ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានដាក់បទបញ្ជា និងការប្តេជ្ញារបស់នគរបាលរាជធានីភ្នំពេញ ត្រូវការពារពង្រឹងសន្តិសុខ ថែរក្សាសណ្តាប់ធ្នាប់ ដោយធានាឱ្យបានដំណើរការបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំសង្កាត់នៅពេលខាងមុខប្រកបដោយបរិយាកាសស្ងប់ស្ងាត់និងគ្មានអំពើហិង្សា
ភ្នំពេញ ៖ ថ្លែងក្នុងពិធីប្រកាសតែងតាំងមុខតំណែង និងផ្ទេរភារកិច្ចមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញដែលជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានលើកឡើងដាក់បទបញ្ជានិងការប្តេជ្ញារបស់កម្លាំងនគរបាលរាជធានីភ្នំពេញ ត្រូវការពារពង្រឹងសន្តិសុខ ថែរក្សាសណ្តាប់ធ្នាប់ធានាឱ្យបាននៃដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អណត្តិទី៥ ប្រកបដោយបរិយាកាសស្ងប់ស្ងាត់គ្មានអំពើហិង្សា និងការប្រព្រឹត្តទៅដោយតម្លាភាព យុត្តិធម៌ ទាំងនៅមុនពេលបោះឆ្នោត និងនៅក្រោយបោះឆ្នោត នៅគ្រាដែលដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អណត្តិទី៥ គ្រោងនឹងរៀបចំប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ។
ជុំវិញកិច្ចការងារពង្រឹងការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នេះផងដែរ ឯកឧត្តមអគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានណែនាំដល់លោកលោកស្រីស្នងការរង លោកអធិការនគរបាលខណ្ឌទាំង១៤ និងលោកនាយការិយាល័យជំនាញពាក់ព័ន្ធត្រូវតាមដានក្តាប់ព័ត៌មានឱ្យបានលើការងារសន្តិសុខ ដើម្បីយកមកវិភាគនិងដាក់ចេញវិធានការទប់ស្កាត់ឱ្យទាន់ពេលវេលារាល់បាតុភាពណាមួយដែលបង្កឱ្យប៉ះពាល់អសន្តិសុខសង្គម និងការឆ្លើយតបទាន់ពេលវេលាចំពោះព័ត៌មានក្លែងក្លាយញុះញង់បំពុលសង្គមក្នុងគោលបំណងឱ្យប្រជាពលរដ្ឋយល់ច្រឡំដើម្បីចង់កេងចំណេញផ្នែកនយោបាយពីសំណាក់ក្រុមបង្កហេតុ។នៅទន្ទឹមដែលគេមើលឃើញថារៀងរាល់ដំណើរការបោះឆ្នោតសកល រឺបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ គឺតែងតែមានក្រុមទុច្ចរិតបង្កើតព័ត៌មានបំពុលសង្គមផ្សព្វផ្សាយព័ត៌មានមិនពិតនៅតាមបណ្តាញព័ត៌មានសង្គមដើម្បីវាយប្រហារមកលើកងកម្លាំងសមត្ថកិច្ចរឺរាជរដ្ឋាភិបាលកម្ពុជា។
ក្នុងពិធីប្រកាសតែងតាំងមុខតំណែង និងផ្ទេរភារកិច្ច មន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នោះផងដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានមើលឃើញនិងវាយតម្លៃខ្ពស់ពីបទល្មើសព្រហ្មទណ្ឌមានការថយចុះច្រើននាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរទើបតែបញ្ចប់ទៅថ្មីៗនេះ ក្នុងនោះក៏បានណែនាំដល់កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ និងកម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌត្រូវបន្តពង្រឹងបង្កើនចេញប្រតិបត្តិការបង្ការទប់ស្កាត់និងបង្រ្កាបបទល្មើសលួចឆក់ និងប្លន់ប្រដាប់អាវុធឱ្យមានប្រសិទ្ធភាព ពីព្រោះបើបទល្មើសទាំងនេះទប់ស្កាត់មិនបានរឺក៏កើតមានហើយ បង្រ្កាបមិនទាន់ពេលវេលានោះទេ វានឹងជះឥទ្ធិពលមិនល្អចំពោះមហាជនទូទៅនិងធ្វើឱ្យប្រជាពលរដ្ឋខ្វះជំនឿទុកចិត្តមកលើកងកម្លាំងនគរបាល។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ក៏បានព្រមានធ្ងន់ៗថានឹងឱ្យមានការស្រាវជ្រាវចាត់វិធានការផ្លូវច្បាប់ចំពោះមន្រ្តីនគរបាលតាមបណ្តាមូលដ្ឋានក្នុងខណ្ឌទាំង១៤ ដែលហ៊ានប្រព្រឹត្តបទល្មើស លួចធ្វើឯកសាររដ្ឋបាលខុសច្បាប់ទៅឱ្យជនបរទេសដែលមករស់នៅខុសច្បាប់នៅក្នុងរាជធានីភ្នំពេញ ដោយកន្លងមកលោកធ្លាប់ទទួលព័ត៌មានមកថាមានមន្រ្តីនគរបាលមូលដ្ឋានមួយចំនួនតូចបានធ្វើឯកសាររដ្ឋបាលជូនដល់ជនបរទេសជាថ្នូរនឹងការទទួលបានប្រាក់កំរ៉ៃតាមរយៈនៃការប្រព្រឹត្តអំពើខុសច្បាប់។
ដោយបញ្ហានេះគឺមិនអាចលើកលែងបាននោះទេចំពោះមន្រ្តីខិលខូចពីព្រោះថាការងារគ្រប់គ្រងជនបរទេសនេះវាសំខាន់ណាស់សម្រាប់បំរើលើការងារសន្តិសសុខរបស់ប្រទេសជាតិ។ ជាមួយគ្នានោះក៏បានណែនាំឱ្យមានការពង្រឹងអនុវត្តលើការងាររៀបចំសណ្តាប់ធ្នាប់នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញឱ្យបានល្អ ដើម្បីជួយដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ និងការណែនាំពង្រឹងវិន័យនគរបាលជាតិនិងអាកប្បកិរិយាមិនសមរម្យរបស់មន្រ្តីនគរបាលចរាចរធ្វើចំពោះប្រជាពលរដ្ឋ និងមន្រ្តីជាប់កិច្ចសន្យាដែលចុះអនុវត្តច្បាប់ចរាចរណ៍លើដងផ្លូវ។
សូមបញ្ជាក់ថាមន្រ្តីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន០៥រូបត្រូវបានប្រកាសតែងតាំងមុខតំណែងនិងផ្ទេរភារកិច្ចរួមមានៈថ្នាក់ស្នងការរងចំនួន០២រូប ថ្នាក់នាយការិយាល័យជំនាញចំនួន០២រូប និងថ្នាក់អធិការចំនួន០១រូប រួមមានៈ១,លោកវរសេនីយ៍ឯក កៅ សុវណ្ណារ៉ា ជាស្នងការរង ២,លោកវរសេនីយ៍ទោ យ៉ែម នៅ ជាស្នងការរង ៣,លោកវរសេនីយ៍ទោ ប៊ិត ច័ន្ទដារ៉ារដ្ឋ ពីនាយរងការិយាល័យសុខាភិបាលជានាយការិយាល័យសុខាភិបាល ៤,លោកវរសេនីយ៍ឯក សៀម សុត្ថាវុធ ពីអធិការនគរបាលខណ្ឌជ្រោយចង្វារជានាយការិយាល័យនគរបាលសណ្តាប់ធ្នាប់ និង៥,លោកវរសេនីយ៍ទោ លៀក ចាន់រាបសា ពីអធិការរងនគរបាលខណ្ឌទួលគោក ជាអធិការនគរបាលខណ្ឌជ្រោយចង្វារ៕ ដោយ / គ្រី សម្បត្តិ