គ.ជ.បចេញសេចក្តីប្រកាសព័ត៌មានស្តីពីជំនួបពិភាក្សាការងាររវាង គ.ជ.ប ជាមួយគណបក្សភ្លើងទៀន

ឆ្លើយតបតាមសំណើរបស់គណបក្សភ្លើងទៀន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជប) បានអនុញ្ញាតឱ្យតំណាងគណបក្សភ្លើងទៀន ចូលជួបពិភាក្សាការងារនៅទីស្តីការ គជ.ប នាព្រឹកថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ៩០០ព្រឹក។
ប្រតិភូគណបក្សភ្លើងទៀន ដែលដឹកនាំដោយ លោក សុន ឆ័យ អនុប្រធានគណបក្ស
បានលើកឡើងក្នុងជំនួបពិភាក្សានោះនូវបញ្ហា ៣ ចំណុច៖
១- បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ដែលត្រូវបានក្រុមប្រឹក្សាជំនុំជម្រះនៃ គជប លុប នៅឃុំ សង្កាត់ ចំនួន ៥ និងបដិសេធការសុំចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ចំនួន ៦ ឃុំ សង្កាត់។
២- សុំឱ្យ គជ.ប ជួយសម្របសម្រួលដល់ស្ថានភាពទូទៅកុំឱ្យមានការគំរាមកំហែង បេក្ខជន ឬបំភិតបំភ័យបេក្ខជនគណបក្សនយោបាយ។
៣- សុំឱ្យមានយន្តការទំនាក់ទំនងការងារ ដើម្បីដោះស្រាយបញ្ហាបន្ទាន់។
ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជប បានគូសបញ្ជាក់ថា ការដោះស្រាយពាក្យ បណ្ដឹងទាក់ទងនឹងការសុំចុះបញ្ជីបេក្ខជនគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និង បញ្ជីបេក្ខជនដំបូងនគណបក្សនយោបាយ ត្រូវបានដោះស្រាយចប់សព្វគ្រប់ហើយ ពុំមានអ្វី កែប្រែទៀតឡើយ ពីព្រោះការដោះស្រាយទាំងអស់ គ.ជប ផ្អែកលើច្បាប់។
ចំពោះបញ្ហាទី២ ដែលលើកឡើងដោយគណបក្សភ្លើងទៀន ឯកឧត្តម ទព នីថា អគ្គលេខាធិការ គជប បានពន្យល់ថា គជប ក៏បានទទួលព័ត៌មានមួយចំនួនដែរ ទាក់ទងទៅនឹងបេក្ខជនឈរឈោ្មះបោះឆ្នោតរបស់គណបក្សភ្លើងទៀន ដែលករណីខ្លះជារឿងហួសដន សមត្ថកិច្ចរបស់ គ.ជ.ប។ ទោះបីយ៉ាងណាក៏ដោយ គ.ជ.ប ក៏បានសហការជាមួយក្រសួង មហាផ្ទៃ ដើម្បីឱ្យអាជ្ញាធរជួយសម្របសម្រួលការងារនៃសកម្មភាពរបស់គណបក្សនយោបាយ ហើយថ្មីៗនេះ ក្រសួងមហាផ្ទៃ និង គ.ជ.ប ក៏បានចេញសេចក្ដីណែនាំរួមមួយដល់អាជ្ញាធរដែនដី រួចហើយដែរ។

អំពីយន្តការទំនាក់ទំនងការងារ ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គជ.ប បាន ជម្រាបជូនថា គួរពង្រឹងយន្តការច្បាប់ដែលមានស្រាប់ នោះគឺយន្តការ គ.ជ.ប យន្តការនៅថ្នាក់ គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) និងយន្តការនៅថ្នាក់គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប)។ ក្នុងការអនុវត្តកន្លងមក គ.ជ.ប មានកម្មវិធីប្រជុំជាមួយ ភាគីពាក់ព័ន្ធនឹងការបោះឆ្នោតជាទៀងទាត់ ទាំងនៅថ្នាក់ គ.ជ.ប នៅថ្នាក់ គធ.ខប និងនៅថ្នាក់ គឃ.សប ហើយក្នុងករណីចាំបាច់ ក៏មានកិច្ចប្រជុំបន្ទាន់ដែរ ដើម្បីដោះស្រាយបញ្ហា។ តាមរយៈ កិច្ចប្រជុំនេះហើយ គឺជាយន្តការដោះស្រាយការងាររបស់ គ.ជ.ប និងជួយសម្របសម្រួល ការងារដល់គណបក្សនយោបាយដែលចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

នៅចុងបញ្ចប់នៃកិច្ចប្រជុំ លោក សុន ឆ័យ ក្នុងនាមគណបក្សភ្លើងទៀន បានថ្លែងអំណរគុណ ដល់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដែលបានអនុញ្ញាតឱ្យប្រតិភូតំណាងគណបក្ស ភ្លើងទៀន បានចូលជួបពិភាក្សាការងារជាមួយឯកឧត្តមអគ្គលេខាធិការ គ.ជ.ប រួមជាមួយនឹង សហការី ។ ជំនួបពិភាក្សាការងារនេះ បានបញ្ចប់នៅវេលាម៉ោង ១០:៣០នាទីព្រឹក ដោយភាពស្និទ្ធស្នាល ៕ ដោយ-រ៉ាវុធ

ads banner