អតិផរណាខ្ពស់ និងការរាំងស្ទះសេដ្ឋកិច្ច ឬ Stagflation នឹងគំរាមកំហែងដល់សេដ្ឋកិច្ចពិភពលោកនៅឆ្នាំ ២០២២ ឱ្យកាន់តែអាក្រក់ទៅៗ ដោយសារតែសង្រ្គាមនៅអ៊ុយក្រែន និងភាពយឺតយ៉ាវនៃការងើបឡើងវិញពីវិបត្តិជំងឺរាតត្បាតកូវីដ១៩

អត្ថបទដោយ៖
AMS OneMinute

អ្នកស្រី Kristalina Georgieva នាយិកាគ្រប់គ្រង IMF បានថ្លែងក្នុងពេលប្រកាសពីការបន្ទាបការព្យាករណ៍ថា៖ “យើងកំពុងប្រឈមមុខនឹងវិបត្តិជាន់វិបត្តិ”។ អ្នកស្រីហៅសង្រ្គាមនៅអ៊ុយក្រែនថាជា “ការថយក្រោយដ៏ធំ” សម្រាប់សេដ្ឋកិច្ចពិភពលោក ខណៈវិបត្តិកូវីដនៅតែបន្ដ។

ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនដែលចាប់ផ្ដើមកាលពីចុងខែកុម្ភៈ ជំរុញឱ្យមានអត្រាអតិផរណាខ្ពស់បំផុតក្នុងរយៈពេល ៤ ទសវត្សរ៍ក្នុងប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន ស្របពេលមានការព្រួយបារម្ភអំពីការផ្គត់ផ្គង់ប្រេង និងឧស្ម័នធម្មជាតិ។

កាលពីខែមករា IMF បានបន្ថយការព្យាករណ៍កំណើនសេដ្ឋកិច្ចសកលរបស់ខ្លួនពី ៤,៩% មកនៅត្រឹម ៤,៤% សម្រាប់ឆ្នាំ ២០២២ ពេលវ៉ារ្យ៉ង់អូមីក្រុងនៃកូវីដ១៩ រាលដាលជុំវិញពិភពលោក ប៉ុន្តែអ្នកស្រី Georgieva និយាយថា តួរលេខនេះនឹងថយចុះបន្ថែមទៀតក្នុងការព្យាករណ៍ថ្មីនាសប្ដាហ៍នេះ។

ប្លុកសេដ្ឋកិច្ចធំៗ៣របស់ពិភពលោកប្រឈមមុខនឹងការលំបាកយ៉ាងខ្លាំងរៀងៗខ្លួន។ ចំពោះប៉ែកអឺរ៉ុប ការប្រឈមមុខនឹងជម្លោះអ៊ុយក្រែន និងបញ្ហាកាត់បន្ថយការពឹងផ្អែកលើការនាំចូលថាមពលរបស់រុស្ស៊ី ក៏ធ្វើឱ្យកម្រិតសុទិដ្ឋិនិយមនៃកំណើនសេដ្ឋកិច្ចធ្លាក់ចុះផងដែរ។ វិបត្តិស្បៀងអាហារ វិបត្តិថាមពល ការដួលរលំនៃខ្សែចង្វាក់ផ្គត់ផ្គង់ និងការរំខានពាណិជ្ជកម្ម ដែលជំរុញដោយសង្រ្គាមអ៊ុយក្រែន បានកំណត់ផ្លូវដ៏លំបាកសម្រាប់សេដ្ឋកិច្ចអឺរ៉ុប ដែលធ្វើឱ្យអតិផរណាខ្ពស់ក្លាយជាបញ្ហាវែងឆ្ងាយ។

ប្រភព៖ The Guardian

ads banner