បីខែដើមឆ្នាំនេះ ការនាំចេញដំឡូងមី របស់កម្ពុជា មានជាង ១.៥លានតោនទៅកាន់ថៃ និងវៀតណាម
ភ្នំពេញ៖ របាយការណ៍ក្រសួងកសិកម្មបានបញ្ជាក់ថា ចាប់ពីខែមករា ដល់ ខែមីនា ឆ្នាំ២០២២ កម្ពុជានាំចេញចំណិតដំឡូងមីក្រៀមប្រមាណ ១,២៥២,៣៤០តោន កើនឡើងចំនួន១២.៧៥%, ដំឡូងមីស្រស់ ៣៥៣,៩៥០តោន កើនឡើងចំនួន ៤៥.៨១%, ម្ស៉ៅដំឡូងមី ២៥,២៦១តោន កើនឡើងចំនួន ៩០.១៥% និង កាកសំណល់ដំឡូងមី ៦,១២២.៨៩តោន កើនឡើងចំនួន ១៣៩.៣២%។
លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបងបានមានប្រសាសន៍ថា ដំណាំដំឡូងមី មានស្ថានភាពទីផ្សារល្អប្រសើរ ស្របពេលខាងប្រទេសថៃបានធ្វើការបញ្ជាទិញជារៀងរាល់ថ្ងៃ ដោយក្នុងមួយថ្ងៃនាំចេញដំឡូងមីជិត ៣,០០០តោន។ លោកបន្តថា ក្នុងឆ្នាំ២០២១ ដំណាំដំឡូងមីបានជួបនូវបញ្ហាតិចតួចប៉ុណ្ណោះ ដោយសារតែទឹកជំនន់ ប៉ុន្ដែបើនិយាយអំពីបរិមាណផល គឺមានការកើនឡើង ដោយសារតែផ្ទៃដីដាំដុះច្រើនជាងឆ្នាំ២០២០។
បើតាមការប៉ាន់ស្មានការប្រើប្រាស់ដំឡូងមីនៅក្នុងស្រុក មានប្រហែល ៣០ ទៅ ៣៥ភាគរយប៉ុណ្ណោះ ក្រៅពីនោះ កម្ពុជានាំចេញទៅប្រទេសជិតខាង។
គោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា អនុម័តកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០។ គោលនយោបាយជាតិនេះ មានគោលបំណងធ្វើឲ្យកម្ពុជាក្លាយជាទីតាំងផលិតកែច្នៃ និងជាអ្នកផ្គត់ផ្គង់ផលិតផលដំឡូងមីមួយ ប្រកបដោយភាពជឿទុកចិត្ត សម្រាប់ជំរុញការនាំចេញទៅទីផ្សារពិភពលោក។
គោលនយោបាយនេះ ក៏មានគោលដៅសំខាន់ចំនួន៣ គឺ៖
ទី១៖ ផ្លាស់ប្តូរពីផលិតកម្មដំឡូងមីបែបប្រពៃណីឬគ្រួសារ ឲ្យទៅជាផលិតកម្មដំឡូងមីបែបពាណិជ្ជកម្ម,
ទី២៖ ការគាំទ្រដល់អ្នកកែច្នៃផលិតផលដំឡូងមី ឲ្យមានសក្តានុពល និងទាក់ទាញវិនិយោគ ដើម្បីកែច្នៃផលិតផលពីដំឡូងមី ដែលមានតម្លៃបន្ថែមខ្ពស់សម្រាប់ផ្គត់ផ្គង់ទីផ្សារ
ទី៣៖ ការលើកកម្ពស់ភាពប្រកួតប្រជែងពាណិជ្ជកម្ម តាមរយៈការជ្រៀតចូល និងចាប់យកចំណែកទីផ្សារ ដោយផ្សារភ្ជាប់ទៅនឹងអន្តរវិស័យ ដែលពាក់ព័ន្ធក្នុងការនាំចេញ។
នៅក្នុងពិភពលោក ដំឡូងមីត្រូវបានគេទទួលស្គាល់ ជាកសិកផលប្រចាំសតវត្សទី២១ ដោយវាត្រូវបានដាំដុះរាប់តាំងពីលក្ខណៈគ្រួសារ រហូតដល់ការនាំចេញទ្រង់ទ្រាយធំ ដើម្បីបម្រើឧស្សាហកម្មម្ហូបអាហារ និងការផលិតប្រេងឥន្ធនៈអេតាណុល៕ ប្រភព៖ Freshnews ដោយ៖ ឈឹម ទីណា




