រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍៖ជំរុញដល់ម្ចាស់អភិវឌ្ឍន៍លំនៅឋាននៅតាមបុរី ត្រូវគិតគូលើការតភ្ជាប់សេវាទូរស័ព្ទ និងអ៊ិនធើណេត ឱ្យបានគ្រប់គ្រាន់
ភ្នំពេញ៖បន្ទាប់ពីមើលឃើញកង្វះខាតដោយសារតែសេវាទូរស័ព្ទ និងអ៊ិនធឺណិតតាមបុរីជាច្រើនកន្លែងនៅកម្ពុជាពុំអាចប្រើប្រាស់បាន និងកន្លែងខ្លះទៀតសេវាខ្សោយដែលមិនតម្រូវការប្រើប្រាស់ដល់ប្រជាពលរដ្ឋប្រចាំថ្ងៃនោះរដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍បានជំរុញដល់ម្ចាស់អភិវឌ្ឍន៍លំនៅឋាននៅតាមបុរី ត្រូវគិតគូរលើការតភ្ជាប់សេវាទូរស័ព្ទ និងអ៊ិនធើណេត ឱ្យបានគ្រប់គ្រាន់។
ថ្លែងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងបរិស្ថាន ជាមូយក្រុមហ៊ុន សូហ៊្វែរឧស្សាហកម្ម សៀមិនស៍ ភីធីអ៉ី អិលធីឌី, វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា, បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និង សាលាស្ទីមមីង ខេមបូឌា នាថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០២២នេះ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានឱ្យដឹងថាបច្ចុប្បន្នគេឃើញតាមបុរីជាច្រើនជួបប្រទះនូវកង្វះខាតសេវាទូរស័ព្ទ និងអ៊ិនធឺណិតដែលបង្កការប៉ះពាល់ដល់ប្រជាពលរដ្ឋពិសេសក្នុងរាជធានីភ្នំពេញតែម្តង។
ជាមួយគ្នានេះឯកឧត្តម ជា វ៉ាន់ដេត បានបញ្ជាក់បន្ថែមថាការអភិវឌ្ឍន៍លំនៅឋាននៅតាមបុរីនីមួយៗកន្លងមក មិន បានគិតគូរដល់ការទ្រទ្រង់នូវទូរគមនាគមន៍ដូចជាការតភ្ជាប់បណ្តាញហេដ្ឋារចនា សម្ព័ន្ធ និងតម្លើងអង់តែនសម្រាប់ផ្តល់សេវាទូរស័ព្ទ និងអ៊ិនធើណេត ដល់អ្នកដែលបានចូលទៅរស់នៅក្នុងគម្រោងរបស់ខ្លួន។កន្លែងបុរីខ្លះបើទោះបីចង់ដាក់អត់តែនក៏គេពុំមានទីតាំងដាក់ដែរដែលទាំងអស់នេះហើយជាបញ្ហាចោទឡើងតាមតំបន់មួយចំនួន។
ឯកឧត្តមបានបញ្ជាក់ថា ពេលនេះក្រសួងបាននិងកំពុង ធ្វើការងារជាមួយម្ចាស់គម្រោងបុរី ប្រតិបត្តិករប្រព័ន្ធទូរគមនាគមន៍ និងក្រុមហ៊ុនវិនិយោគឯកជន លើការតភ្ជាប់បណ្តាញហេដ្ឋារចនា សម្ព័ន្ធផ្នែកសេវាទូរស័ព្ទ និងអ៊ិនធឺណិតនៅតាមបុរីលំនៅ ឋាន ដើម្បីឱ្យការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនៅកម្ពុជាឈានទៅសម្រេចបានតាមចក្ខុវិស័យ និងគោលនយោ បាយដែលបានដាក់ចេញ គឺពលរដ្ឋឌីជីថល រដ្ឋាភិបាលឌីជីថល និងធុរកិច្ចឌីជីថល។
ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថា “នៅពេលនេះយើងកំពុងធ្វើការជាមួយម្ចាស់បុរី និងប្រតិបត្តិករដើម្បីជំរុញធ្វើយ៉ាងម៉េចឱ្យតាមបុរីមានសេវាគ្រប់គ្រាន់ទាំងទូរស័ព្ទនិងអ៊ីនធឺណិត ។ប៉ុន្តែការងារនេះមិនមែនជាការងារងាយស្រួលទេ ព្រោះត្រូវបានជួបប្រទះនឹងបញ្ហាជាច្រើនដោយម្ចាស់បុរីខ្លះមិនចង់សហការ កន្លែងខ្លះអត់មានតភ្ជាប់បណ្តាញចូលក្នុងបុរីជាដើម”។
ជាមួយគ្នានេះឯកឧត្តមរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានថ្លែងដែរថា ចាប់តាំងពីការផ្ផ្ទុះឡើងនៃជំងឺងកូវីដ១៩ នៅប្រទេសកម្ពុជាការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលបានបង្ហាញសន្ទុះកាន់តែខ្លាំងក្នុងវិស័យសាធារណៈ វិស័យឯកជន និងក្នុងចំណោមពលរដ្ឋ ទូទៅ ជាពិសេស សិស្ស.និស្សិត ។សកម្មភាពសេដ្ឋកិច្ច របៀបរបបការងារ និងការរស់នៅប្រចាំថ្ងៃបានប្រែក្លាយទៅរកគន្លងប្រក្រតីភាពថ្មី។
បច្ចេកវិទ្យាឌីជីថល បាននិងកំពុងដើរតួនាទីស្នូលសម្រាប់ប្រតិបត្តិការ និងទំនាក់ទំនង ក្នុងប្រព័ន្ធ សេដ្ឋកិច្ច និងសង្គម។ជាមួយគ្នានេះ បដិវត្តន៍ឧស្សាហកម្មទី៤បានធ្វើឱ្យការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលកាន់តែមានលក្ខណៈចាំបាច់ និងទំលំទូលាយក្នុងគ្រប់វិស័យរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ច៕ដោយ៖ម៉ាដេប៉ូ