សង្គ្រាមអ៊ុយក្រែន អតិផរណាខ្ពស់ និងភាពយីតយ៉ាងនៃការស្ទុះងើបពីវិបត្តិកូវីដ គំរាមកំហែងដល់សេដ្ឋកិច្ចពិភពលោក
អតិផរណាខ្ពស់ រួមនិងដំណើរមិនចម្រើនខាងសេដ្ឋកិច្ច ឬ [Stagflation] នឹងគំរាមកំហែងដល់សេដ្ឋកិច្ចពិភពលោកនៅឆ្នាំ ២០២២ ដែលធ្វើឱ្យកាន់តែអាក្រក់ទៅៗដោយសារតែសង្រ្គាមនៅអ៊ុយក្រែន និងភាពយឺតយ៉ាវនៃការងើបឡើងវិញពីវិបត្តិជំងឺរាតត្បាតកូវីដ-១៩។ នេះបើតាមការសិក្សាស្រាវជ្រាវរបស់កាសែត Financial Times (FT) ដែលចេញផ្សាយកាលពីថ្ងៃអាទិត្យ។
សន្ទស្សន៍តាមដានចុងក្រោយបង្អស់របស់វិទ្យាស្ថានស្រាវជ្រាវ Brookings រួមគ្នាជាមួយកាសែត FT បង្ហាញថា កំណើនសម្ពាធតម្លៃ ការអូសបន្លាយការពង្រីកទិន្នផល និងការបាត់បង់ទំនុកចិត្តរបស់អ្នកប្រើប្រាស់ នឹងធ្វើឱ្យមានការថយចុះនៃសេដ្ឋកិច្ចសម្រាប់ប្រទេសភាគច្រើន។
លោក Eswar Prasad សេដ្ឋវិទូ និងជាមន្ត្រីជាន់ខ្ពស់នៅវិទ្យាស្ថាន Brookings និយាយថា ជាលទ្ធផលនៃបញ្ហានេះ អ្នកបង្កើតគោលនយោបាយនឹងរង «ការរំខានដ៏អាក្រក់» ដែលទាមទារឱ្យពួកគេត្រូវស្វែងយល់ពីរបៀបដោះស្រាយការកើនឡើងតម្លៃយ៉ាងឆាប់រហ័ស និងគ្រោះថ្នាក់នៃការដំឡើងអត្រាការប្រាក់ នៅពេលដែលកម្រិតបំណុលមានកម្រិតខ្ពស់រួចទៅហើយ។
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៅថ្ងៃអង្គារសប្តាហ៍នេះ គ្រោងនឹងបន្ទាបការព្យាករណ៍សេដ្ឋកិច្ចឆ្នាំ ២០២២ និង ២០២៣ របស់ខ្លួនសម្រាប់ប្រទេសចំនួន១៤៣ ពេលក្រុមរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងធនាគារកណ្តាល កោះប្រជុំនៅកិច្ចប្រជុំរបស់មូលនិធិនេះ និងធនាគារពិភពលោក ដើម្បីពិភាក្សាពីរបៀបដើម្បីឆ្លើយតបទៅនឹងទស្សនវិស័យសេដ្ឋកិច្ចដែលមិនអំណោយផល។
អ្នកស្រី Kristalina Georgieva នាយិកាគ្រប់គ្រង IMF និយាយកាលពីថ្ងៃព្រហស្បតិ៍ ពេលប្រកាសពីការបន្ទាបការព្យាករណ៍ថា៖ «យើងកំពុងប្រឈមមុខនឹងវិបត្តិជាន់វិបត្តិ»។ អ្នកស្រីហៅសង្រ្គាមនៅអ៊ុយក្រែនថាជា «ការថយក្រោយដ៏ធំ» សម្រាប់សេដ្ឋកិច្ចពិភពលោក ខណៈវិបត្តិកូវីដនៅឆ្ងាយពីការបញ្ចប់។
ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនដែលចាប់ផ្ដើមកាលពីចុងខែកុម្ភៈ បានធ្វើឱ្យមានការភ្ញាក់ផ្អើលពាសពេញសេដ្ឋកិច្ចពិភពលោក ដោយជំរុញឱ្យមានអត្រាអតិផរណាខ្ពស់បំផុតក្នុងរយៈពេល ៤ ទសវត្សរ៍ក្នុងប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន ចំពេលមានការព្រួយបារម្ភអំពីការផ្គត់ផ្គង់ប្រេង និងឧស្ម័នធម្មជាតិ។
កាលពីខែមករា IMF បានបន្ថយការព្យាករណ៍កំណើនសេដ្ឋកិច្ចសកលរបស់ខ្លួនពី ៤,៩ ភាគរយ មកនៅត្រឹម ៤,៤ ភាគរយសម្រាប់ឆ្នាំ ២០២២ ពេលវ៉ារ្យ៉ង់អូមីក្រុងនៃកូវីដ-១៩ រាលដាលជុំវិញពិភពលោក ប៉ុន្តែអ្នកស្រី Georgieva និយាយថា តួរលេខនេះនឹងថយចុះបន្ថែមទៀតក្នុងការព្យាករណ៍ថ្មីនាសប្ដាហ៍នេះ។
លោក Prasad និយាយថា មានហានិភ័យដែលឆ្នាំ ២០២២ «អាចក្លាយជារយៈពេលដ៏លំបាកនៃការរៀបចំសម្ព័ន្ធភាពជាថ្មីនៃភូមិសាស្ត្រនយោបាយ ការរំខានការផ្គត់ផ្គង់ជាប់លាប់ និងការប្រែប្រួលទីផ្សារហិរញ្ញវត្ថុ ដែលទាំងអស់នេះផ្ទុយនឹងបរិបទនៃកំណើនសម្ពាធអតិផរណា និងលទ្ធភាពដែលមានកំណត់សម្រាប់ការអនុវត្តគោលនយោបាយ»។
សេដ្ឋវិទូដដែលនិយាយថា ប្លុកសេដ្ឋកិច្ចធំៗ៣របស់ពិភពលោកប្រឈមមុខនឹងការលំបាកយ៉ាងខ្លាំងរៀងៗខ្លួន។ ខណៈការចំណាយនៅតែខ្ពស់ ហើយទីផ្សារការងារសហរដ្ឋអាមេរិកត្រលប់ទៅស្ថានភាពមុនជំងឺរាតត្បាតវិញ អតិផរណាក្នុងប្រទេសនេះបានកើនឡើងដល់ចំណុចខ្ពស់បំផុតក្នុងរយៈពេល ៤០ ឆ្នាំកាលពីខែមីនា នៅពេលតម្លៃទំនិញប្រើប្រាស់ឡើងដល់អត្រា ៨,៥ ភាគរយ។
សម្រាប់ប្រទេសចិន គឺបញ្ហាដែលកើតចេញពីការប្រកាន់ខ្ជាប់នូវយុទ្ធសាស្ត្រសូន្យកូវីដរបស់ខ្លួន ក្រោយការកើនឡើងនៃការឆ្លងរបស់វ៉ារ្យង់អូមីក្រុង។ ការបិទខ្ទប់តឹងរ៉ឹងដូចជានៅទីក្រុងសៀងហៃ គំរាមកំហែងដល់ការចំណាយរបស់អ្នកប្រើប្រាស់ ការវិនិយោគ និងផលិតកម្ម ដែលនឹងធ្វើឱ្យប៉ះពាល់ដល់ពាណិជ្ជកម្មពិភពលោក និងធ្វើឱ្យអតិផរណាកាន់តែឡើងខ្ពស់ថែមទៀត។
ចំពោះប៉ែកអឺរ៉ុប ការប្រឈមមុខនឹងជម្លោះអ៊ុយក្រែន និងបញ្ហាកាត់បន្ថយការពឹងផ្អែកលើការនាំចូលថាមពលរបស់រុស្ស៊ី ក៏ធ្វើឱ្យកម្រិតសុទិដ្ឋិនិយមនៃកំណើនសេដ្ឋកិច្ចធ្លាក់ចុះផងដែរ។ វិបត្តិស្បៀងអាហារ វិបត្តិថាមពល ការដួលរលំនៃខ្សែចង្វាក់ផ្គត់ផ្គង់ និងការរំខានពាណិជ្ជកម្ម ដែលចូលរួមដោយសង្រ្គាមអ៊ុយក្រែន កំណត់ផ្លូវដ៏លំបាកសម្រាប់សេដ្ឋកិច្ចអឺរ៉ុប ដែលធ្វើឱ្យអតិផរណាខ្ពស់ក្លាយជាបញ្ហាវែងឆ្ងាយ។
លោក Prasad និយាយថា៖ «ការរក្សាសេដ្ឋកិច្ចពិភពលោកឱ្យនៅលើផ្លូវកំណើនសមហេតុផល នឹងតម្រូវឱ្យមានសកម្មភាពរួមគ្នាដើម្បីដោះស្រាយបញ្ហាឫសគល់ រួមទាំងវិធានការដើម្បីកំណត់ការរំខានដែលបណ្តាលមកពីជំងឺរាតត្បាត ជំហានដើម្បីកាត់បន្ថយភាពតានតឹងភូមិសាស្ត្រនយោបាយ និងវិធានការគោលដៅដូចជាការចំណាយលើហេដ្ឋារចនាសម្ព័ន្ធ ដើម្បីបង្កើនផលិតភាពរយៈពេលវែង ជាជាងពង្រឹងតម្រូវការរយៈពេលខ្លី»។

ប្រភព៖ FT