ការ​តវ៉ា​ទូទាំង​ប្រទេស​ធ្វើឡើង​ ខណៈ​លោក ​ម៉ាក្រុង​ និង​អ្នក​ស្រី​ ឡឺប៉ែន ​ត្រៀម​ខ្លួន​​ប្រកួត​ប្រជែង​

បាតុកម្ម​ទូទាំង​ប្រទេស​បារាំង​ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​សៅរ៍​ នៅ​ពេល​ដែល​​ក្រុម​ប្រឆាំង​បេក្ខជន​​​ស្កាំ​ជ្រុល​និយម​អ្នក​ស្រី​ ម៉ារីន​ ឡឺប៉ែន​ (Marine Le Pen) ​ស្វែង​រក​ការ​បង្កើត​រណសិរ្ស​រួប​រួម​មួយ​ ដើម្បី​ការពារ​អ្នក​ស្រី​ពី​ការ​យក​ឈ្នះ​លោក​ អេម៉ាណូអែល​ ម៉ាក្រុង​ ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ជុំ​ចុង​ក្រោយ​នា​ថ្ងៃ​ទី​ ២៤ ​មេសា ​ខាង​មុន​។​

ប៉ូលីស​បារាំង​បាន​​​ព្រមាន​​​ពី​​ឧប្បត្តិ​ហេតុ​​ដែល​​អាច​​កើត​​មាន​ ខណៈ​​ក្រុម​​បាតុករ​​បាន​​ប្រមូល​​ផ្តុំ​​​គ្នា​​ក្នុង​​ទីក្រុង​​ចំនួន​ ៣០​។​​

សេចក្ដី​ថ្លែងការណ៍​រួម​មួយ​ដែល​អំពាវ​នាវ​ឱ្យ​មាន​ការ​តវ៉ា​ និង​ចុះ​ហត្ថលេខា​ដោយ​ក្រុម​សិទ្ធិ​មនុស្ស​ សហជីព​ និង​សមាគម​រាប់​សិប​ផ្សេង​ទៀត​ និយាយ​ថា​៖​ «​ក្រុម​ស្ដាំ​ជ្រុល​និយម​បាន​ឈាន​ទៅ​ដល់​ការ​បោះឆ្នោត​ប្រធានាធិបតី​ជុំ​ទី​២​ ​ដោយ​កម្រិត​នៃ​ការ​គាំទ្រ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​។​ យើង​បដិសេធ​មិន​ឱ្យ​ក្រុម​នេះ​ឈ្នះ​អំណាច​»​។​

ក្រុម​ដដែល​ថា​ ជ័យ​ជំនះ​របស់​ក្រុម​ស្ដាំ​និយម​ នឹង​ធ្វើ​ឱ្យ​លទ្ធិ​ប្រជាធិបតេយ្យ​ និង​ការ​ប្រឆាំង​នឹង​ការ​រើស​អើង​ពូជ​សាសន៍​ដួល​ចុះ​ ហើយ​កំហឹង​ចំពោះ​លោក​ម៉ាក្រុង​ ​មិន​ស្មើ​នឹង​​​បេក្ខជន​អភិរក្ស​ ឬ​ស្ដាំ​ជ្រុល​និយម​នោះ​ទេ​។​

អ្នក​ស្រី ​ឡឺប៉ែន​ ដែល​ប្រឆាំង​នឹង​អន្តោប្រវេសន៍​ ​ច្រាន​ចោល​ការ​​​តវ៉ា​នេះ​​ ​ខណៈ​​អ្នក​ប្រឆាំង​លោក​ ម៉ាក្រុង​ ក៏​​គ្រោង​​នឹង​ធ្វើ​ការ​តវ៉ា​នៅ​ក្រុង​ប៉ារីស​ផង​ដែរ​។​ ​អ្នក​ស្រី​និយាយ​ថា​៖​ ​«​​ការ​​ដែល​​ប្រជាពល​រដ្ឋ​​តវ៉ា​​ប្រឆាំង​​នឹង​​លទ្ធផល​​បោះឆ្នោត ​គឺ​​អ​​​ប្រជា​ធិបតេយ្យ​​យ៉ាង​​ខ្លាំង​»​។​

លោក​ ម៉ាក្រុង ​ដែល​ជា​អ្នក​នយោបាយ​កណ្តាល​និយម​​ បាន​ឈ្នះ​តំណែង​ប្រធានាធិបតី​ក្នុង​ឆ្នាំ​ ២០១៧ ​បន្ទាប់​ពី​​ផ្តួល​អ្នក​ស្រី ​ឡឺប៉ែន​ ភ្លូក​ទឹក​ភ្លូក​ដី​នា​ពេល​នោះ​ ​នៅ​ពេល​ដែល​អ្នក​បោះឆ្នោត​ប្រមូល​គ្នា​គាំ​ទ្រ​លោក​។​ ប៉ុន្តែ​លទ្ធផល​បោះឆ្នោត​ជុំ​ទី១​អាណត្តិ​នេះ​ បាន​បង្កើត​ជា​សមរភូមិ​ប្រជែង​មួយ​ដ៏​ធំ​ ពេល​អ្នក​ស្រី​ ឡឺប៉ែន ​តាម​កាន់​តែ​ប្រកិត​នឹង​លោក​ម៉ាក្រុង​។​

​តាម​ការ​ស្ទង់​មតិ​ភ្លាម​ៗ​បន្ទាប់​ពី​​ការ​បោះឆ្នោត​ជុំ​ទី​១​​ លោក​ ម៉ាក្រុង​ នឹង​​ឈ្នះ​អ្ន​ក​ស្រី ​ឡឺប៉ែន​ ក្នុង​ជុំ​ទី​២​ទាំង​ប្រកៀក​ប្រកើយ​​​។ ​​​ ​យ៉ាង​ណា​មិញ​ វា​ហាក់​ដូច​ជា​​ការ​គួរ​ឱ្យ​ភ្ញាក់​ផ្អែល​មួយ​សម្រាប់​អ្នក​ស្រី​​ ឡឺប៉ែន ​នៅ​ពេល​ដែល​លទ្ធផល​នៃ​ការ​ស្ទង់មតិ​ពី​វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ​ Ipsos-Sopra-Steria កា​ល​ពី​ថ្ងៃ​សុក្រ​បង្ហាញ​ថា​ លោក ​ម៉ាក្រុង​ នឹង​ឈ្នះ​អ្នក​ស្រី​ក្នុង​សម្លេង​ ៥៦ ​ភាគ​រយ​ទល់​នឹង​ ៤៤ ​ភាគ​រយ​ ដែល​ជា​ការ​កើន​ឡើង​វិញ​សម្រាប់​ប្រធានាធិបតី​រូប​នេះ​ បើ​​ធៀប​នឹង​ការ​ស្ទង់​មតិ​​មុន​ៗ​​​។ ​លោក​ ម៉ាក្រុង ​កំពុង​តែ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​អតីត​ប្រធានាធិបតី​បារាំង​លោក​ Nicolas Sarkozy ​និង​ François Hollande ​រួម​ជាមួយ​នឹង​តារា​ៗ​​ និង​កីឡាករ​ល្បីៗ​រាប់​រយ​នាក់​​​។ ​

ប្រភព៖ The Guardian

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner