ប្រឈមនឹងការប្រែប្រួលនៅអឺរ៉ុប ចិនប្រកាន់ខ្ជាប់ជំហរចាស់
នៅពេលដែលមេដឹកនាំអឺរ៉ុបថ្មីៗនេះ បានជំរុញឱ្យមេដឹកនាំកំពូលចិនលោកស៊ី ជីនពីងឱ្យដកខ្លួនពីប្រទេសរុស្ស៊ី ជុំវិញការឈ្លានពានប្រទេសអ៊ុយក្រែន លោកបានប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវជំហរមុនៗរបស់ចិន ហើយបិទឱកាសសម្រាប់ការទាមទារណាមួយរបស់អឺរ៉ុប។
ក្នុងជំនួបតាមវីដេអូជាមួយមេដឹកនាំអឺរ៉ុប លោកស៊ីប្រកាសថាដូចដែលខ្លួនបានធ្វើជាច្រើនឆ្នាំប្រទេសចិន បានស្វាគមន៍សហភាពអឺរ៉ុបជាសសរដ៏សំខាន់មួយនៃពិភពពហុប៉ូលដែលកំពុងកើតឡើង។ ប៉ុន្តែលោកក៏បានបញ្ជាក់យ៉ាងច្បាស់ថា ការបញ្ចុះបញ្ចូលចិនអំពីរុស្ស៊ី គឺមិនមែនអ្វីដែលលោកចង់បាននោះទេ។
បន្ទាប់ពីជំនួបនេះប្រធានគណៈកម្មការអឺរ៉ុបលោកស្រីអ៊ឺសូឡា វ៉ុន ឌែរ ឡេយែនបាននិយាយថាជំនួបជាមួយលោកស៊ីគឺ «បើកចំហ» ប៉ុន្តែបានធ្វើការបញ្ជាក់ថា៖ «បើចំហមានន័យថាយើងបានដោះដូរទស្សនៈផ្ទុយគ្នាយ៉ាងច្បាស់»។
កិច្ចពិភាក្សាលក្ខណៈបែបនេះ បង្ហាញថាប្រទេសចិនកំពុងមានលំបាកក្នុងការឆ្លងកាត់រលកផលប៉ះពាល់ភូមិសាស្ត្រនយោបាយពីសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ហើយគ្មានកន្លែងណាដែលមានផលប៉ះពាល់ជាងទំនាក់ទំនងរបស់ខ្លួនជាមួយនឹងអឺរ៉ុប។
សម្រាប់ថ្នាក់ដឹកនាំប្រទេសចិន អឺរ៉ុបត្រូវបានគេចាត់ទុកថាជាផ្នែកទន់ខ្សោយនៃលោកខាងលិច ដោយមិនសូវមានអំណាចយោធា ឬឆន្ទៈក្នុងការប្រជែងជាមួយនឹងការកើនឡើងរបស់ចិន។ ឥឡូវនេះពួកគេអាចប្រឈមនឹងផលប៉ះពាល់ធំបំផុតនៃសង្គ្រាម នៅពេលដែលអឺរ៉ុបវាយតម្លៃឡើងវិញនូវតម្រូវការសន្តិសុខរបស់ខ្លួន និងចេតនារបស់ក្រុងប៉េកាំង។
ក្នុងរយៈពេលវែង ការផ្ដោតអារម្មណ៍ថ្មីរបស់អឺរ៉ុបលើហានិភ័យភូមិសាស្ត្រនយោបាយ និងទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយសហរដ្ឋអាមេរិកអាចវិវត្តទៅជាជំហរប្រឆាំងកាន់តែខ្លាំងចំពោះរដ្ឋាភិបាលរបស់លោកស៊ី ជាពិសេសប្រសិនបើទីក្រុងប៉េកាំងរក្សាភាពជិតស្និទ្ធជាមួយរុស្ស៊ី និងការពារវាពីទណ្ឌកម្មសេដ្ឋកិច្ច។
មុនជំនួបរបស់លោកស៊ី ជាមួយមេដឹកនាំអឺរ៉ុប រដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាង យី បានប្រាប់រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោកសឺហ្គេ ឡាវរ៉ូវថាទីក្រុងប៉េកាំងចង់យកទំនាក់ទំនងជាមួយរុស្ស៊ីទៅ «កម្រិតកាន់តែខ្ពស់»។
សម្រាប់ពេលឥឡូវនេះអឺរ៉ុបកំពុងទប់ទល់នឹងវិបត្តិជាច្រើន ដែលបង្កដោយការឈ្លានពានរបស់រុស្ស៊ីចូលប្រទេសអ៊ុយក្រែន ដែលរួមមានវិបត្តិជនភៀសខ្លួនចំនួន ៤,៦ លាននាក់។ អ្នកវិភាគនិយាយថានិយាយថាទំនាក់ទំនងអឺរ៉ុប-ចិន បានកើនឡើងភាពតានតឹងក្នុងរយៈពេលប្រាំ ទៅប្រាំមួយឆ្នាំចុងក្រោយនេះ ប៉ុន្តែសង្គ្រាមនៅអ៊ុយក្រែនបានធ្វើឱ្យទំនាក់ទំនងធ្លាក់ក្នុងដំណាក់កាលថ្មី។ ប្រទេសមួយចំនួនចាប់ផ្ដើមឈប់ចាត់ទុកប្រទេសចិនជាដៃគូ ហើយជាការគំរាមកំហែងទៅវិញ។
រដ្ឋាភិបាលអឺរ៉ុបជាច្រើនបានប្ដេជ្ញាបង្កើនយ៉ាងខ្លាំងនូវការចំណាយលើយោធា និងការត្រៀមខ្លួន។ អ្នកនយោបាយចាប់ពីក្រុងប៊ែរឡាំង រហូតដល់ប៉ារីស និងរដ្ឋធានីដទៃទៀតកំពុងពិភាក្សារួចហើយថាតើប្រុងប្រយ័ត្នថ្មីរបស់ពួកគេអាចរីករាលដាលដល់កម្រិតណាចំពោះប្រទេសចិន។
ប្រទេសចិនហាក់ដូចជាមិនទាន់ច្បាស់ថាត្រូវឆ្លើយតបយ៉ាងដូចម្ដេចចំពោះការផ្លាស់ប្ដូរនេះ។
សម្រាប់ពេលជាច្រើនឆ្នាំមកហើយ ទីក្រុងប៉េកាំងព្យាយាមបញ្ចុះបញ្ចូលឱ្យអឺរ៉ុបកាន់តែជិតស្និតជាមួយខ្លួន ជាដៃគូពាណិជ្ជកម្ម និងការទូត ហើយបានប្រឆាំងការចុះសម្រុងជាមួយនឹងក្រុងវ៉ាស៊ីនតោន។ ចិនបាននិយាយថាអឺរ៉ុបអាចជួយពិភពលោកទប់ទល់នឹងការត្រួតត្រារបស់អាមេរិក ដែលជាសារដ៏មានឥទ្ធិពលមួយនៅក្នុងអំឡុងពេលនៃការកាន់អំណាចរបស់លោកដូណាល់ ត្រាំ ដែលបានដកអាមេរិកចេញពីកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីស ហើយបង្កឱ្យមានសង្គ្រាមសេដ្ឋកិច្ចនៅជុំវិញពិភពលោក។
ប៉ុន្តែ សូម្បីតែមុនសង្គ្រាមនេះ ភាពមិនចុះសម្រុងរវាងអឺរ៉ុប និងចិន បានកើនឡើងរួចទៅហើយ។
សហភាពអឺរ៉ុប និងចក្រភពអង់គ្លេសបានរិះគន់យ៉ាងខ្លាំងចំពោះការគាបសង្កត់របស់ក្រុងប៉េកាំងទៅលើក្រុងហុងកុង និងតំបន់ស៊ីនជាំង។ កាលពីឆ្នាំមុនសភាអឺរ៉ុបបានរារាំងកិច្ចព្រមព្រៀងពង្រីកពាណិជ្ជកម្មចិន-អឺរ៉ុប ដោយលើកឡើងអំពីការរំលោភសិទ្ធមនុស្សរបស់ចិន និងការដាក់ទណ្ឌកម្មលើសមាជិកសភាអឺរ៉ុប និងបញ្ញវន្តអឺរ៉ុប។
រីឯក្រុងប៉េកាំងវិញ បានខឹងសម្បារចំពោះការដាក់ទណ្ឌកម្មរបស់អឺរ៉ុបចំពោះការរំលោភសិទ្ធមនុស្សនៅស៊ីនជាំង និងហុងកុង ខណៈពេលដែលកាលពីឆ្នាំ ២០១៩ អឺរ៉ុបបានប្រកាសចាត់ទុកប្រទេសចិនជា «គូប្រជែងជាប្រព័ន្ធ»។ មន្ត្រីការទូតចិនបានអះអាងថា អឺរ៉ុបបានបំភាន់ចេតនារបស់លោកស៊ី អំពីសង្គ្រាមនៅអ៊ុយក្រែន ហើយអរិភាពពីក្រុងវ៉ាស៊ីនតោនបានធ្វើឱ្យក្រុងប៉េកាំងកាន់តែជិតដិតជាមួយក្រុងម៉ូស្គូ៕

ប្រភព៖ New York Times