ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត : សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ​បាន​នឹង​កំពុង​ធ្វើ​នេះ គឺ​ដើម្បី​ជួយសង្គ្រោះ​ជីវិត​មនុស្ស​

​ភ្នំពេញៈ ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ​(TYDA) បាន​បញ្ជាក់ថា អ្វីៗ​ដែល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ​បាន​នឹង​កំពុង​ធ្វើ​នេះ គឺ​មិនមែន​ធ្វើ​ដើម្បី​បង្ហាញ​នោះទេ គឺ​ដើម្បី​ជួយសង្គ្រោះ​ជីវិត​មនុស្ស ព្រោះថា​ការប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ គឺជា​ការប្រយុទ្ធប្រឆាំង​សត្រូវ​ដែល​គ្មាន​រូបរាង ។យើង​ខិតខំ​ជម្នះ​គ្រប់​ឧបសគ្គ​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​ដ៏​កាច​សាហាវ​នេះ ហើយ​យើង​សង្ឃឹមថានឹង​យកជ័យ​ជំនះ ហើយ​ស្ថានភាព​ល្អប្រសើរ​នឹង​វិល​មកវិញ​ក្នុង​រយៈពេល​ឆាប់ៗ​ខាងមុខនេះ​។​

ពិធី​ចុះ​អនុស្សរណៈ​យោគយល់​រវាង​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ និង​អង្គការ​មូលនិធិ​នគរ​ទេព នៅ​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២២​។​

​ការបញ្ជាក់​នេះ នៅក្នុង​ពិធី​ចុះ​អនុស្សរណៈ​យោគយល់​រវាង​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ និង​អង្គការ​មូលនិធិ​នគរ​ទេព នៅ​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២២​។​

​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ទៀតថា សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ​(TYDA) និង​អង្គការ​មូលនិធិ​នគរ​ទេព មាន​បេសកកម្ម​ស្រដៀង​គ្នា​ក្នុង​ជួយសង្គ្រោះ​ជីវិត​មនុស្ស​តាមរយៈ​ការផ្ដល់សេវា​សុខភាព​ជូន​ប្រជាពលរដ្ឋ​។ ជាក់ស្ដែង​យើង​បាន​រួមគ្នា​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ តាមរយៈ​ការរៀបចំ​មន្ទីរពេទ្យ​ហ្លួង​ម៉ែ ដើម្បី​សង្គ្រោះបន្ទាន់ និង​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩​។ ការផ្ដល់​ការគាំទ្រ​នេះ បានធ្វើឱ្យ​ស្ថានភាព​ពេលបច្ចុប្បន្ន​នេះ​ខុសប្លែក​ពី​ស្ថានភាព​កាលពី​ឆ្នាំ​កន្លងទៅ​ធ្វើឱ្យ​ប្រជាពលរដ្ឋ​រីករាយ​នៅក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​ដោយ​មិនមាន​ភាពភ័យខ្លាច​នឹង​ជំងឺ​កូ​វីដ​-១៩ ធ្វើឱ្យ​ប្រជាពលរដ្ឋ​មាន​ជំនឿ​ជឿជាក់​លើ​ការដឹកនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​។

​ឯកឧត្តម​បណ្ឌិតបាន​បន្តថា សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​ជោ​(TYDA) គឺមាន​គោលការណ៍​បីនៅក្នុង​ការអនុវត្ត​កិច្ចការ​មនុស្សធម៌​ដើម្បី​បុព្វហេតុ​ជួយ​ដល់​ប្រជាពលរដ្ឋ​គឺ​៖១- ការផ្ដល់​ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​តាមរយៈ​ការព្យាបាល​ឥតគិតថ្លៃ និង​បញ្ជូនមក​វះកាត់ និង​ព្យាបាល​បន្ត​នៅ​រាជធានី​ភ្នំពេញ​ក្រោម​ការឧបត្ថម្ភ​ថ្លៃថ្លា​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន ដើម្បី​ផ្តល់​ក្តីសង្ឃឹម ស្នាមញញឹម និង​ក្តី​សុខ​របស់​ប្រជាពលរដ្ឋ​។ ២-​ដើម្បី​ប្រមូលផ្ដុំ និង​ផ្តល់ឱកាស​ដល់​កម្លាំង​ស្ម័គ្រចិត្ត ដែលមាន​ជំនាញ ទឹកចិត្ត ឆន្ទៈ​ដើម្បី​ចូលរួម​ធ្វើ​សកម្មភាព​មនុស្សធម៌​ដើម្បី​បុព្វហេតុ​សង្គម​តាមរយៈ​ការចុះពិនិត្យ​និង​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ដែល​គិតថ្លៃ​នៅ​ទូទាំងប្រទេស​និង៣-​ផ្ដល់​លទ្ធភាព ការបណ្ដុះបណ្ដាល​សមត្ថ​ភាព​ដល់​សមាជិក និង​ក្រុមការងារ ដើម្បី​អភិវឌ្ឍន៍​ខ្លួន​ឲ្យ​កាន់តែ​រីកចម្រើន​ក្នុង​ការយក​ជំនាញ​បច្ចេកទេស​ព្យាបាល​ជូន​ប្រជាពលរដ្ឋ និង​ចូលរួម​អភិវឌ្ឍ​វិស័យ​សុខាភិបាល​នៅ​កម្ពុជា​។

​ជាមួយគ្នានេះ ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ក៏បាន​ថ្លែង​អរគុណ​ចំពោះ​អង្គការ​មូលនិធិ​នគរ​ទេព ដែល​ចុះ​អនុស្សរណៈ​យោគយល់ ដើម្បី​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុង​សកម្មភាព​មនុស្សធម៌​ដើម្បី​បុព្វហេតុ​ប្រជាពលរដ្ឋ​តាមរយៈការចុះ ពិនិត្យ និង​ព្យាបាល​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​នៅ​ទូទាំងប្រទេស​៕ ដោយៈ ពល​ជ័យ​

ពិធី​ចុះ​អនុស្សរណៈ​យោគយល់​រវាង​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ និង​អង្គការ​មូលនិធិ​នគរ​ទេព នៅ​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២២​។​
ads banner