រុស្ស៊ីវាយប្រហាររោងចក្រសព្វាវុធផលិតមីស៊ីល ដែលប្រើដើម្បីបាញ់ពន្លិចនាវាចម្បាំង Moskva របស់ខ្លួន
រោងចក្រសព្វាវុធ Vizar ក្នុងរដ្ឋធានីកៀវ ដែលអ្នកផលិតអាវុធរដ្ឋអ៊ុយក្រែននិយាយថា ផលិតមីស៊ីលគ្រូស Neptune ដែលប្រើសម្រាប់បាញ់ពន្លិចនាវាចម្បាំង Moskva របស់ក្រុងម៉ូស្គូក្នុងសមុទ្រខ្មៅ រងការវាយប្រហារពីរុស្ស៊ីយ៉ាងដំណំកាលពីថ្ងៃសុក្រសប្ដាហ៍មុន។
រុស្ស៊ីនិយាយថា ខ្លួនបានប្រើមីស៊ីលរយៈចម្ងាយឆ្ងាយ ដើម្បីវាយប្រហាររោងចក្រនេះ ហើយបន្ទាប់មកទៀតនៅថ្ងៃសៅរ៍ រុស្ស៊ីក៏បានបើកការវាយប្រហារមួយម្ដងទៀតដោយការទម្លាក់គ្រាប់បែក លើរោងចក្រផលិតរថពាសដែកនៅក្នុងសង្កាត់ Darnytsky នៃរដ្ឋធានីកៀវផងដែរ។
ការវាយប្រហារថ្មីៗនេះ កើតឡើងបន្ទាប់ពីរុស្ស៊ីសន្យាថានឹងទម្លាក់គ្រាប់បែកលើគោលដៅក្នុងរដ្ឋធានីកៀវ ដើម្បីឆ្លើយតបទៅនឹងអ្វី ដែលខ្លួននិយាយថា ជាការវាយប្រហារភេរវកម្ម និងបំផ្លិចបំផ្លាញលើទឹកដីរបស់ខ្លួន ដែលធ្វើឡើងដោយ «របបជាតិនិយម» អ៊ុយក្រែន។
ការលើកឡើងបែបនេះ គឺសំដៅទៅលើការបំផ្លិចបំផ្លាញនាវាចម្បាំងខ្នាតយក្សរុស្ស៊ី Moskva របស់កងកម្លាំងអ៊ុយក្រែន អំឡុងពេលប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងនាវារុស្ស៊ីនៅសមុទ្រខ្មៅកាលពីថ្ងៃពុធ។ កន្លែងផ្ទុកគ្រាប់រំសេវរបស់នាវា ផ្ទុះឡើងបន្ទាប់ពីការវាយប្រហារដោយមីស៊ីលគ្រូស Neptune ចំនួន ២ ដែលផលិតក្នុងរោងចក្រអ៊ុយក្រែន ដែលកងកម្លាំងរុស្ស៊ីវាយប្រហារកាលពីថ្ងៃសុក្រ។
ការវាយប្រហារលើរោងចក្រ Vizar ត្រូវបានភាគីទាំងសងខាងចាត់ទុកថា ជាការវាយប្រហារសងសឹកដ៏សំខាន់បំផុតដោយវិមានក្រឹមឡាំង បន្ទាប់ពីនាវា Moskva បានលិច ហើយក៏ជាការរំឮកផងដែរថា ទោះបីជារុស្ស៊ីដកទ័ពពីក្រុងកៀវហើយក្ដី ក៏សង្រ្គាមនឹងនៅតែអូសបន្លាយវែងឆ្ងាយ។

ប្រភព៖ The Guardian