងារ រួមជាមួយអាជ្ញាធរមូលដ្ឋាន សហការជាមួយប្រជាពលរដ្ឋឲ្យបានជិតស្និត ក្នុងការចុះធ្វើការវាស់វែងជូនប្រជាពលរដ្ឋតាមភូមិនីមួយៗ នៃឃុំម្សាក្រង ធ្វើប័ណ្ណកម្មសិទ្ធិដីធ្លី ឲ្យបានឆាប់រហ័ស ស្របតាមគោលការណ៍របស់សម្តេច ពីព្រោះរដូវវស្សាឈានជិតមកហើយ ៕
ដោយ ប៊ុន រដ្ឋា