ប្រជាការពារ គឺជាកម្លាំងស្នូល នៅថ្នាក់មូលដ្ឋាន ក្នុងការអនុវត្តគោលនយោបាយជាតិភូមិ ឃុំ សង្កាត់មានសុវត្ថិភាព

«ប្រជាការពារគឺជាកម្លាំងស្នូលនៅថ្នាក់មូលដ្ឋាន និងបានដើរតួនាទីសំខាន់ក្នុងការអនុវត្តគោលនយោបាយជាតិភូមិ ឃុំ សង្កាត់មានសុវត្ថិភាពដើម្បីចូលរួមក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដោយបានសហការយ៉ាងស្អិតរមួតជាមួយកម្លាំងមានសមត្ថកិច្ច»។

នេះគឺជាការថ្លែងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិ បាលចុះមូលដ្ឋានក្រុងបូកគោ ខេត្តកំពតកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០២២ ក្នុងអំឡុងពិធីសំណេះសំណាលសាកសួរសុខទុក្ខនិងប្រគល់វិទ្យុទាក់ទងចំនួន ៥៦ គ្រឿងជូនប្រជាការពារចំនួន ៥៦នាក់របស់សង្កាត់កោះតូច ក្រុងបូកគោ។ វិទ្យុទាក់ទងដែលឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ថាជាមធ្យោបាយមួយដ៏សំខាន់សម្រាប់ទំនាក់ទំនងការពាររវាងប្រជាការពារនិងប្រជាការពារ និងរវាងកម្លាំងមានសមត្ថកិច្ចដើម្បីប្រសិទ្ធភាពការងារ និងបម្រើសេវាជូនប្រជាពលរដ្ឋបានទាន់ ពេលវេលាជាពិសេសចូលរួមរក្សាសណ្ដាប់ធ្នាប់របៀប រៀបរយនិងធ្វើយ៉ាងណាឲ្យភូមិសង្កាត់មានសុវត្ថិភាព កាន់តែផ្តល់ភាពកក់ក្តៅបន្ថែមទៀតក្នុងការរស់នៅដល់ប្រជាពលរដ្ឋក្នុងម្លប់សុខសន្តិភាព។

ឯកឧត្តមអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបូកគោបានថ្លែងអំណរគុណបងប្អូនប្រជាការពារចំពោះការលះបង់ពេលវេលា កម្លាំងកាយ កម្លាំងចិត្តរបស់ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងភូមិសង្កាត់របស់ខ្លួន។ ឯកឧត្តម នេត្រ ភក្ត្រា បានមានប្រសាសន៍ថាក្រុមប្រជាការពារជាកម្លាំងដ៏សំខាន់ ដើម្បីចូលរួមថែរក្សាសុវត្ថិភាព សន្តិសុខជូនប្រជាពលរដ្ឋភូមិសង្កាត់ ហើយកម្លាំងនេះក៏ជាសេនាធិការយ៉ាងសំខាន់របស់ប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់ ដើម្បីចូលរួមទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទដែលកើតមានឡើងក្នុងមូលដ្ឋានផងដែរ។ ឯកឧត្តមបានគូស បញ្ជាក់ថា ភូមឃុំសង្កាត់មានសុវត្ថិភាពជាក្តីប្រាថ្នារបស់ប្រជាពលរដ្ឋគ្រប់រូប ហើយកន្លងមកនេះ ប្រជាការពារបានបំពេញការងារយ៉ាងសកម្មជាមួយអាជ្ញាធរក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបូកគោ ខេត្តកំពត បានជម្រាបជូនដល់ប្រជាការពារអំពីគោលនយោ បាយជាតិភូមិឃុំសង្កាត់មានសុវត្ថិភាពដោយបាមលើកឡើងថា៖«ក្នុងគោលនយោបាយនេះ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់លក្ខណសម្បត្តិរបស់ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព គឺត្រូវមាន ៧ចំណុច៖ ១-ការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព តម្លាភាព និងជឿទុកចិត្ត ២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសង និងបទល្មើសគ្រប់ប្រភេទ ៣-មានសណ្តាប់ធ្នាប់ល្អពិសេសមិនមានគ្រោះថ្នាក់ចរាចរណ៍ ៤-គ្មានអំពើអនាចារ គ្មានការ ជួញដូរមនុស្ស គ្មានអំពើហិង្សា និងក្មេងទំនើង ៥-ដោះស្រាយវិវាទនៅថ្នាក់មូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយប្រសិទ្ធភាព ៦-មានអនាម័យ សោ ភ័ណ្ឌភាព និងបរិស្ថានល្អ និង ៧-ឆ្លើយតបបានទាន់ពេល ចំពោះគ្រោះមហន្តរាយនិងជំងឺឆ្លងផ្សេងៗ។

ឯកឧត្តមបានលើកឡើងថា យោងតាមឯកសារគោលនយោបាយជាតិ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ដើម្បីសម្រេចបាននូវលក្ខណសម្បត្តិទាំងនេះ អាជ្ញាធរថ្នាក់មូលដ្ឋានត្រូវរៀបចំវេទិកាសាធារណៈយ៉ាងហោចណាស់ ១ខែម្តង ហើយត្រូវចាត់ឱ្យមានការប្រឡងប្រណាំងបង្កើតស្នាដៃសំដៅរកអង្គភាព និងបុគ្គលដែលខំពុះពារបំពេញកាត្វកិច្ច ហើយធ្វើជាគំរូ ក្នុងការអនុវត្តគោលនយោបាយនេះ។ ឯកឧត្តមបានលើកឡើងថា សង្កាត់កោះតូច ក្រុងបូកគោ ក៏ដូចជាឃុំសង្កាត់នានារបស់ខេត្តកំពត បានអនុវត្តបានយ៉ាងល្អស្របតាមការកំណត់នៃគោលនយោបាយនេះ។

ឯកឧត្តមអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបូកគោបានមានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រទេសកម្ពុជាមានសន្តិភាពពេញលេញ មានស្ថិរភាពរឹងមាំ កិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការគិតគូរពីសុខមាលភាពរបស់ប្រជាពលរដ្ឋ និងការផ្តល់សេវាសាធារណៈភាពចាំបាច់នានា នៅតែជាបញ្ហាអាទិភាពរបស់អាជ្ញាធរដែលត្រូវយកចិត្តទុកដាក់ជាប្រចាំ ដើម្បីធានាឱ្យជនគ្រប់រូប និងសង្គមទាំងមូល មានសុវត្ថិភាពយ៉ាងល្អប្រសើរ ជីវភាពរុងរឿង និងសុខដុមរមនា។ ជាមួយគ្នានេះ ឯកឧត្តម នេត្រ ភក្ត្រា បានជំរុញនិងលើកទឹកចិត្តប្រជាការពារបន្តបំពេញភារកិច្ចនេះប្រកបដោយការទទួលខុសត្រូវខ្ពស់ និងមោទកភាព។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner