រុស្ស៊ីព្រមានអំពីការដាក់ពង្រាយអាវុធនុយក្លេអ៊ែរ ប្រសិនបើស៊ុយអែត និងហ្វាំងឡង់ចូលជាសមាជិកណាតូ
កាលពីថ្ងៃព្រហស្បតិ៍ ទី១៤ មេសាសម្ព័ន្ធមិត្តជិតស្និតមួយរបស់ប្រធានាធិបតីរុស្ស៊ីវ្ល៉ាឌីមៀរ ពូទីន បានព្រមានថាប្រសិនបើប្រទេសស៊ុយអែត និងហ្វាំងឡង់ចូលជាសមាជិកសម្ព័ន្ធភាពយោធាលោកខាងលិចណាតូ នោះរុស្ស៊ីនឹងធ្វើការដាក់ពង្រាយអាវុធនុយក្លេអ៊ែរ និងមីស៊ីលជាការឆ្លើយតប។
បន្ទាប់ពីរុស្ស៊ីធ្វើការលុកលុយចូលអ៊ុយក្រែនកាលពីចុងខែកុម្ភៈ ប្រទេសស៊ុយអែត និងហ្វាំងឡង់បានប្រកាសថាពួកគេកំពុងពិចារណាចូលជាសមាជិកអង្គការណាតូ។ កាលពីថ្ងៃពុធ នាយករដ្ឋមន្ត្រីហ្វាំងឡង់លោកស្រីសាន់ណា ម៉ារិនបាននិយាយថាហ្វាំងឡង់អាចធ្វើការសម្រេចចិត្តក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខនេះ។
អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីលោកឌីមីទ្រី មេដវេដេវ ដែលក៏ជាអតីតប្រធានាធិបតី និងនាយករដ្ឋមន្ត្រីមួយរូប បាននិយាយថាប្រសិនបើស៊ុយអែត និងហ្វាំងឡង់ធ្វើបែបនេះ រុស្ស៊ីនឹងពង្រឹងកម្លាំងជើងគោក ជើងទឹក និងអាកាសរបស់ខ្លួននៅសមុទ្របាល់តិច។ រុស្ស៊ីមានទឹកដីមួយផ្នែកឈ្មោះកាលីននីនក្រាដនៅតំបន់បាល់តិច នៅរវាងប្រទេសប៉ូឡូញ និងប្រទេសលីទុយអានី។
លោកមេដវេដេវ ក៏បានលើកឡើងយ៉ាងច្បាស់អំពីការគំរាមកំហែងនុយក្លេអ៊ែរផងដែរ ដោយនិយាយថាមិនអាចមានការនិយាយអំពីតំបន់បាល់តិច «គ្មាននុយក្លេអ៊ែរ» ទៀតទេ។ លោកនិយាយថា៖ «មិនអាចនិយាយបានទៀតទេអំពីស្ថានភាពគ្មាននុយក្លេអ៊ែរសម្រាប់សមុទ្របាល់ទិក – តុល្យភាពត្រូវតែស្ដារឡើងវិញ»។
លោកមេដវេដេវ និយាយថាលោកសង្ឃឹមថាប្រទេសហ្វាំងឡង់ និងស៊ុយអែត នឹងយល់ឃើញ។ លោកនិយាយថាបើមិនដូច្នេះទេ ពួកគេនឹងត្រូវរស់នៅជាមួយអាវុធនុយក្លេអ៊ែរ និងមីស៊ីលលឿងជាសំឡេងនៅមាត់ទ្វារគេហដ្ឋានរបស់ពួកគេ៕

ប្រភព៖ Reuters