នគរបាលស្រុកអង្គស្នួល២រូបត្រូវជនល្មើសគ្រឿងញៀនបាញ់សម្លាប់ក្នុងពេលចុះបង្ក្រាប (Video Inside)

មន្ត្រីនគរបាល២នាក់ត្រូវបានជនល្មើសបាញ់សម្លាប់ ក្នុងក្នុងពេលចុះបង្ក្រាបគ្រឿងញៀន នៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាលនៅថ្ងៃទី២១មេសានេះ។ ជនល្មើសម្នាក់ត្រូវបាន គេបាញ់ រងរបួសធ្ងន់ និងម្នាក់ទៀតត្រូវបានចាប់ខ្លួន ក្នុងហេតុការណ៍ដែលកំពុងប្រយុទ្ធតទល់គ្នា នៅ ចំណុចភូមិចន្ទ្រាថ្មី, ឃុំទួលព្រេច នៃស្រុកអង្គស្នួល។

ស្នងការនគរបាលខេត្តកណ្ដាល លោក ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានប្រាប់អប្សរាណិតថា ពិតជាមានហេតុការណ៍នោះ បាន កើតឡើងមែនក្នុងប្រតិបត្តិការមួយចុះបង្ក្រាបគ្រឿងញៀន។

សមត្ថកិច្ចបានថ្លែងថា មន្ត្រីនគរបាល ដែលបានបាត់បង់ជីវិតនោះ រួមមានឈ្មោះ ជុច សុភា ដែលជានាយប៉ុស្តិ៍ទួលព្រិច នៃស្រុកអង្គស្នួល និងម្នាក់ទៀតឈ្មោះ រីម សុផាន់ណា ដែលជា មន្ត្រីផ្នែកគ្រឿងញៀនក្នុងស្រុកអង្គស្នួល។ មន្ត្រីនគរបាលទាំង២ ត្រូវបានជនសង្ស័យបាញ់ សម្លាប់ដោយកាំភ្លើងខ្លី ជាច្រើនគ្រាប់។

ស្នងការនគរបាលខេត្តកណ្តាលបានថ្លែងថា ជនសង្ស័យគ្រឿងញៀននោះ គឺជាមុខសញ្ញាដែលតុលាការបានចេញដីកាតាមចាប់ខ្លួនចំនួន៥ លើករួចមកហើយ។ ជនសង្ស័យគ្រឿងញៀនដែលត្រូវបានបាញ់ឱ្យរងរបួសនោះ ឈ្មោះ ធីម ឌឿន អាយុ២៤ឆ្នាំ។ 

កម្លាំងសមត្ថកិច្ចចម្រុះនៃស្នងនគរបាលខេត្តកណ្តាល ត្រូវគេរាយ ការណ៍ថា កំពុងស្រាវជ្រាវតាមចាប់មុខសញ្ញាដែលជាបក្ខពួករបស់ជនសង្ស័យបន្ថែមទៀត ដើម្បីយកមកផ្តន្ទាទោស៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner