នាយករដ្ឋមន្រ្តីអ៊ុយក្រែន៖ កងកម្លាំងអ៊ុយក្រែនក្នុងទីក្រុងម៉ារីយូប៉ូល នឹងតស៊ូប្រយុទ្ធដល់ទីបញ្ចប់
កៀវ៖ នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក ឌេននីស៍ ស៊ីមហល់ (Denys Shmyhal) បាននិយាយថា តំបន់សំខាន់នៃទីក្រុងម៉ារីយូប៉ូល ភាគខាងកើតមិនទាន់ដួលរលំនៅឡើយទេ ហើយកងកម្លាំងអ៊ុយក្រែននៅទីនោះ នឹងប្រយុទ្ធរហូតដល់ទីបញ្ចប់។
លោក ស៊ីម ហល់ បានថ្លែងបែបនេះប្រាប់ទូរទស្សន៍ ABC របស់សហរដ្ឋអាមេរិកនៅថ្ងៃអាទិត្យម្សិលមិញ បន្ទាប់ពីយោធារុស្ស៊ីបានទាមទារឱ្យអ្នកការពារទីក្រុងដាក់អាវុធរបស់ពួកគេចុះ។
លោកបន្តថា ប្រជាពលរដ្ឋក្នុងទីក្រុងដែលត្រូវបានឡោមព័ទ្ធបានរងគ្រោះអស់រយៈពេលជាង ៤០ថ្ងៃមកហើយ និងថា ពួកគេគ្មានទឹក គ្មានអាហារ គ្មានភាពកក់ក្តៅ និងគ្មានអគ្គិសនីប្រើប្រាស់ទេ ដោយលោកបានហៅស្ថានភាពនេះថា ជា “គ្រោះមហន្តរាយមនុស្សធម៌”។
នាយករដ្ឋមន្ត្រី អ៊ុយក្រែនរូបនេះបានបញ្ជាក់ទៀតថា អ៊ុយក្រែននឹងរៀបចំដើម្បីបញ្ឈប់សង្គ្រាមតាមផ្លូវការទូត ប៉ុន្តែលោកថា ប្រទេសរបស់ខ្លួននឹងតស៊ូជាដាច់ខាត បើរុស្ស៊ីមិនចង់ចរចា។ លោក ស៊ីម ហល់ បានសង្កត់ធ្ងន់ដូច្នេះថា យើងនឹងមិនចុះចាញ់ទេ… យើងនឹងមិនចាកចេញពីប្រទេសរបស់យើងទេ៕ ប្រភព៖ NHK ដោយ៖ ឈឹម ទីណា





