ឯកឧត្តម ហ៊ុន ម៉ាណែត៖ សម្តេចតេជោ ហ៊ុន សែន តែងបានគិតគូរជាប់ជាប្រចាំអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ហើយតែងតែនៅក្បែរប្រជាពលរដ្ឋក្នុងគ្រប់ស្ថានការណ៍

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន តែងបានគិតគូរជាប់ជាប្រចាំអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ហើយតែងតែនៅក្បែរប្រជាពលរដ្ឋក្នុងគ្រប់ស្ថានការណ៍ ដោយមិនមានពេលណាមួយដែលទុកប្រជាពលរដ្ឋចោលនោះទ្បើយ។ ដូច្នេះ សូមបន្តជឿទុកចិត្តមកលើសម្តេចតេជោតាមរយៈការបោះឆ្នោតជូនសម្តេចបន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកវឌ្ឍភាពរុងរឿងបន្ថែមទៀត។

ការបញ្ជាក់នេះ ក្នុងឱកាសឯកឧត្តមអញ្ជើញចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់នូវមហាកុដិ និងសមិទ្ធផល ក្នុងវត្តព្រៃតុម្ព ស្ថិតក្នុងភូមិព្រៃតុម្ព ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត កាលពីព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា សម្តេចតេជោ ហ៊ុន សែន បាននាំមកនូវសន្តិភាពពេញលេញសម្រាប់ជូនប្រជាពលរដ្ឋ រួមមានទាំង “សន្តិភាពផ្លូវកាយ” គឺការការពារមិនឱ្យមានការវិលត្រលប់មកវិញនូវស្ថានការណ៍សង្គ្រាមដូចធ្លាប់កើតមាននាខែមេសា ឆ្នាំ១៩៧៥ ដែលបានបង្កនូវមហាវិនាសកម្មកាប់សម្លាប់អាយុជីវិត ប្រជាពលរដ្ឋ និងការបំផ្លិចបំផ្លាញគ្រប់ហេដ្ឋរចនាសម្ព័ន្ធជាតិ និង“សន្តិភាពផ្លូវចិត្ត” គឺការបង្កលក្ខណៈឱ្យប្រជាពលរដ្ឋមានសិទ្ធិសេរីភាពក្នុងការរស់នៅប្រកបដោយក្តីសង្ឃឹម។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានចូលរួមអបអរសាទរចំពោះសមិទ្ធផលថ្មីៗដែលបន្តកើតមានទ្បើងនៅក្នុងទីអារាម ដែលមានចំណាស់ជាង៣០០ឆ្នាំ ក្រោមដំណើរឆ្លងកាត់ដំណាក់កាលទ្បើងចុះជាច្រើននៃប្រវត្តិអតីតកាល។ សំខាន់នៅក្រោមម្លប់នៃសុខសន្តិភាពជាង៤០ឆ្នាំកន្លងមកនេះ ប្រទេសជាតិយើងមានលំនឹងស្ថិរភាពហើយបាននាំមកនូវការអភិវឌ្ឍយ៉ាងច្រើនទាំងក្នុងទីវត្តអារាមនេះ ក៏ដូចជាក្នុងខេត្តកំពត និងទូទាំងប្រទេស។ សុខសន្តិភាពនេះហើយដែលបានផ្តល់នូវឱកាសក្នុងការធ្វើបុណ្យសន្សំកុសលរួមគ្នាប្រកបដោយភាពសប្បាយរីករាយ ជាពិសេសការប្រារព្វពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកន្លងទៅថ្មីៗ។

ឯកឧត្តមបណ្ឌិតក៏បានសូមអរគុណដល់ក្រុមការងារចុះជួយមូលដ្ឋានគ្រប់យន្តការ អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការ លោកគ្រូអ្នកគ្រូ ដែលជានិច្ចជាកាលតែងបានយកចិត្តទុកដាក់អនុវត្តភារកិច្ចបម្រើប្រជាពលរដ្ឋជាប់ជាប្រចាំ រួមទាំងការចុះសួរសុខទុក្ខ និងស្វែងយល់ផ្ទាល់ពីស្ថានភាពនៅមូលដ្ឋាន។ នេះគឺជាកាតព្វកិច្ចចម្បង និងជាការផ្សារភ្ជាប់មួយយ៉ាងសំខាន់រវាងរាស្ត្រជាម្ចាស់ប្រទេស និងមន្ត្រីជាអ្នកបម្រើរាស្ត្រ និងសូមលើកទឹកចិត្តឱ្យបន្តការងារដ៏ពិសិដ្ឋនេះរឹតតែល្អប្រសើរឡើងបន្ថែមទៀត ដើម្បីឱ្យស័ក្តិសមនឹងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋដែលបានផ្តល់ជូន៕
ដោយ៖ពលជ័យ

ads banner