ត្រីមាសទី១ ឆ្នាំនេះ ការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូរបស់កម្ពុជាមានទឹកប្រាក់ជាង ៩៩លានដុល្លារ

ភ្នំពេញ៖ របាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូបានបង្ហាញថា កម្ពុជាទទួលបានចំណូល ជាង៩៩លានដុល្លារពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូនៅត្រីមាសទី១ ឆ្នាំ២០២២នេះ។

បើតាមរបាយការណ៍ដដែលនេះ ចំណូលសរុបគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២ ពីការនាំ ចេញជ័រកៅស៊ូ និងឈើកៅស៊ូ មានចំនួន៩៩,១៤៦,៩៧០ដុល្លារ ក្នុងនោះ ចំណូលពីការ នាំចេញជ័រកៅស៊ូចំនួន៩៨,៥៦០,២៧០ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូចំនួន ៥៨៦,៧០០ដុល្លារ។

ចំពោះបរិមាណនៃការនាំចេញគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២ កម្ពុជាបាននាំចេញជ័រកៅស៊ូ ចំនួន៦១,៨៣៩តោន កើនឡើងចំនួន៧៨៣តោន ស្មើនឹង១ភាគរយ ធៀបនឹងរយៈពេល ដូចគ្នា នៃឆ្នាំមុន។ រីឯការនាំចេញឈើកៅស៊ូវិញ សម្រេចបានចំនួន៨៣៦ម៉ែត្រគូប កើនឡើង ៣.៤៧ ភាគរយ។ សម្រាប់តម្លៃលក់ជ័រកៅស៊ូមធ្យម គិតត្រឹមត្រីមាសទី១ ឆ្នាំនេះ ថ្លៃ១,៥៩៤ដុល្លារក្នុង មួយតោន បានថយចុះចំនួន៤២ដុល្លារក្នុងមួយតោន ស្មើនឹង០.៣ភាគរយ បើធៀបនឹងរយៈ ពេល ដូចគ្នានៃឆ្នាំមុន។ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២ ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៤,០៤៤ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន៣១០,១៩៣ហិកតា ស្មើនឹង៧៧ភាគរយ និងផ្ទៃដីថែទាំមានចំនួន ៩៣,៨៥១ហិកតា ស្មើនឹង២៣ភាគរយ។

គួរបញ្ជាក់ថា នៅឆ្នាំ២០២១ កម្ពុជារកចំណូលបានជាង៦១១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ ។ក្នុងនោះ នាំចេញជ័រកៅស៊ូចំនួន៣៦៦,៣០០តោន និងនាំចេញឈើកៅស៊ូ ចំនួន ៤៥៤ម៉ែត្រគូប៕
ប្រភព៖ Freshnews ដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner