ប្រធានាធិបតីលីទុយអានីជំរុញឱ្យស៊ុយអែត និងហ្វាំងឡង់ឱ្យចូលជាសមាជិកណាតូ
ប្រធានាធិបតីលីទុយអានីលោកហ្គីតាណាស ណាវសេដានិយាយថាការចូលជាសមាជិកណាតូ ដោយស៊ុយអែត និងហ្វាំងឡង់ គឺនឹងបង្កើនសន្តិសុខនៃតំបន់បាល់តិច និងពង្រឹងសម្ព័ន្ធភាពយោធាលោកខាងលិច ហើយបានជំរុញឱ្យប្រទេសទាំងពីរកុំឱ្យខ្ជះខ្ជាយពេលវេលាក្នុងការដាក់ពាក្យ។
លោកណាវសេដាបានច្រានចោលការគំរាមរបស់រុស្ស៊ីថានឹងពង្រឹងកងកម្លាំង និងដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅតំបន់បាល់តិច ប្រសិនបើប្រទេសទាំងពីរនេះពិតជាចូលសមាជិកណាតូមែន។ លោកណាវសេដានិយាយថាក្រុងម៉ូស្គូបានដាក់ពង្រាយអាវុធទាំងនេះនៅតំបន់កាលីននីនក្រាដជាច្រើនឆ្នាំមកហើយ ហើយប្រទេសហ្វាំងឡង់ និងស៊ុយអែតគឺគ្រាន់តែឆ្លើយតបនឹងអំពើអរិភាពរបស់រុស្ស៊ីប៉ុណ្ណោះ។
ប្រទេសទាំងពីរនេះគឺជាសមាជិកសហភាពអឺរ៉ុប ប៉ុន្តែបានមិនបានចូលជាសមាជិកអង្គការណាតូនោះទេ ដោយគិតថាទំនាក់ទំនងរបស់ពួកគេជាមួយរុស្ស៊ីគឺនឹងមិនមានភាពតានតឹងប្រសិនបើពួកគេមិនចូលរួម។ ប៉ុន្តែឥឡូវនេះដោយសារការលុកលុយរបស់រុស្ស៊ីទៅលើអ៊ុយក្រែន ប្រទេសហ្វាំងឡង់និយាយថាពួកគេនឹងសម្រេចចិត្តអំពីការចូលជាសមាជិកណាតូ ហើយស៊ុយអែតគឺកំពុងពិចារណាធ្វើតម្រាប់តាមប្រទេសហ្វាំងឡង់។
មតិសាធារណនៅប្រទេសទាំងពីរនេះបានបង្វែរជាលើកដំបូងក្នុងប្រវត្តិសាស្ត្រមកគាំទ្រការចូលជាសមាជិកអង្គការណាតូ ធ្វើឱ្យអ្នកនយោបាយដឹកនាំប្រទេសធ្វើការសម្រេចចិត្តយ៉ាងឆាប់រហ័ស បើទោះបីជាមានការគំរាមកំហែងពីរុស្ស៊ីក៏ដោយ៕

ប្រភព៖ FT