ឯកឧត្តម ហ៊ុន ម៉ាណែត៖ ការសម្រេចចិត្តរបស់យុវជន មានឥទ្ធិពលសំខាន់ណាស់លើអនាគតរបស់ប្រទេសជាតិ ហើយអនាគតយុវជនខ្លួនឯងក៏ត្រូវពឹងផ្អែក នឹងផ្សារភ្ជាប់ទៅនឹងដំណើរការរបស់ប្រទេសជាតិផងដែរ

ភ្នំពេញ៖ ក្នុងឱកាសសំណេះសំណាលជាមួយថ្នាក់ដឹកនាំនិងសកម្មជនយុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៩ ខែមេសា ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណះអចិន្រ្តៃ នៃគណកម្មាធិកាកន្តាលនិងជាប្រធានយុវជនគណបក្ស បានថ្លែងថា ការសម្រេចចិត្តរបស់យុវជន មានឥទ្ធិពលសំខាន់ណាស់លើអនាគត របស់ប្រទេសជាតិ ហើយអនាគតយុវជនខ្លួនឯងក៏ត្រូវពឹងផ្អែក នឹងផ្សារភ្ជាប់ទៅនឹងដំណើរការរបស់ប្រទេសជាតិផងដែរ ជាពិសេសការធានាធ្វើយ៉ាងណារក្សាឱ្យបាននូវបរិយាកាសអំណោយផលនៃ សន្តិភាពស្ថិរភាព និងការទទួលបានឱកាស។ នេះ គឺជាអ្វីដែលគណបក្សយើងឱ្យតម្លៃបំផុត និងពុះពារប្តេជ្ញាថែរក្សាឱ្យបានដាច់ខាតទោះក្នុងតម្លៃណាក៏ដោយ ព្រោះជាស្នាដៃដែលគណបក្សខិតខំស្វែងរក និងសម្រេចបានដោយលំបាកបំផុត។

ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ថាអ្វីដែលសំខាន់បំផុតសម្រាប់យុវជនកម្ពុជា ក៏ដូចជាយុវជនប្រទេសផ្សេងៗ គឺការធានានូវផែនការអនាគតមួយ ប្រកបដោយក្តីសង្ឃឹម ក្តីស្រម៉ៃ និងលំនឹងស្ថិរភាព។ យុវភាពជាដំណាក់កាលមួយនៃជីវិតដែលពោរពេញដោយការសម្រេចចិត្ត និងការជ្រើសរើសដោយសេរីលើមូលដ្ឋាននៃសិទ្ធបុគ្គលដែលខ្លួនមាន ដើម្បីធ្វើយ៉ាងណាអភិវឌ្ឍខ្លួនឈានឆ្ពោះទៅរកការសម្រេចក្តីស្រម៉ៃ។ ក្នុងន័យនេះ ដើម្បីឱ្យលទ្ធភាពនៃជោគជ័យនេះ មានលក្ខណៈប្រាកដនិយម គឺចាំបាច់ណាស់ដែលយុវជនត្រូវធ្វើការសម្រេចចិត្តដោយផ្សារភ្ជាប់ក្តីស្រម៉ៃនោះ ទៅនឹងស្ថានភាពជាក់ស្តែង តាមរយៈការពិចារណាល្អិតល្អន់ស៊ីជម្រៅអំពីអតីតកាល និងបច្ចុប្បន្នកាល ដើម្បីជ្រើសរើសអនាគតមួយឱ្យបានត្រឹមត្រូវ ចៀសវាងការសម្រេចចិត្តធ្វើអ្វីមួយដែលហួសពីលទ្ធភាព និងសមត្ថភាពពិតរបស់យើង។

ឯកឧត្តម ហ៊ុន ម៉ាណែត បញ្ជាក់ទៀតថា សន្តិភាពពេញលេញ ដែលទទួលបានក្រោមជោគជ័យនៃនយោបាយឈ្នះ-ឈ្នះ គឺជាអ្វីដែលកម្ពុជាមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង ៥០០ ឆ្នាំ ហើយសន្តិភាពនេះ គឺជាមូលដ្ឋាននៃការសម្រេចបាននូវសមិទ្ធផលជាតិលើគ្រប់វិស័យ ទាំងផ្នែកនយោបាយ, រដ្ឋបាលសាធារណៈ, សង្គម, សេដ្ឋកិច្ច, ការទូត ។ល។ ជាពិសេស សន្តិភាពផ្លូវកាយ ក៏បានចូលរួមចំណែកផងដែរនូវការកសាងសន្តិភាពផ្លូវចិត្ត តាមរយៈការធានាបង្កលក្ខណៈគ្រប់បែបយ៉ាងរបស់រាជរដ្ឋាភិបាល ក្នុងការធានាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ, ភាពសុខដុមរមនាផ្នែកជំនឿសាសនា និងការពង្រឹងយុត្តិធម៌សង្គមលើមូលដ្ឋាននៃនីតិរដ្ឋ ដែលជាកត្តាកំណត់នៃភាពកក់ក្តៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាការអភិវឌ្ឍរីកចម្រើនរឹងមាំ និងនិរន្តរភាពជាតិ។

ឯកឧត្តម ហ៊ុន ម៉ាណែត លើកឡើងថា សំដៅដល់ស្ថិរភាពផ្នែកនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ដែលកម្ពុជាបានស្គាល់រួចមកហើយក្នុងរយៈពេលជាង ២០ ឆ្នាំកន្លងមកនេះ ហើយក៏កំពុងត្រូវបានលើកកម្ពស់បន្ថែមទៀត ស្របនឹងចក្ខុវិស័យសម្រាប់អនាគត។ ដោយឡែក បញ្ហាសន្តិសុខសាធារណៈ ក៏ជាផ្នែកមួយនៃស្ថិរភាពផងដែរ។ គេមិនអាចនិយាយបានទេអំពីបញ្ហាសន្តិសុខ នៅក្នុងសម័យសង្គ្រាម។ ដូច្នេះ ជាមួយនឹងអំណោយផលនៃសុខសន្តិភាពដូចបច្ចុប្បន្ន ស្ថានភាពសន្តិសុខរបស់ប្រទេសយើងមានលក្ខណៈល្អប្រសើរ ហើយក៏កំពុងត្រូវបានបន្តពង្រឹងឱ្យកាន់តែមានប្រសិទ្ធភាព តាមរយៈការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។

ក្នុងឱកាសនោះឯកឧត្តម ហ៊ុន ម៉ាណែត បានសូមអរគុណដល់ថ្នាក់ដឹកនាំ និងសកម្មជនយុវជនក្នុងរចនាសម្ព័ន្ធអង្គការចាត់តាំងគណបក្សប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់នៅមូលដ្ឋានរាជធានីភ្នំពេញ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋយ៉ាងសស្រាក់សស្រាំបានជាប់ជាប្រចាំ និងគ្រប់កាលៈទេសៈក្នុងធ្លុងមហាសាមគ្គី និងលើមាគ៌ានយោបាយឥតងាករេរបស់គណបក្ស គឺការបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អ និងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន។ ក្នុងន័យនេះ ការចូលរួមអនុវត្តការងាររបស់មន្ត្រីបក្សនៅមូលដ្ឋាន គឺជាកត្តាកំណត់មួយនៃជោគជ័យរបស់គណបក្សទាំងក្នុងរយៈកាលកន្លងមក ក៏ដូចជាដើម្បីឈានទៅរក្សាប្រៀបឈ្នះនៅក្នុងគ្រប់ការបោះឆ្នោតបន្តទៅមុខទៀត ៕ ដោយ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner