បីខែដើមឆ្នាំនេះ កម្ពុជារកចំណូលបានជាង ១,២១២លានដុល្លារពីការនាំចេញផលិតផល វិនិយោគ មិនមែនកាត់ដេរ
ភ្នំពេញ៖ រយៈពេល៣ខែដើមឆ្នាំនេះ កម្ពុជារកចំណូលបានជាង១,២១២លានដុល្លារ ពីការនាំចេញ ផលិតផលវិនិយោគមិនមែនកាត់ដេរដូចជា កង់ គ្រឿងបំណែកអេឡិចត្រូនិច បង្គុំខ្សែភ្លើង គ្រឿង បន្លាស់ រថយន្ត អំពូលលម្អ ផលិតផលពីឈើ ផលិតផលប្លាស្ទិក និងស្បែកសត្វកែច្នៃជាដើម។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានាពេលថ្មីៗ។
បើតាមរបាយការណ៍ដដែលនេះបានបង្ហាញថា ការនាំចេញផលិតផលវិនិយោគមិនមែន កាត់ដេរ មានចំនួន ១,២១២.៩លានដុល្លារ កើនឡើងប្រមាណ៣៣៥.២លានដុល្លារ ស្មើនឹង ៣៨,២ ភាគរយ។ អ្នកជំនាញសេដ្ឋកិច្ចបានលើកឡើងថា ការកើនឡើងនៃការនាំចេញ ទំនិញមិនមែន កាត់ដេរ នេះ នឹងជំរុញឱ្យមានការវិនិយោគ និងលំហូរនៃទឹកប្រាក់វិនិយោគមកកម្ពុជាកាន់តែច្រើន។
បណ្ឌិត ឆេង គឹមឡុង អនុប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី និងជាអ្នកជំនាញសេដ្ឋកិច្ច បានបញ្ជាក់ ថា ការកើនឡើងនៃទំនិញនាំចេញមិនមែនកាត់ដេរ បានចូលរួមចំណែកដល់ថវិកាជាតិ និង ដោះស្រាយ បញ្ហាប្រឈមមួយចំនួន ដែលកម្ពុជាកំពុងតែឆ្លងកាត់ក្នុងដំណាក់កាល ដែលមានការ ប្រែប្រួល នៃរបបពន្ធគយ ពីសហគមន៍អឺរ៉ុបជាដើម ហើយការកើនឡើងនេះ ក៏ជំរុញឲ្យមានការ វិនិយោគ ទាំងវិនិយោគិនក្នុងស្រុក ក៏ដូចជាលំហូនៃទឹកប្រាក់វិនិយោគ និងបច្ចេកវិទ្យា ដែលមកបំពេញតម្រូវការនៅក្នុងសកម្មភាពវិនិយោគ និងផលិតកម្មមកកម្ពុជាពីក្រៅស្រុក។
បណ្ឌិត ឆេង គឹមឡុង បានបញ្ជាក់ថា កំណើននៃការនាំចេញនេះ ទន្ទឹមពេលដែលសេដ្ឋកិច្ចកម្ពុជា កំពុងតែឈានទៅរកដំណើរការពិពិធកម្ម, ទំនើបកម្មផ្នែកផលិតកម្ម និងផ្នែកកែច្នៃផ្សេងៗទៀត ដែលប្រើប្រាស់បច្ចេកវិទ្យា ដោយបំប្លែងពីការប្រើកម្លាំងពលកម្មច្រើន ទៅបច្ចេកវិទ្យាច្រើនវិញ។
លោកបណ្ឌិតបន្ដថា ការធ្វើបែបនេះ គឺជាផ្នែកមួយ នៃការចូលរួមចំណែក ដល់ទិសដៅការអភិវឌ្ឍ ផ្នែកឧស្សាហកម្ម និងផ្នែកសេវាកម្មផ្សេងៗ បម្រើទៅលើការផលិតទំនិញ ដើម្បីនាំចេញពីកម្ពុជា ទៅកាន់ទីផ្សារលោកខាងលិច ឬក៏ទីផ្សារនៃបណ្ដាប្រទេស ដែលមានសេដ្ឋកិច្ចជឿនលឿន។
កម្ពុជាត្រូវត្រៀមលក្ខណៈសម្បត្ដិឱ្យបានច្រើន ដើម្បីបង្កើននូវភាពទាក់ទាញផ្នែកវិនិយោគ បង្កើតឱកាសការងារដល់ប្រជាជនក្នុងស្រុក និងជំរុញឱ្យមានការទាក់ទាញ នូវការវិនិយោគ ផ្នែកបច្ចេកវិទ្យា និងនវានុវត្ដន៍៕ ប្រភព៖ Freshnews ដោយ៖ ឈឹម ទីណា



