បីខែដើមឆ្នាំ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទី ជាង២៧ម៉ឺនតោន
ភ្នំពេញ៖ របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបង្ហាញថា រយៈ ពេលបី ខែដើមឆ្នាំ២០២២នេះ ការនាំចេញគ្រាប់ស្វាយចន្ទីស្រស់ ឬគ្រាប់ឆៅមិនទាន់កែច្នៃមានបរិមាណ ជាង ២៧ម៉ឺនតោន ធ្លាក់ចុះប្រហែល៤០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ស្រប ពេល ការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃមានបរិមាណ២១៣តោន កើនឡើងជាង៣០០ ភាគរយ។
បើតាមរបាយការណ៍ដដែលនេះ រយៈពេលបីខែដើមឆ្នាំនេះ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទី កែច្នៃចំនួន២១៣.៤១តោន កើនឡើង៣១១.៨៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ក្នុងនោះនាំចេញទៅប្រទេសចិនចំនួន១២៣.៣៨តោន, ថៃចំនួន៧៦តោន, ជប៉ុនចំនួន១២.១០ តោន និងកោះតៃវ៉ាន់ចំនួន១.៩៣តោន។
ចំណែកការនាំចេញគ្រាប់ស្វាយចន្ទីឆៅចំនួន២៧១,៩៩៤.៤៨តោនធ្លាក់ចុះ៣៩.៦៧ភាគរយ ក្នុងនោះនាំចេញទៅប្រទេសវៀតណាមចំនួន២៧១,៩៨០.៩០តោន និងប្រទេសចិនចំនួន ១៣.៥៨តោន។
លោក អួន ស៊ីឡូត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា ការបញ្ជាទិញគ្រាប់ ស្វាយចន្ទី ឆៅពីប្រទេសវៀតណាមបានធ្លាក់ជាងឆ្នាំមុន ព្រោះភាគច្រើនទីផ្សារគ្រាប់ស្វាយចន្ទីឆៅ ពឹងផ្អែកទៅ លើប្រទេសវៀតណាមស្ទើរតែ៩០ភាគរយ។
លោកបានជំរុញឱ្យមានការកែច្នៃគ្រាប់ស្វាយចន្ទីក្នុងស្រុកបន្ថែម ដើម្បីកសិករលក់បានក្នុងតម្លៃថ្លៃ ដោយមិនឆ្លងកាត់ឈ្មួញកណ្តាល។ តែយ៉ាងណាតម្លៃគ្រាប់ស្វាយចន្ទីឆ្នាំនេះមិនសូវល្អប៉ុន្មានទេ ដោយ គ្រាប់ស្ងួតលក់បានតែចន្លោះពី១,៣០០ ទៅ១,៥០០ដុល្លារក្នុងមួយតោន ខុសពីឆ្នាំមុន លក់ បានពីចន្លោះ១,៣០០ដុល្លារទៅ១,៦០០ដុល្លារក្នុងមួយតោន ដោយសារតែអាកាស ធាតុ ប្រែប្រួល ធ្វើឱ្យគ្រាប់ថយគុណភាពជាងមុន ខណៈទិន្នន័យនេះអាចនឹងធ្លាក់ចុះ១០ភាគរយ៕
ប្រភព៖ Freshnews ដោយ៖ ឈឹម ទីណា