ខេត្តសៀមរាប ប្រារព្ធពិធីបណ្តែតប្រទីបសុំនូវសេចក្តីសុខនៅថ្ងៃបញ្ចប់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

សៀមរាប៖នៅថ្ងៃទីបីនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលជាថ្ងៃវារៈឡើងស័ក ឬការឆ្លងឆ្នាំ យើងតែងសង្កេតមានប្រារព្ធពិធីបុណ្យដ៏អឹកអធឹកមួយមិនដែលខាននោះគឺការបណ្តែតប្រទីប ។

ពិធីបុណ្យនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកចូលរួមជាពិសេសគឺយុវជន ។ នេះជា ទំនៀមទម្លាប់មួយដែលរក្សាទុកតាំងពីបុរាណមក ខណៈដែលបណ្តាវត្ត ដែលស្ថិត នៅតាមដងស្ទឹង បឹង ទន្លេ តែងតែប្រារព្វធ្វើឡើង ។ ពិធីបណ្តែតប្រទីបនេះ គឺ ដើមី្បបង្ហាញអំពីអត្តសញ្ញាណមួយ ដែល ធ្វើឲ្យខេត្ត ដែលមានវប្បធម៌ដ៏សម្បូរបែប កាន់តែមានភាពល្បីល្បាញរន្ទឺ លើការអភិរក្សវប្បធម៌ ទំនៀមទម្លាប់ប្រពៃណីពីដូនតា ហើយពិធីបណ្តែតប្រទីបនេះ គេតែងប្រារព្វនៅក្នុង ពិធីបុណ្យធំៗ របស់ខ្មែរយើង ។

តាមការបញ្ជាក់របស់លោកអាចារ្យ ទៅកាន់អ្នកចូលរួមក្នុងពិធីនេះបានរៀបរាប់ថា ពិធីបណ្តែត ប្រទីប ធ្វើឡើង ដើម្បីភាពត្រជាក់ត្រជុំ អរគុណដល់ព្រះគង្គា ដែលបានផ្តល់ទឹកស្រោច ស្រព ស្រូវស្រែ ដំណាំ និង ចិញ្ចឹមមនុស្ស សត្វ រក្ខាជាតិ ។ ជាមួយគ្នានឹងពិធីបណ្តែតប្រទីប លោកអាចារ្យក៏ប្រកាសសុំ សេចក្តី សុខសប្បាយត្រជាក់ត្រជុំដល់កូនចៅ សុំឲ្យធ្វើស្រែចម្ការកើតទទួលបានផល ដំណាំល្អជា រៀងរាល់ឆ្នាំ និង សុំឲ្យជៀសចាក់ឆ្ងាយពីជំងឺឆ្លងទៀតផង ។

ក្រឡេកមើលអ្នកបណ្តែតប្រទីបវិញ មិនត្រឹមតែអរគុណដល់ព្រះគង្គាទេ អ្នកខ្លះ លើកប្រទីប បួងសួងសុំសុខចម្រើន និង ប្រាថ្នាសុំពរផ្សេងៗមុននឹងបណ្តែត ប្រទីបចេញទៅ ។

តាមន័យ «ប្រទីប» គឺសំដៅដល់គ្រឿងដុតបំភ្លឺ រួមមានចង្កៀង គោម ទៀន និងចន្លុះជាដើម ។ ន័យម្យ៉ាងទៀតនៃពាក្យ «ប្រទីប» គឺឧបករណ៍សម្ភារៈដែលធ្វើជាគ្រោង ឬជារូបផ្សេងៗ ដាក់លើ ទូកលាត ឬលើក្បូន ប្រកបដោយគ្រឿងអុជបំភ្លឺព្រោងព្រាយបណ្ដែតលើផ្ទៃទឹក ។

ទាក់ទងនឹងរឿងប្រទីបនេះ ពុទ្ធបរិស័ទតាមបណ្ដាភូមិ គឺ លោកតែងធ្វើដើម្បីឧទ្ទិស ដល់ព្រះ ចង្កូម កែវ ហើយលោកក៏មានពិធីមួយទៀតនឹកឃើញថា ព្រះសម្មា សម្ពុទ្ធទ្រង់ បានញញឹម មាន រស្មីនៃ ព្រះចង្កូមកែវនេះភ្លឺ ដែលជារស្មីកើតឡើងដោយឯកឯងកើតដោយបារមី។ បើនិយាយឲ្យចំមួយ ទៀតព្រះចង្កូម គឺធ្មេញរបស់ព្រះពុទ្ធអង្គ ដែលស្ដេចនាគរាជ ដែលលោកយកទៅតម្កល់ទុក នៅឯ ឋានភុជង្គនាគ។ ដូច្នេះពិធីនេះគេតែងតែរំឭក ហើយភ្ជាប់ទៅលើអ្វីដែលជាព្រះពុទ្ធសាសនា ទាក់ទងនឹងពុទ្ធប្រវត្តិ ។

បើយើងមកមើលក្នុងសកម្មភាពព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត ដែលត្រូវបានបិទបញ្ចប់នៅថ្ងៃ វារៈឡើងស័ក ក៏មានការ រៀបចំពិធីបណ្តែតប្រទីប នៅបណ្តោយស្ទឹងសៀមរាប ក្រោមវត្តមាន ចូលរួមរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តសៀមរាប ព្រមទាំងវត្តមាន ឯកឧត្តម លោកឧកញ៉ា លោកជំទាវជាសមាជិកព្រឹទ្ធសភា រដ្ឋសភា រដ្ឋលេខាធិការ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អាជ្ញាធរក្រុង ស្រុក កងកម្លាំងទាំងបី និង ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។

សម្តេចពិជ័យសេនា បានអញ្ជើញទស្សនានៅតាមស្តង់របស់បងប្អូនអាជីវករ ដែលបានដាក់តាំង នូវផលិតផលរបស់ខ្លួន ព្រមទាំងបានមានប្រសាសន៍ ចូលរួមអបអរសាទរ និង សម្តែងការកោត សរសើរចំពោះមន្រ្តីគ្រប់លំដាប់ថ្នាក់ នៃរដ្ឋបាលខេត្ត មន្ទីរពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋខេត្ត សៀមរាប ដែលបានរៀបចំកម្មវិធីសប្បាយៗកម្សាន្តនានា ដែលជាការបង្ហាញពីកិច្ចខិតខំ ប្រឹងប្រែងថែរក្សា សម្បត្តិវប្បធម៌ និង រតនៈសម្បត្តិដ៏មានតម្លៃ ក្នុងជម្រៅវប្បធម៌ អរិយធម៌ខ្មែរ បានស្ថិតស្ថេរគង់វង្ស តាមពាក្យស្លោកពោលថា«វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន» ។

សម្តេចបានបញ្ជាក់ថា ព្រឹត្តិការណ៍សៀមរាបសង្រ្កាន្តនេះ គឺជាចលករមួយ ក្នុងការស្តារឡើង វិញ នៃវិស័យទេសចរណ៍ ដែល បានជួបនូវវិបត្តិកូវិដ១៩ រយៈពេលកន្លងមកនេះ ព្រមទាំងស្តារ នូវជីវភាពរបស់ ប្រជាពលរដ្ឋខេត្តសៀមរាបផងដែរ ៕

ដោយ៖ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner