សត្វប្រម៉ង់ មានរស់នៅតាមតំបន់ទន្លេសាប ទន្លេមេគង់ និង អាងត្រពាំងថ្មនៃប្រទេសកម្ពុជា
ភ្នំពេញ ៖ ប្រម៉ង់ជាសត្វដែលពលរដ្ឋកម្ពុជាមួយចំនួនពុំបានស្គាល់វាច្បាស់លាស់ទេ ហើយសត្វប្រភេទនេះបច្ចុប្បន្នក៏ពុំសម្បូរច្រើននោះដែរ។ តាមពិតប្រម៉ង់មានឈ្មោះថា Osprey និង មានឈ្មោះតាមវិទ្យាសាស្ត្រថា Pandion haleretus ។ វាជាប្រភេទសត្វរងគ្រោះតិចតួច លើពិភពលោក ។សត្វប្រភេទនេះត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការ IUCNផងដែរ។
បើតាមការចុះផ្សាយទំព័រហ្វេសប៊ុក របស់ក្រសួងបរិស្ថានបានឱ្យដឹងថា ប្រម៉ង់ វាជាប្រភេទទេសន្តរប្រវេសន៍នៅក្នុងប្រទេសកម្ពុជា មានវត្តមាននៅតាមដងទន្លេធំៗតំបន់ឆ្នេរសមុទ្រតាមត្រពាំងធំៗ ដូចជាតំបន់ទន្លេសាប តាមដងទន្លេមេគង្គ និង អាងត្រពាំងថ្ម ខេត្ត បន្ទាយមានជ័យជាដើម។
វាជាប្រភេទសត្វដែលស៊ីសាច់ជាអាហារដែលមានមាឌធំ ហើយចូលចិត្តស៊ីត្រី និងចាប់ត្រីដោយក្រញាំជើងរបស់វា ជាទូទៅវាតែងតែហើរសំកាំងពីលើផ្ទៃទឹក។ ឈ្មោលមានពណ៌ត្នោតក្រម៉ៅផ្នែកខាងលើក្បាលនិងផ្នែកខាងក្រោម មានឆ្នូតខ្មៅកាត់តាមភ្នែក និង មានឆ្នូតតូចៗនៅលើទ្រូង។ ញីមានបង្កង់ទ្រូងធំជាង ស្លាបមានរាងតូចជាង និងគម្របស្លាបផ្នែកខាងក្រោម ពណ៌ស ៕ ដោយ ៖ ម៉ា ដេប៉ូ


