សម្តេចតេជោ ហ៊ុន សែន ៖ ២នាក់បានហើយ! ក្នុងពេលទៅកម្សាន្តខេត្តព្រះសីហនុ ជាមួយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត

ព្រះសីហនុ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហោះរូបភាពជាច្រើនសន្លឹកនៅលើហ្វេសបុករបស់សម្ដេច ជាមួយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងពេលដែលសម្ដេចអញ្ជើញទៅកំសាន្តនៅខេត្តព្រះសីហនុ និងបានថតរូបនៅរូបសំណាក់ «ព្រះថោងនាងនាគ» និងអក្សរ «ខ្មែរអាចធ្វើបាន» ដោយភ្ជាប់នូវពាក្យថា «ពីរនាក់បានហើយ!»។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើហ្វេសបុកថា៖ ពីរនាក់បានហើយ! នាំភរិយាថតរូបជាមួយរូបសំណាកថ្មីដែលទើបកសាងរួចគឺព្រះថោងនាងនាគនៅមាត់សមុទ្រក្រុងព្រះសីហនុ។ ពេលខ្ញុំរៀបការមិនបានតោងស្បៃទេតែ ថ្ងៃនេះថតជាមួយរូបសំណាកព្រះថោងតោងស្បៃទុកឱ្យកូនចៅមើល។

សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានរៀបអាពាហ៍ពិពាហ៍នៅថ្ងៃទី៥ មករា ឆ្នាំ១៩៧៦ ក្នុងជំនាន់អតីតរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម រហូតមកដល់ពេលនេះគឺមានរយៈពេល ៤៥ឆ្នាំហើយ។

ទោះជាយ៉ាងណាក្ដីស្រលាញ់រវាងសម្ដេចទាំងពីរ គឺនៅតែមានដូចដើម។ ជារឿយៗសម្ដេចតេជោ តែងតែបង្ហាញក្ដីស្រលាញ់របស់សម្ដេច ចំពោះសម្ដេចកិត្តិព្រឹទ្ធិបណ្ឌិតនៅលើហ្វេសបុករបស់សម្ដេចផ្ទាល់ និងបានសរសេរសៀវភៅពីជីវិតស្នេហារបស់សម្ដេចដែលមានចំណងជើងថា «គូរព្រេងមិនព្រាត់» ដើម្បីជាការចងចាំនូវការតស៊ូនិងលះបង់ចំពោះស្នេហាមួយនេះផងដែរ ។

សូមជម្រាបថា រូបបដិមា “ព្រះថោងនាងនាគ” (ព្រះថោងតោងស្បៃ) ដែលកំពុងល្បីល្បាញក្នុងខេត្តព្រះសីហនុ បានលើកតម្កល់ឡើងលើបល្ល័ង្ក នៅយប់ថ្ងៃទី៨ ឆ្លងចូលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២ ជាមួយនិងការរៀបចំតុបតែងលម្អតាមគំរូប្លង់ នៅរង្វង់មូលព្រះថោងនាងនាគ ចំណុចប្រសព្វរវាងមហាវិថីជំទាវម៉ៅនិងមហាវិថីឆ្នេររាម ក្នុងភូមិគគីរ ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នេះបើតាមការបញ្ជាក់ពី មន្ត្រីរដ្ឋបាលខេត្ត។

រូបបដិមា (ព្រះថោងតោងស្បៃ)នេះ កំពុងល្បីល្បាញ ទទួលបានការនិយមចូលចិត្តពីមហាជនប្រជាពលរដ្ឋ ក្នុងនោះឯកឧត្តមគួច ចំរើន អភិបាលខេត្តបានអញ្ជើញចុះទៅពិនិត្យជាបន្តបន្ទាប់ ដើម្បីជំរុញសកម្មភាពតម្លើងរូបសំណាក បដិមា «ព្រះថោងនាងនាគ» រៀបចំសណ្តាប់ធ្នាប់ ត្រៀមពិធីបដិមាភិសេកជាផ្លូវការដោយ សម្តេចតេជោ និងអញ្ជើញជាអធិបតី និងដើម្បីទទួល អ្នកទេសចរណ៍ ដែលមកលេងកម្សាន្តខេត្តព្រះសីហនុ ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៍ជាតិ បានទស្សនា សមិទ្ធិផលដ៍អស្ចារ្យរបស់ខេត្តតំបន់សេដ្ឋកិច្ចពិសេស គំរូពហុបំណង។

សូមបញ្ជាក់ថា រូបសំណាក បដិមា ព្រះថោងនាងនាគ សាងសង់ពីស្ពាន់មានទម្ងន់៦០តោន មានកម្ពស់២១ម៉ែត្រ ចាប់ពីព្រះបាទរហូតដល់ម្កុដ នឹងដាក់តាំងតម្កល់លើបល្ល័ង្គកម្ពស់ ៦,៣៤ម៉ែត្រ មាន អង្កត់ផ្ចិត ៩៩ម៉ែត្រ ដោយដាក់តាំងបែរព្រះភ័ក្រ្តឆ្ពោះទៅសមុទ្ររាម តាមទម្រង់ «ព្រះថោងតោងស្បៃ» ទ្រង់ដំណើរយាងទៅជួបព្រះមាតាបិតា នៅឋានភុជង្គនាគ ជានិម្មិតរូបនៃការកកើតទឹកដី វប្បធម៌ អរិយធម៌ ប្រពៃណីយ៍ទំនៀមទម្លាប់ខ្មែរ និងជារូបបដិមាធ្វើពីស្ពាន់ធំជាងគេ នៅព្រះរាជាណាចក្រកម្ពុជា ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner