ម្ចាស់មូលបត្របំណុលអន្តរជាតិរបស់ស្រីលង្កា ត្រៀមខ្លួនសម្រាប់ការខាតបង់យ៉ាងខ្លាំង
ប្រទេសស្រីលង្កា ដែលកំពុងប្រឈមមុខនឹងវិបត្តិបំណុលដ៏រ៉ាំរ៉ៃ គឺកំពុងឈានជើងចូលក្នុងស្ថានភាពមិនធ្លាប់មានពីមុនមក។ ការចរចាបានចាប់ផ្ដើមនៅក្រុងវ៉ាស៊ីនតោន រវាងមន្ត្រីរដ្ឋាភិបាលស្រីលង្កា និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) អំពីកញ្ចប់ជំនួយសម្រាប់ប្រទេសនេះ ខណៈពេលដែលមានការបាតុកម្មយ៉ាងខ្លាំងដោយប្រជាពលរដ្ឋ និងការសម្រេចចិត្តបញ្ឈប់ការសងមូលបត្របំណុលអន្តរជាតិ។
នេះគឺជាលើកទី ១៧ ហើយដែលប្រទេសស្រីលង្កា បានស្នើសុំឱ្យ IMF ជួយសង្គ្រោះសេដ្ឋកិច្ចរបស់ខ្លួន ដែលជាការស្នើសុំច្រើនលើកជាងគេទីពីរនៅអាស៊ីបន្ទាប់ពីប៉ាគីស្ថាន។ ប៉ុន្តែការប្រកាសផែនការបញ្ឈប់ការសងមូលបត្របំណុល គឺជារឿងមិនធ្លាប់មាន ហើយនឹងធ្វើម្ចាស់បំណុល ប្រឈមមុខនឹងការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ ដែលនឹងបង្កការខាតបង់យ៉ាងខ្លាំង។
លោកណាន់ដាឡាល វីរ៉ាស៊ីង្ហ ដែលជាធនាគារិកជើងចាស់ និងជាសេដ្ឋកិច្ចវិទូ ត្រូវបានរដ្ឋាភិបាលស្រីលង្កាស្នើឱ្យចាកចេញពីការចូលនិវត្តន៍ក្នុងខែនេះ ដើម្បីបម្រើការជាទេសាភិបាលនៃធនាគារកណ្ដាលស្រីលង្ការ។
គោលដៅចម្បងរបស់លោកវីរ៉ាស៊ីង្ហគឺបំបាត់ភាពឆោឡោក្នុងចំណោមម្ចាស់បំណុល។ ក្នុងសកម្មភាពដំបូងជាទេសាភិបាលលោកបានបង្កើនការប្រាក់រហូតដល់ ៧ ភាគរយ។ លោកបានប្រាប់អ្នកសារព័ត៌មានថា៖ «នេះនឹងផ្ដល់សារដ៏រឹងមាំមួយដល់វិនិយោគិនអន្តរជាតិ ទៅកាន់ម្ចាស់បំណុលរបស់យើង និងទៅកាន់ទីផ្សារថាយើងនឹងចេញពីវិបត្តិនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
ជំហររបស់លោកគឺខុសស្រឡះពីអ្នកកាន់តំណែងមុនគឺលោកនីវ៉ាដ កាបារ៉ាស់ ដែលមានទស្សនៈជាតិនិយមជ្រុលដូចលោកប្រធានាធិបតីហ្គោតាបាយ៉ា រាជប៉ាក់សា។ ពួកគេចង់ជៀសវាងមធ្យោបាយពាក់ព័ន្ធនឹងស្ថាប័នអន្តរជាតិដូចជា IMF ហើយគាំទ្រមធ្យោបាយក្នុងស្រុកវិញដូចជាការកាត់បន្ថយការនាំចូល និងកិច្ចព្រមព្រៀងប្ដូររូបិយប័ណ្ណទ្វេភាគី ដើម្បីបង្កើនទុនបម្រុងរបស់ខ្លួន។
សម្រាប់ទីផ្សារ ការឈានទៅដល់ការបរាជ័យរបស់ស្រីលង្កា ក្នុងការមិនអាចទូទាត់ការប្រាក់ គឺជាកាលប្បវត្តិនៃការបរាជ័យសងមូលបត្របំណុល ដែលបានទាយទុកជាមុន។
មូលបត្របំណុលអន្តរជាតិ (ISB) ដែលនឹងត្រូវសងនៅខែកក្កដានេះ ជួញដូរមួយដុល្លារបានតែ ៥៤ សេនប៉ុណ្ណោះ មុនការប្រកាសផែនការបញ្ឈប់ការសង។ មូលបត្រចំនួន ១,២៤ ពាន់លានដុល្លារ ដែលនឹងត្រូវសងនៅឆ្នាំ ២០២៣ ជួញដូរមួយដុល្លារបានតែ ៤៧ សេនប៉ុណ្ណោះ។
ការឈានជើងចូលក្នុងទីផ្សារបំណុលអន្តរជាតិរបស់ប្រទេសស្រីលង្កា បានចាប់ផ្ដើមកាលពីឆ្នាំ ២០០៧ ខណៈពេលដែលពីប្រទេសនេះកំពុងបញ្ចប់សង្គ្រាមស៊ីវិល ដែលមានអាយុជិត ៣០ ឆ្នាំទៅហើយ។ វិនិយោគិនអន្តរជាតិបានដណ្ដើមគ្នាទិញមូលបត្របំណុលរបស់ស្រីលង្កាចំនួន ៥០០ លានដុល្លារដំបូង ដោយសារអត្រាការប្រាក់ខ្ពស់ ៨,២៥ ភាគរយ។ តម្រូវបានកើនឡើងបន្ថែមទៀតបន្ទាប់ពីក្រុមហ៊ុនវាយតម្លៃមូលបត្រ បានផ្ដល់ចំណាត់ថ្នាក់ល្អដល់ប្រទេសនេះ។ តម្រូវការដ៏ធំបែបនេះបានប្រមូលផ្ដុំមូលធនជាច្រើនទៅឱ្យប្រទេសស្រីលង្កា ប៉ុន្តែក៏បានធ្វើឱ្យប្រទេសនេះញៀននឹងការខ្ចីប្រាក់។
ប្រទេសស្រីលង្កា មានប្រវត្តិសាស្ត្រប្រឈមមុខនឹង «ឱនភាពភ្លោះ» គឺឱនភាពពាណិជ្ជកម្ម និងថវិកាជាតិ ប៉ុន្តែអាចទប់ទល់នឹងបញ្ហានេះបានដោយសារខ្លួនអាចខ្ចីបំណុលមកបំពេញចន្លោះប្រហោង។ ប៉ុន្តែបន្ទាប់ពីក្រុមហ៊ុនវាយតម្លៃមូលបត្រអន្តរជាតិចម្បងទាំងបីបានទម្លាក់ចំណាត់ថ្នាក់របស់ស្រីលង្កា តម្រូវមូលបត្របំណុលពួកគេបានធ្លាក់ចុះយ៉ាងខ្លាំង ហើយបិទទ្វារមិនឱ្យប្រទេសនេះខ្ចីមូលធនបន្ថែមទៀត។
នៅឆ្នាំ ២០២០ ជិត ៧០ ភាគរយនៃចំណូលរបស់រដ្ឋាភិបាល គឺត្រូវបានប្រើប្រាស់ទៅលើការទូទាត់ការប្រាក់បំណុល បន្ទាប់ពីពួកគេកាត់បន្ថយអត្រាពន្ធដារលើចំណូល ធ្វើឱ្យឱនភាពថវិកាជាតិកាន់តែកើនឡើងសម្រាប់ឆ្នាំ ២០២១ និង ២០២២។ បន្ថែមពីលើនេះទៅទៀតជំងឺកូវីដ-១៩បានធ្វើឱ្យវិស័យទេសចរណ៍អន្តរជាតិរបស់ខ្លួនស្ទើរតែសាបសូន្យ ហើយបំបាត់ប្រភពរូបិយប័ណ្ណបរទេសដ៏ធំមួយ។
ស្តុករូបិយប័ណ្ណបរទេសរបស់ស្រីលង្កាបានធ្លាក់ពី ៧,៦ ពាន់លានដុល្លារកាលពីខែធ្នូឆ្នាំ ២០១៩ មកសល់ត្រឹមតែ ២០០ លានដុល្លារប៉ុណ្ណោះកាលពីខែមុន។ កង្វះរូបិយប័ណ្ណអន្តរជាតិបានធ្វើឱ្យការនាំចូលទំនិញកាន់តែលំបាក។ កង្វះអាហារ ឥន្ធនៈ និងឱសថ នៅក្នុងប្រទេសដែលរំពឹងយ៉ាងខ្លាំងលើការនាំចូលទំនិញទាំងនេះ បានបង្កឱ្យមានអតិផរណាយ៉ាងខ្លាំង បង្កើនការចំណាយនៃការរស់នៅ ដែលសរុបមកបង្កផលប៉ះពាល់យ៉ាងខ្លាំងទៅលើប្រជាជន៕

ប្រភព៖ Asia Nikkie