ត្រីមាសទី១ ឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធ បាន១,២៦៣លានដុល្លារ

ភ្នំពេញ៖ នៅត្រីមាសទី១ ឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារបានប្រមូលចំណូលពន្ធ បានចំនួន ៥,១១៥.៤២ប៊ីលានរៀល ស្មើនឹងប្រមាណ១,២៦៣.០៧លានដុល្លារ ស្មើនឹង៤៤.៨០ភាគរយ នៃផែនការច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២២។

ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា រយៈពេលបីខែ ឆ្នាំ២០២២ ចំណូលពន្ធ-អាករដែលអគ្គនាយកដ្ឋានពន្ធដារប្រមូល បានជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញមានចំនួន៥, ១១៥.៤២ប៊ីលានរៀល ឬប្រមាណ ១,២៦៣.០៧លានដុល្លារ ស្មើនឹង៤៤.៨០ភាគរយនៃផែនការច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ បើធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នាឆ្នាំ២០២១ ឃើញថា កើនឡើងចំនួន៩៣០.៩៩ ប៊ីលានរៀល ឬប្រមាណ២២៩.៨៧លានដុល្លារ ស្មើនឹង ២២.២៥ភាគរយ។

សម្រាប់រយៈពេល៣ខែ ឆ្នាំ២០២២ ចំណូលពីប្រភេទពន្ធសំខាន់ៗ០៥បានរក្សាកំណើន ឡើងគួរ ឱ្យកត់សម្គាល់ បើធៀបនឹងខែរយៈពេលដូចគ្នាឆ្នាំ២០២១ ក្នុងនោះ ពន្ធលើប្រាក់ចំណូលមាន ចំនួន២,៦៩៨.០២ប៊ីលានរៀល កើនឡើង៥១៥.១៧ប៊ីលានរៀល ស្មើនឹង២៣.៦០ភាគរយ, អាករលើតម្លៃបន្ថែមមានចំនួន៧៧៤.០១ប៊ីលានរៀល កើនឡើង១០១.៧៩ប៊ីលានរៀល ស្មើនឹង ១៥.១៤ភាគរយ, អាករពិសេសមានចំនួន២៩៨.៤៧ប៊ីលានរៀល កើនឡើង៤០.៨៤ ប៊ីលានរៀល ស្មើនឹង១៥.៨៦ភាគរយ, ពន្ធលើប្រាក់បៀវត្សមានចំនួន៣១៥ប៊ីលានរៀល កើនឡើង៥៥.០៥ប៊ី លាន រៀល ស្មើនឹង២១.១៨ភាគរយ, និងពន្ធប្រថាប់ត្រាលើពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ អចលនទ្រព្យចំនួន២២៦.៧៩ប៊ីលានរៀល កើនឡើង៥៨.៩៤ប៊ីលានរៀល ស្មើនឹង ៣៥.១២ ភាគរយ។

នៅក្នុងរយៈពេល៣ខែ ឆ្នាំនេះដែរ រាជរដ្ឋាភិបាលទទួលបានចំណូលសារពើពន្ធពីពន្ធគយ និងពន្ធដារសរុប១,៨៦០.៦៧លានដុល្លារ ក្នុងនោះប្រមូលបានដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាមានចំនួន៥៩៧លានដុល្លារ និងអគ្គនាយកដ្ឋានពន្ធដារ១,២៣៦លានដុល្លារ។

របាយការណ៍ខាងលើនេះត្រូវបានបង្ហាញឱ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មាន ស្តីពីកិច្ចប្រជុំបូក សរុប លទ្ធផលប្រមូលចំណូលពន្ធប្រចាំខែមីនា និងត្រីមាសទី១ ឆ្នាំ២០២២ព្រមទាំង ទិសដៅ សម្រាប់អនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២៕
ប្រភព៖ Freshnews ដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner