កម្ពុជា ទទួលបានការគាំទ្រពីប្រទេសជាសមាជិកអាស៊ាន លើប្រភេទកីឡាទាំងអស់សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣
CAMSOC-ភ្នំពេញ៖ ប្រភេទកីឡាដែលកម្ពុជាកំណត់ដាក់ឲ្យប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ (ស៊ីហ្គេម) ឆ្នាំ២០២៣ បានទទួលការគាំទ្រពីប្រទេសជាសមាជិកនៃក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍។ នេះបើតាមការបញ្ជាក់ដោយ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍។
កិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ដែលកម្ពុជាកំពុងរៀបចំ នៅព្រឹកថ្ងៃទី០៨ ខែមេសាឆ្នាំ២០២២ នាទីរួមខេត្តសៀមរាប មានរបៀបវារៈ២ធំៗគឺកិច្ចប្រជុំគណៈកម្មការកីឡា និងបទបញ្ញាត្តិ ក៏ដូចជាកិច្ចប្រជុំគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ ក្រោមមការដឹកនាំដោយផ្ទាល់ពីសំណាក់ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)។
ក្រោយកិច្ចប្រជុំឯកឧត្តម វ៉ាត់ ចំរើន បានមានប្រសាសន៍យ៉ាងដូច្នេះថា ៖«សូមជម្រាបជូនអំពីលទ្ធផលជាបឋមនៃកិច្ចប្រជុំគណៈកម្មការកីឡា និងបទបញ្ញត្តិ ហើយនិងគណៈកម្មការផ្សាព្វផ្សាយអន្តរជាតិ ពាក់ព័ន្ធទៅនឹងប្រពន្ធផ្សព្វផ្សាយជាទូរទស្សន៍ ឬជារូបភាព។ នៅក្នុងនេះអ្វីដែលសំខាន់គឺក្រោមការចង្អុលបង្ហាញ និងដឹកនាំរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ហើយជាពិសេសគឺឯកឧត្តមបណ្ឌិត ថោង ខុន ដែលបានធ្វើការណែនាំឆ្ពោះទៅរកគោលដៅសំខាន់ៗនៃកិច្ចប្រជុំគណៈកម្មការជំនាញនៅព្រឹកនេះ ដែលគណៈកម្មការជំនាញនៅពេលព្រឹកនេះយើងបានឃើញថា ប្រទេសទាំងអស់ ទាំង១១ប្រទេសបានចូលរួម ទាំងអនឡាញ ទាំងមកផ្ទាល់ អ៊ីចឹងទាំងប្រទេសមកផ្ទាល់ ក៏ដូចជាប្រទេសតាមអនឡាញដែរ គឺថាកិច្ចប្រជុំខាងផ្នែកប្រភេទកីឡាដែលយើងត្រូវដាក់ចូលការប្រកួតកីឡាស៊ីហ្គេមនេះ គឺទាំងប្រភេទកីឡាដែលបានដាក់ចូល ដែលបានត្រៀមលក្ខណៈជាផ្លូវការ និងប្រភេទកីឡាដែលបម្រុងទុកសម្រាប់អនុម័តលើកក្រោយ»។
ឯកឧត្តម វ៉ាត់ ចំរើន បន្តថា ៖«អ៊ីចឹងយើង ទទួលបានទី១ លទ្ធផលដែលសំខាន់ជាងគេគឺការឯកភាពរបស់ប្រទេសទាំងអស់គឺប្រទេសទាំងអស់បានឯកភាពគ្នា ហើយលើកទឹកចិត្តឲ្យកម្ពុជា ថា កម្ពុជាបានត្រៀមលក្ខណៈ និងដាក់ចូលនូវប្រភេទកីឡាគ្រប់គ្រាន់ បានន័យថា ប្រទេសទាំងអស់មានចិត្តសប្បាយរីករាយណាស់ចំពោះការត្រៀមលក្ខណៈរបស់កម្ពុជាក្នុងការដាក់នូវប្រភេទកីឡាដែលមានតាំងពីប្រភេទកីឡាតាមប្រទេសនីមួយៗជាប្រភេទកីឡាដែលគេហៅអត្តសញ្ញាណជាតិរបស់គេក៏យើងមានដាក់នៅក្នុងហ្នឹងច្រើន។
យើងអត់ឃើញមានការតវ៉ា អត់ឃើញមានការមិនពេញចិត្តរឿងការងាររៀបចំប្រភេទកីឡារបស់យើងទេ គឺប្រទេសទាំងអស់បានគាំទ្រដល់ការរៀបចំលើកទី១ របស់កម្ពុជា។ ហើយគេសប្បាយចិត្តដោយសារតែកម្ពុជាយើង ធ្វើកិច្ចការដំបូងប៉ុន្តែយើងធ្វើបានល្អ ហើយយើងរៀបចំតាមលំដាប់លំដោយ ដោយគោរពទៅតាមគោលការណ៍របស់ធម្មនុញ្ញស៊ីហ្គេមដែលមានស្រាប់ អ៊ីចឹងប្រទេសទាំងអស់សប្បាយរីករាយ»។
«ប្រទេសមួយចំនួនតូចទេដែលគាត់ស្នើសុំឲ្យយើងដាក់ប្រភេទកីឡាផ្សេងទៀត ដូចជា បញ្ចសីលា ដូចអីដែលយើងអត់មាន អ៊ីចឹងយើងនឹងខិតខំប្រឹងប្រែងថា អ្វីដែលយើងអាចធ្វើបាន ប៉ុន្តែក្នុងការរៀបចំការប្រកួតស៊ីហ្គេមឆ្នាំ២០២៣ ក្នុងប្រភេទកីឡាទាំងអស់ដែលយើងបានដាក់នេះគ្មានប្រទេសណាមួយជំទាស់ទេ គឺមានតែការឯកភាព និងការគាំទ្រដល់កម្ពុជា ទាំងស្រុង អ៊ីចឹងនេះគឺជាស្មារតីចំណងមិត្តភាព សាមគ្គីភាពរវាងប្រទេសទាំងអស់នៅក្នុងបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ ដែលជាសមាជិកស៊ីហ្គេម»។ ឯកឧត្តមអគ្គលេខាធិការបានបន្ថែម។
ឯកឧត្តម វ៉ាត់ ចំរើន ក៏បានបន្ថែមទៅលើកិច្ចប្រជុំទី២ ទៀតផងដែរថា ៖«ទី២ គឺលទ្ធផលនៃការប្រជុំការលក់សិទ្ធិទូរទស្សន៍ ការលក់សិទ្ធិទូរទស្សន៍នេះកឺថាប្រទេសទាំងអស់មានស្មារតីដូចយើងដែរ។ កម្ពុជាជាប្រទេសដែលតូចតែមានបេះដូងធំ។ កម្ពុជាជាប្រទេសតូចតែមានការរៀបចំបានល្អ មានផែនការច្បាស់លាស់។ គឺពីមុនមកការលក់សិទ្ធិទូរទស្សន៍ត្រូវបានរិតត្បិត អ៊ីចឹងកម្ពុជាស្នើសុំដំបូង បញ្ចេញនូវគំនិតផ្ដួចផ្ដើមមួយគឺឲ្យមានការលក់សិទ្ធិទូរទស្សន៍នេះឲ្យទូលំទូលាយ ហើយលក់ឲ្យមានការឯកភាពគ្នារបស់ប្រទេសទាំងអស់ ពីព្រោះការលក់សិទ្ធិទូរទស្សន៍បានន័យថា លក់សិទ្ធិរបស់ប្រទេសរបស់កីឡាករទាំងអស់ដែលបានមកលេង អ៊ីចឹងត្រូវមានការបែងចែកផលប្រយោជន៍គ្នាទៅវិញទៅមក។
ក៏ប៉ុន្តែអ្វីដែលសំខាន់ទៅលើការឯកភាពគ្នា គឺទៅលើការផ្លាស់ប្ដូរធម្មនុញ្ញរបស់ស៊ីហ្គេម ដែលធម្មនុញ្ញរបស់ស៊ីហ្គេមបានរិតត្បិតទៅលើការលក់សិទ្ធិទូរទស្សន៍ ប៉ុន្តែយើងបានបើកផ្លូវ ហើយប្រទេសទាំងអស់ក៏បានឯកភាពដែរ។ ដោយសារពិភពលោកនេះបានផ្លាស់ប្ដូរ ទៅរកការផ្សព្វផ្សាយមួយដែរមានលក្ខណៈទូលំទូលាយ ហើយការផ្សព្វផ្សាយមួយដែលឈានទៅដល់គ្រប់ច្រកល្ហកទាំងអស់ជាពិសេសគឺដល់យុវជនដែលកំពុងតែស្រលាញ់នូវវិស័យកីឡា ប៉ុន្តែពួកគាត់ទាំងអស់គ្នាមិនទទួលបានផលប្រយោជន៍នៃការផ្សព្វផ្សាយហ្នឹងទៅដល់គាត់ផ្ទាល់» ៕ ចាន់វិចិត្រ