ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ផ្ដល់អនុសាសន៍ ៥ចំណុច ជូនដល់ក្រុមការងារ យុវជន ដើម្បីជាដើមទុន ក្នុងការបំពេញមុខងារ និងភារកិច្ចសម្រាប់ការ ត្រៀមបោះឆ្នោត

ភ្នំពេញ៖ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាបចាំក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបណ្តុះបណ្តាលយុវជន ឆ្ពោះទៅកាន់ការបោះឆ្នោត» ជូនយុវជនគណបក្សបជាជនកម្ពុជា ប្រចាំក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ណៅព្រឹកថ្ងៃសៅរ៍ ទី០៩ ខែមេសា ឆ្នាំ២០២២ ដែលរៀបចំតាមទម្រង់ផ្ទាល់ និងនៅក្នុងប្រព័ន្ធវីដេអូអនឡាញ សរុបមានប្រមាណ ១២០០នាក់ នៅវិមាន៧មករា នៃទីស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា ។

នៅក្នុងឱកាសនេះ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ, យើងកំពុងតែស្ថិតលើគន្លងចាកចេញពីវិបត្តិកូវីដ-១៩ ជាបណ្តើរៗ ក្នុងភាពរឹងមាំ និងត្រឡប់ទៅរកមាគ៌ានៃកំណើន និងការអភិវឌ្ឍ បន្ទាប់ពីយើងបានរងនូវវិបត្តិមិនធ្លាប់មាន ដែលបង្កឡើងដោយជំងឺកូវីដ-១៩ ។ ពិតណាស់ថា ទន្ទឹមនឹងការខិតខំប្រឹងប្រែងក្នុងការបំពេញ ការងាររាជការ យើងទាំងអស់គ្នាត្រូវមានភារកិច្ចដ៏ចម្បងមួយទៀត នោះគឺការជ្រោមជ្រែងគណបក្ស របស់យើង ក្នុងវិញ្ញាសាប្រជាធិបតេយ្យដ៏សំខាន់ជាប្រវត្តិសាស្ត្រ នាពេលដ៏ខ្លីខាងមុខនេះ នោះគឺ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ និង ការបោះ ឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ នៅក្នុងឆ្នាំ ២០២៣ ។ ជាសត្យានុម័ត, ជ័យជម្នះរបស់ គណបក្សប្រជាជនកម្ពុជា នៅក្នុងសមរភូមិប្រជាធិបតេយ្យនេះ ជាបុរេលក្ខខណ្ឌដ៏ចាំបាច់នៃការធានា សុខសន្តិភាព, ស្ថិរភាពនយោបាយ, កំណើនសេដ្ឋកិច្ច និង ការអភិវឌ្ឍទៅតាមយុទ្ធសាស្ត និង របៀបវារៈគោលនយោបាយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានកំណត់ ជាពិសេស ការសម្រេចបាននូវ បង្គោលចរឆ្នាំ ២០៣០ ដែលយើងប្រាថ្នាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និង ចក្ខុ វិស័យ ឆ្នាំ ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់ ។

ក្នុងស្មារតីត្រៀមខ្លួនជាយុទ្ធសាស្ត្រនេះ, ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានផ្ដល់អនុសាសន៍ចំនួន ៥ ចំណុចជូនដល់ក្រុមការងារយុវជន ក៏ដូចជាយុវជនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីជាដើមទុន ក្នុងការបំពេញមុខងារ និងភារកិច្ចសម្រាប់ការងារគណបក្ស និង ការបំពេញ ការងាររដ្ឋដែលមិនមែនតែសម្រាប់ក្នុងរយៈពេលខ្លីនៃការត្រៀមបោះឆ្នោតតែប៉ុណ្ណោះទេ ប៉ុន្តអនុសាសន៍ទាំងអស់នេះ គួរត្រូវបានប្រកាន់យកជាមាគ៌ាសម្រាប់ការអនុវត្ត ក្នុងរយៈពេលវែង ផងដែរ ។ អនុសាសន៍ទាំង ៥ ចំណុចនេះ មានដូចជា៖

ទី១-សូមប្រើប្រាស់នូវឯកសារសំខាន់ៗ ដែលខ្ញុំបានប្រកាសដាក់ឱ្យប្រើជាផ្លូវការ កាលពីថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២១ កន្លងទៅ ធ្វើជាប្រទីបបង្ហាញផ្លូវ និង ជាទស្សនាទាននៃការ បំពេញភារកិច្ចចុះមូលដ្ឋាន និង ការងារសហគមន៍ ដែលឯកសារទាំងនោះមានជាអាទិ៍ ទស្សនាទាន ស្តីពីការអភិវឌ្ឍសហគមន៍, ទស្សនាទានស្តីពីសហគ្រិនភាព, ក្រមសីលធម៌យុវជនគណបក្សប្រជាជន កម្ពុជាប្រចាំក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ផែនការប្រតិបត្តិឆ្ពោះទៅកាន់ការបោះឆ្នោតក្រុម ប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ ២០២២ ។

ទី២-យុវជនយើងគ្រប់ទីកន្លែង ត្រូវប្រកាន់ខ្ជាប់នូវវិន័យការងារ, ក្រមសីលធម៌ និង បទបញ្ជាផ្ទៃក្នុងគណបក្ស ក្នុងការបំពេញបេសកកម្មការងារទាំងសម្រាប់ការងាររដ្ឋ និង ការងារ បក្ស ។ ខ្ញុំយល់ថា ប្រជាពលរដ្ឋម្នាក់ៗ ឬក៏យុវជនម្នាក់ៗ សុទ្ធតែមានមុខងារ និងភារកិច្ចជា ចំណែកចូលរួមក្នុងបេសកកម្មអភិវឌ្ឍប្រទេសជាតិរបស់ខ្លួននោះគឺ ការស្គាល់, ការឱ្យតម្លៃ និង ការគោរពមុខងាររបស់ខ្លួន ឱ្យបានខ្ជាប់ខ្ជួន ។

ទី៣- ប្រទេសជាតិត្រូវការសុខសន្តិភាព រីឯអង្គភាពត្រូវការសាមគ្គីភាព ។ ដូច្នេះ, ត្រូវធានាឱ្យបាន និង ពង្រឹងនូវសាមគ្គីភាព ឱ្យកាន់តែរឹងមាំនៅតាមផ្ទៃក្នុងចលនា និង ក្រុមការងារយុវជននីមួយៗ ព្រោះសាមគ្គីភាពជាគន្លឹះជោគជ័យដែលអត់ស្រមោល តែគឺជាកត្តា ស្លាប់រស់មុនដំបូងគេបង្អស់នៃអង្គភាពនីមួយៗ ដូចពាក្យចាស់លោកពោលថា «សាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់» ។

ទី៤- ទន្ទឹមគ្នានឹងសាមគ្គីភាពនេះ, ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ សូមទាញការចាប់អារម្មណ៍ពីក្រុមការងារ យុវជន ឱ្យពិចារណាអំពីសក្តានុពលរបស់ខ្លួន ដើម្បីរួមចំណែកនៅក្នុង សមូហភាព សំដៅសម្រេចបាននូវសមិទ្ធផលសម្រាប់បក្ស និង រដ្ឋ, ដោយក្នុងនោះ, ឯកឧត្តម សូមផ្ដល់ការតម្រង់ទិស ចំនួន ៣ គឺ៖ ទី១.ត្រូវបង្កើត និង បង្កវប្បធម៌ផលិតភាព, វប្បធម៌គុណភាព និង វប្បធម៌ ប្រសិទ្ធភាពការងារ ពោលគឺផលិតភាពការងាររបស់យើងម្នាក់ៗ គឺជាកោសិកានៃផលិតភាព សេដ្ឋកិច្ចប្រទេសទាំងស្រុង; ទី២.លើកតម្កើងគោលការណ៍សមធម៌ ដែលមានដូចជា ការអនុវត្ត គោលការណ៍គុណាធិបតេយ្យ ពោលគឺលើកទឹកចិត្តផ្អែកលើគុណសម្បត្តិ និង បង្កើតគុណសម្បត្តិ ដើម្បីបានការលើកទឹកចិត្ត (Reward for Work, Work for Reward) និង ការផ្ដល់ឱកាសស្មើគ្នា ផ្អែកលើសមត្ថភាព (Opportunity for All); និង ទី៣.ប្រកាន់ខ្ជាប់ស្មារតីអត្តាអភិវឌ្ឍន៍ (Self development) ជាប់ជាប្រចាំ ដើម្បីត្រៀមខ្លួនចាប់យកកាលានុវត្តភាពថ្មី (Anticipate Change) ជាពិសេស នៅក្នុងបរិបទសកលលោកដែលបច្ចេកវិទ្យាមានការវិវត្តយ៉ាងឆាប់រហ័ស ពោលគឺយុគ សម័យឌីជីថល ឬបដិវដ្តន៍ឧស្សាហកម្ម ៤០ នេះ ។

ទី៥- លើកទឹកចិត្តយុវជនម្នាក់ៗឱ្យមានគំនិតនវានុវត្តន៍ការកែច្នៃ, ការចូលរួមក្នុងដំណោះស្រាយតាមរយៈការបង្កើតថ្មី, ការកសាងស្នាដៃថ្មី និង បង្កើតគុណតម្ល ឬ គុណប្រយោជន៍របស់ខ្លួនជូនបក្ស និង រដ្ឋ ដោយអាចបង្កើតជាចលនា ឬយុទ្ធនាការ «យុវជនមួយ ស្នាដៃថ្មីមួយ» ៕ ដោយ ៖ ស៊ូ វណ្ណលុក

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner