ភ្ញៀវទេសចរ ប្រមាណ ២៣២.២៦៤នាក់បានមកលេងកំសាន្តនៅខេត្តព្រះសីហនុ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីរចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦

ព្រះសីហនុ ៖ លោក តាំង សុចិត្តគ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានឲ្យដឹងថា ចំនួនភ្ញៀវទេសចរណ៍ទាំងជាតិនិងអន្តរជាតិមកលេងខេត្តព្រះសីហនុមានការកើនឡើងក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។
រយៈពេល៣ថ្ងៃ១៤- ១៦ មេសាឆ្នាំ២០២២ នៅខេត្តព្រះសីហនុ មានភ្ញៀវសរុបប្រមាណ២៣២.២៦៤នាក់។

-ភ្ញៀវជាតិ ២១៨.៨៥៣នាក់
-ភ្ញៀបរទេស ១៣.៤១១នាក់។

លោកប្រធានមន្ទីរទេសចរណ៍ខេត្តក៏បានបញ្ជាក់បន្ថែមថានៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីនេះគឺភ្ញៀវទេសចរដើរកម្សាន្តនៅតាមតំបន់ឆ្នេរដីគោកដីកោះនិងរមណីយដ្ឋានតំបន់ទឹកធ្លាក់និងតំបន់រម្យណីយដ្ឋានថ្មីៗដែលវិស័យឯកជនរៀបចំសម្រាប់ទទួលភ្ញៀវទេសចរមកលេងកំសាន្តនៅក្នុងភូមិសាស្ត្រស្រុកព្រៃនប់ ស្រុកកំពង់សិលា ស្រុកស្រុកស្ទឹងហាវ ដែលជាកន្លែងពេញនិយមសម្រាប់ភ្ញៀវទេសចរទៅលេងកម្សាន្តផងដែរ។

នៅក្រុងព្រះសីហនុរដ្ឋបាលខេត្តព្រះសីហនុក៏បានរៀបចំឲ្យមានព្រឹត្តិការណ៍កម្មវិធីកម្សាន្តផ្សេងៗដូចជា ការប្រគុំតន្ត្រី ការតាំងពីពណ៌ការរៀបចំសង្រ្កានឆ្នាំថ្មីដើម្បីបង្កើនបរិយាកាសសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិមកលេងកម្សាន្តក្នុងឱកាសឆ្នាំថ្មីបន្ទាប់ពីបងប្អូនប្រជាពលរដ្ឋអាក់ខានសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីរយៈពេល ២ ឆ្នាំកន្លងមកដោយសារវិបត្តិនៃជំងឺកូវីដ១៩។

ដោយឡែកបញ្ហាសន្តិសុខសណ្តាប់ធ្នាប់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានឲ្យដឹងថាគឺមានសុវត្ថិភាពល្អមិនមានបាតុភាពអសន្តិសុខកើតឡើងដែលបង្កអសន្តិសុខដល់ការសប្បាយរបស់បងប្អូនប្រជាពលរដ្ឋភ្ញៀវទេសចរមកលេងកំសាន្តក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីនេះផងដែរ។ទាំងអស់នេះគឺដោយការខិតខំយកចិត្តទុកដាក់ពីឯកឧត្តមគួចចំរើនអភិបាលខេត្តព្រះសីហនុក្នុងការដាក់វិធានការការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋភ្ញៀវទេសចរមកលេងកំសាន្តក្នុងឱកាសឆ្នាំថ្មីប្រកបដោយភាពសប្បាយរីករាយ ៕ ដោយ ៖ ខៀវ សាវ៉ុន

ads banner