គ្រូបង្វឹកសញ្ជាតិបារាំង សុខចិត្តឃ្លាតឆ្ងាយពីប្រទេសកំណើត ព្រោះចង់ជួយឲ្យកូនសិស្សឈ្នះមេដាយមាស ស៊ីហ្គេម ឆ្នាំ២០២៣
គ្រូបង្វឹកសញ្ជាតិបារាំង លោក OLIVIER PAIN BOURNEAU សុខចិត្តឃ្លាតឆ្ងាយពីប្រទេសកំណើតរបស់ខ្លួនមកកាន់ទឹកដីព្រះរាជាណាចក្រកម្ពុជា ធ្វើជាគ្រូបង្វឹក នៅសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ ដើម្បីបណ្តុះបណ្តាលកីឡាករ កីឡាការិនីអោយមានសក្តានុពល ឆ្ពោះទៅដណ្តើមមេដាយមាស នៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
លោក OLIVIER បានបញ្ជាក់ថា មកដល់កម្ពុជាដំបូង គ្រាន់តែជួយបង្ហាត់ ពេលទំនេរ ពីការសម្រាកនៅប្រទេសបារាំងប៉ុណ្ណោះ ។ ប៉ុន្តែដោយសារឧបនិស្ស័យ បង្ហាត់យូទៅៗជាប់ចិត្តចង់ជួយឲ្យអត្តពលិកកម្ពុជា ឈ្នះមេដាយមាសក្នុងនាមជាម្ចាស់ផ្ទះ នៅស៊ីហ្គេម ឆ្នាំ២០២៣ ។ គ្រូបង្វឹករូបនេះ សង្ឈឹមជឿជាក់ថា ការជួយរបស់លោក នឹងក្លាយចំណែកមួយយ៉ាងសំខាន់ ក្នុងការពន្លឿនអភិវឌ្ឍសមត្ថភាពកីឡាករ កីឡាការិនីឲ្យកាន់តែមានសក្តានុពល សម្រាប់កម្ពុជា នាស៊ីហ្គេម ឆ្នាំ២០២៣ ។
គួរបញ្ជាក់ថា លោក OLIVIER PAIN BOURNEAU មានវ័យ៤៥ឆ្នាំ ជាគ្រូបង្វឹកមួយរូបមានបទពិសោធន៍ជោគជាំ មានសញ្ញាប័ត្រជាអ្នកបង្ហាត់ដ៏ជំនាញ លើវិញ្ញាសាជិះសេះផ្លោះរបា នឹងធ្លាប់បង្ហាត់បង្រៀនកីឡាករ កីឡាការិនី និងសេះ នៅប្រទេសបារាំង ។ ការផ្លាស់មកបង្ហាត់ នៅកម្ពុជា ព្រោះចង់ជួយអត្តពលិកជិះសេះកម្ពុជា ដណ្តើមបានមេដាយមាស ពីស៊ីហ្គេម នាឆ្នាំ២០២៣ ៕ អត្ថបទ៖ ជាវ ចន្ធូ