អំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវបានយកចែកជូនប្រជាពលរដ្ឋក្រីក្រ ខ្វះខាតស្បៀងស្រុកស្ទឹងហាវ
ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បាននាំយកអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋក្រីក្រ ខ្វះខាតស្បៀង ចំនួន ៣១៩គ្រួសារ មកពីទាំង៤ឃុំ នៃស្រុកស្ទឹងហាវ ក្នុងនោះ ឃុំកំពេញមាន ៧៤គ្រួសារ ឃុំអូត្រេះ ១៤៣ គ្រួសារ ឃុំទំនប់រលក ៥៧គ្រួសារ និងឃុំកែវផុស ៤៥គ្រួសារ។
ឯកឧត្តម គួច ចំរើន បានផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែននិងផ្ញើសេចក្តីនឹករលឹកជូនពរឆ្នាំថ្មីសូមទទួលបានសិរីសួរស្តីជ័យមង្គលគ្រប់ក្រុមគ្រួសារ ។
ឯកឧត្តម បានកោតសរសើរមេឃុំទាំង៤ ដែលបានយកចិត្តទុកដាក់ពីសុខទុក្ខប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ឯកឧត្តមស្នើឱ្យមេឃុំ ចៅសង្កាត់ ចុះជួបប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ ស្វែងយល់អំពីកង្វល់ សំណូមពរ ការលំបាករបស់ពលរដ្ឋ ដើម្បីលៃលកដោះស្រាយជូនអោយបានទាន់ពេលវេលា។
សូមបញ្ជាក់ថាអំណោយដែលត្រូវចែកជូនប្រជាពលរដ្ឋក្រីក្រនាពេលនេះ ក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ ១០កំប៉ុង ទឹកត្រី១យួរ ឃីត១កញ្ចប់ (សារ៉ុង១ ក្រមា១ មុង១ ភួយ១) កន្ទេល១ ម៉ាស់ ជែលលាងដៃ និងថវិកា ៥ម៉ឺនរៀល ៕ ដោយ ៖ ខៀវ សាវ៉ុន