រដ្ឋមន្រ្តីក្រសួងអប់រំនិងតំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជាអញ្ជើញសម្ភោធដាក់ឱ្យប្រើប្រាស់នូវអគារ និងសមិទ្ធិផលនានា នៅក្នុងបរិវេណវិទ្យាស្ថានគរុកោសល្យបាត់ដំបង

បាត់ដំបង៖ ក្រសួងអប់រំ យុវជន និងកីឡា បានបើកពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារ និងសិមិទ្ធិផលនានា នៅក្នុងបរិវេណវិទ្យាស្ថានគរុកោសល្យបាត់ដំបង រួមមាន៖ ១. អគាររដ្ឋបាល មានកំពស់២ជាន់ ចែកចេញជា២៩បន្ទប់។ ២. អគារសិក្សា មានកំពស់៣ជាន់ ចែកចេញជា៣០បន្ទប់។ ៣. អគារបណ្ណាល័យ និងបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ មានកំពស់២ជាន់ ចែកចេញជា១០បន្ទប់។

៤. សាលពហុបំណង កំពស់១ជាន់ ចែកចេញជា១៥បន្ទប់។ ៥. អគារអន្តេវាសិកដ្ឋាននារី កំពស់៣ជាន់ ចែកចេញជា១៧បន្ទប់ ដែលអគារនីមួយៗត្រូវបានបំពាក់គ្រឿងសម្ភារៈបរិក្ខាគ្រប់គ្រាន់ទៅតាមស្តង់ដារបច្ចេកទេសនៅថ្ងៃទី១១ខែមេសា ឆ្នាំ២០២២ ។

ពិធីនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក KARIMATA ATSUSHI តំណាងស្ថានទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមលោកជំទាវថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមានការអញ្ជើញចូលរួមពីអាជ្ញាធរដែនដី បុគ្គលិកអប់រំ លោកគ្រូ-អ្នកគ្រូ នៅក្នុងវិទ្យាស្ថានគរុកោសល្យជាច្រើនរូបផងដែរ។
អគារទាំងនេះត្រូវបានសាងសង់ឡើង ក្រោមជំនួយហិរញ្ញប្បទាន ឥតសំណង របស់ប្រជាជនជប៉ុន និងរាជរដ្ឋាភិបាលជប៉ុន និងហេដ្ឋារចនាសម្ពន្ធ័ជាច្រើនទៀត ដែលបានសាងសង់ឡើងដោយថវិការាជរដ្ឋាភិបាលកម្ពុជា រួមមាន៖ ការជួសជុលអគារសិក្សា ក្លោងទ្វារ របង សួនច្បារ ប្រព័ន្ធលូបង្ហូរទឹក ទីលានបាល់ទះ ផ្លូវបេតុង ចំណតម៉ូតូ និងរថយន្ត និងការស្តារស្រះស្តុកទឹកផងដែរ។

ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានសម្តែងនូវអំណគុណយ៉ាងជ្រាលជ្រៅដល់ប្រជាជន និងរាជរដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងទីភ្នាក់ងារJICA ដែលបានផ្តល់នូវជំនួយហិរញ្ញប្បទានឥតសំណងជាបន្តបន្ទាប់ ដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្នុងវិស័យអប់រំ ដែលជំនួយទាំងនោះពិតជាមានសារៈសំខាន់ក្នុងការចូលរួមចំណែកយ៉ាងធំធេងក្នុងកំណែទំរង់វិស័យអប់រំ នៅកម្ពុជាឱ្យមានការអភិវឌ្ឍន៍ និងរីកចំរើនជាបន្តបន្ទាប់។

ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី សង្ឃឹមថាក្រោយពីទទួលបាននូវហេដ្ឋារចនាសម្ព័ន្ធ ដែលមានស្តង់ដារ និងប្រកបដោយគុណភាព សោភ័ណ្ឌភាពនាពេលនេះ គណៈគ្រប់គ្រង គ្រូឧទ្ទេស គរុសិស្ស គរុនិស្សិត ពិតជាចូលរួមប្រើប្រាស់ និងថែរក្សាហេដ្ឋារចនាសម្ព័ន្ធទាំងនេះ ឱ្យអស់លទ្ធភាព និងប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល ឆ្ពោះទៅបង្កើនគុណភាព នៃការបណ្តុះបណ្តាលគរុកោសល្យឱ្យស្របតាមបរិបទនៃសតវត្សទី២១៕ដោយ-រ៉ាវុធ

ads banner