ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក និងវិស័យឯកជន បានអញ្ជើញចូលជួបសម្តែងនូវការគោរពជូនពរដល់ថ្នាក់ដឹកនាំខេត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

សៀមរាប៖ ក្នុងឱកាសដែលប្រជាពលរដ្ឋកម្ពុជា ទទួលសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ គ.ស.២០២២ ដែលនឹងឈានចូលមកដល់ក្នុងពេលខាងមុខនេះ ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក មន្ត្រីរាជការ និងវិស័យឯកជន បានអញ្ជើញចូលជួបសម្តែងការគោរព និង ជូនពរជ័យ សិរីមង្គលដល់ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ ។

ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប មានប្រសាសន៍ថា ក្នុងរយ:ពេលជាច្រើនឆ្នាំកន្លងមកនេះ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធនានាក្នុងខេត្ត គឺដើម្បីពង្រឹងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការវាងគ្នានិងគ្នាសម្រាប់ប្រជាពលរដ្ឋ ក៏ដូចជារាជរដ្ឋាភិបាលផងដែរ។ ឯកឧត្តម ទាំងពីរ ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនៃមន្ទីរ អង្គភាព ស្ថាប័នពាក់ពន្ធជុំវិញខេត្តទាំងអស់ ដែលបានរក្សានូវប្រពៃណីសាសនា ស្នាដៃដែលជាសមិទ្ធិផលនានា ជាសំខាន់បានជួយឧបត្ថម្ភគាំទ្រលើការងារសង្គម ដើម្បីរួមគ្នាអភិវឌ្ឍប្រទេសជាតិ ឲ្យមានភាពរីកចម្រើនកាន់តែល្អប្រសើរថែមទៀតទៅថ្ងៃអនាគត់។ ឯកឧត្តម បានស្នើឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និង អាជ្ញាធរពាក់ព័ន្ធក្នុងខេត្តក៏ដូចវិស័យឯកជន ត្រូវបន្តពង្រឹងអនុវត្តន៍ការងារសន្តិសុខសណ្តាប់ធ្នាប់សង្គមឲ្យបានល្អ ក្នុងឱកាសដែលប្រជាពលរដ្ឋយើង ទទួលអំណរសាទរ សប្បាយរីករាយ ក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលនឹងជិតចូលមកដល់នាពេលខាងមុខនេះ សំខាន់លើការអនុវត្តវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល ៣.កុំ ៣.ការពារ និងការណែនាំរបស់ក្រសួងសុខាភិបាល។ រដ្ឋបាលខេត្តបានត្រៀមលក្ខណ:ទុកជាស្រេចក្នុងការជួយសង្គ្រោះជាបន្ទាន់ ចំពោះហេតុការណ៍ដែលបានកើតឡើងដោយយថាហេតុណាមួយនោះ នៃព្រឹត្តិការណ៍សង្កា្រន្តសៀមរាប ២០២២ខាងមុខនេះ។

ឯកឧត្តម ទាំងពីរ មានប្រសាសន៍បញ្ជាក់ថា ពីមុនខេត្តរបស់យើងមានផ្លូវតូចៗ តែពេលនេះខេត្តយើងបានទទួលសមិទ្ធិផលផ្លូវ៣៨ខ្សែ ដែលទើបសម្ពោធបើកឲ្យដំណើរការជាផ្លូវការ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាស្ថាបនិកប្រតិបករសន្តិភាព បានធ្វើឲ្យក្រុងសៀមរាបកាន់តែមានសោភណ្ឌភាពស្រស់ត្រកាលទាំងពេលយប់និងពេលថ្ងៃ ជាហេតុធ្វើឲ្យចរាចរណ៍នៅក្នុងក្រុងគ្មានភាពកកស្ទះដូចមុនៗឡើយ ។ ឯកឧត្តម បន្តទៀតថា ដើម្បីឲ្យសមស្របទៅតាមគោលការរបស់ប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្កើតនូវសមិទ្ធផលធំៗ សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ ក្នុងបរិបទកូវិដ១៩ ។ ដូច្នេះ យើងរួមគ្នារក្សានៅសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសង្គមរឹងមាំ គឺជាកត្តាធានាឲ្យកម្ពុជា សម្រេចបានលទ្ធផលធំៗថ្មីៗបន្តទៀត ក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជាតិ និង កែលម្អរជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើងមួយកម្រឹតទៀត វាគឹជាកត្តាសន្តិភាព ស្ថិរភាពនយោបាយ ក៏ជាកូនសោរគន្លឹះ ដែលធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា សម្រេចបានកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សផងដែរ៕ ដោយ ស៊ាន សុផាត

ads banner