ខេត្តក្រចេះទទួលបានភ្ញៀវទេសចរណ៍ជាង ៣ម៉ឺននាក់ក្នុងរយៈពេល ៣ថ្ងៃ នៅតាមរមណីយដ្ឋាននានា
ក្រចេះ ៖ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិបានធ្វើដំណើទស្សនាកម្សាន្តនៅតាមរមណីយដ្ឋាននានាក្នុងខេត្តក្រចេះជាង៣ម៉ឺននាក់ក្នុងរយៈពេល៣ថ្ងៃ នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ។
ភ្ញៀវទេសចរណ៍ដែលសម្រុកនាំគ្នាទៅទស្សនាកម្សាន្តច្រើនជាងគេ គឺ រមណីយដ្ឋានទឹកជួរកាំពី មានកន្លែងងូត ទឹកលេង មានផ្ទះទឹកសម្រាប់អង្គុយលេង នឹងម្ហូបអាហារត្រីធម្មជាតិ ដែលមានតម្លៃសមរម្យផងដែរ ។
យោងតាមរបាយការណ៍មន្ទីរទេសចរណ៍ខេត្តក្រចេះបានឲ្យដឹងថា នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ខ្មែរឆ្នាំនេះនៅតាមតំបន់រមណីយដ្ឋាន និងទីកន្លែងកំសាន្តនានា គឺមានភ្ញៀវទេស ចរជាតិ និងអន្តរជាតិប្រមាណជាង ៣ម៉ឺននាក់ ។
របាយការណ៍បញ្ជាក់ថា ភ្ញៀវទេសចរសរុបចំនួន ៣៧៩៦២ នាក់ ក្នុងនោះភ្ញៀវទេសចរជាតិចំនួន ៣៧៦៨៤ នាក់និងភ្ញៀវអន្តរជាតិមានចំនួន ២៧៨នាក់ ។
ដោយឡែកចំពោះករណីគ្រោះថ្នាក់ចរាចរណ៍វិញ លោក ឧត្តមសេនីយ៍ត្រី ហ៊ន ប៉ូច ស្នងការរងទទួលផែននគរបាលសណ្ដាប់ធ្នាប់ បានបញ្ជាក់ថា រយៈពេល៣ថ្ងៃក្នុងពិធីបុណ្យចូល ឆ្នាំថ្មីប្រពៃណីជាតិខ្មែរគិតចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតមានឡើងនៅទូទាំងខេត្តក្រចេះមានចំនួន ៤ករណី ក្នុងនោះបង្កឲ្យមានមនុស្ស២នាក់បានស្លាប់បាត់បង់ជីវិត និងរបួសធ្ងន់ ៤នាក់ របួស ស្រាល ១នាក់ ខូចខាតម៉ូតចំនួន ៧គ្រឿង ។
លោកឧត្តមសេនីយ៍ត្រី បញ្ជាក់ថាមូលហេតុនៃគ្រោះ ថ្នាក់ចរាចរណ៍នេះកើតឡើងដោយសារការបើកបរមិនគោរពសិទ្ធិអាទិភាព វ៉ាជែង និងបទមិនប្រុងប្រយ័ត្នម៕ ដោយ ម៉េង គាង





