ប្រធានរដ្ឋសភាឥណ្ឌាថ្លែងអំណរគុណកម្ពុជា ដែលបានគាំទ្របេក្ខភាពរបស់ឥណ្ឌាក្នុងក្របខ័ណ្ឌសមាជិកអចិន្ត្រៃយ៍ និងមិនអចិន្ត្រៃយ៍ នៃអង្គការសហប្រជាជាតិ ជាពិសេសក្នុងក្របខ័ណ្ឌអាស៊ាន 

ភ្នំពេញ៖ ឯកឧត្តម OM BIRLA ប្រធានរដ្ឋសភានៃសាធារណរដ្ឋឥណ្ឌា បានថ្លែងអំណរគុណចំពោះប្រទេសកម្ពុជាដែលបានគាំទ្របេក្ខភាពរបស់ប្រទេសឥណ្ឌា ក្នុងក្របខ័ណ្ឌសមាជិកអចិន្ត្រៃយ៍ និងមិនអចិន្ត្រៃយ៍ នៃអង្គការសហប្រជាជាតិ ជាពិសេសក្នុងក្របខ័ណ្ឌអាស៊ាន ក្នុងឆ្នាំ២០២១ និងឆ្នាំ២០២២។ ឯកឧត្តមបានគូសបញ្ជាក់ថាក្នុងរយៈពេល៧ទសវត្សរ៍កន្លងទៅ ប្រទេសឥណ្ឌាមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយប្រទេសកម្ពុជា ហើយប្រទេសឥណ្ឌាបានទទួលស្គាល់នូវឯករាជ្យភាពរបស់ប្រទេសកម្ពុជាក្នុងទសវត្សរ៍ទី៥០ និងជាប្រទេសដំបូងដែលទទួលស្គាល់សាធារណរដ្ឋប្រជាមានិតកម្ពុជាក្នុងទស្សវត្សរ៍ទី៨០ ក្រោយរបបប្រល័យពូជសាសន៍ ប៉ុល ពត។

ការថ្លែងអំណរគុណចំពោះប្រទេសកម្ពុជាពីសំណាក់ប្រធានរដ្ឋសភានៃសាធារណរដ្ឋឥណ្ឌាបានធ្វើឡើងក្នុងជំនួបពិភាក្សាជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាកាលពីព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ នៅវិមានព្រឹទ្ធសភា។

ឯកឧត្តម OM BIRLA បានអបអរសាទរចំពោះការចុះអនុស្សរណៈយោគយល់គ្នារវាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកម្ពុជា និងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាឥណ្ឌា កាលពីឆ្នាំ២០១៦កន្លងទៅ ក្នុងនោះមានមន្ត្រីរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកម្ពុជាបានចូលរួមវគ្គបណ្តុះបណ្តាលទៅតាមជំនាញជាក់ស្តែងជាង២០០នាក់ និងមន្រ្តីក្របខ័ណ្ឋរបស់រាជរដ្ឋាភិបាលជាង២ពាន់នាក់ ក៏បានចូលរួមវគ្គបណ្តុះបណ្តាលក្នុងក្របខ័ណ្ឌកិច្ចសហប្រតិ   បត្តិការបច្ចេកទេស APTECH ផងដែរ។

ឯកឧត្តម OM BIRLA បានជម្រាបជូនសម្តេចប្រធានព្រឹទ្ធសភាជ្រាបថា រដ្ឋសភាឥណ្ឌាមានវិទ្យាស្ថានស្រាវជា្រវ និងការបណ្តុះបណ្តាលសម្រាប់ប្រជាធិបតេយ្យ។ វិទ្យាស្ថាននេះបានរៀបចំវគ្គបណ្តុះបណ្តាល និងវគ្គតម្រង់ទិសជាច្រើនជូនដល់សមាជិកសភា ក៏ដូចជាអ្នករៀបចំគោលនយោបាយ មន្ត្រីរដ្ឋការស៊ីវិល និងមន្ត្រីសភា។ ឯកឧត្តមបានអញ្ជើញសមាជិកព្រឹទ្ធសភា និងមន្ត្រីនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកម្ពុជា ចូលរួមវគ្គបណ្តុះបណ្តាល នៅវិទ្យាស្ថានស្រាវជា្រវ និងការបណ្តុះបណ្តាលសម្រាប់ប្រជាធិបតេយ្យនៃរដ្ឋសភាឥណ្ឌា។

ឯកឧត្តមបានស្នើឲ្យសភានៃប្រទេសទាំងពីរ បង្កើននូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱកាន់តែល្អប្រសើរឡើងថែមទៀតតាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមក ទាំងក្នុងកម្រិតខ្ពស់ និងកម្រិតបច្ចេកទេស ដើម្បីស្វែងយល់បទពិសោធន៍ ការអភិវឌ្ឍឱ្យល្អប្រសើររវាងសភានៃប្រទេសទាំងពីរ។

ឯកឧត្តម OM BIRLA បានជម្រាបសម្តចប្រធានព្រឹទ្ធសភាជ្រាបថា នៅឆ្នាំ២០២២ គឺជាឆ្នាំនៃការប្រារព្វខួបលើកទី៣០ នៃទំនាក់ទំនងអាស៊ាន-ឥណ្ឌា។ ក្នុងឱកាសនេះ ឯកឧត្តមបានគោរពអញ្ជើញថ្នាក់ដឹកនាំសភារបស់អាស៊ានបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌា ក្នុងនោះឯកឧត្តមក៏បានអញ្ជើញសម្តេចប្រធានព្រឹទ្ធសភាផងដែរ។ 

ក្នុងឱកាសនោះដែរ ឯកឧត្តម OM BIRLA បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តមប្រធានព្រឹទ្ធសភាឥណ្ឌា ជូនចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវសេចក្តីរីករាយដែលបានឃើញនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អលើគ្រប់វិស័យ រវាងប្រជាជន និងប្រទេសទាំងពីរ ដែលមានការរីកចម្រើនឥតឈប់ឈរ។ ទំនាក់ទំនងល្អនេះស្តែងឡើង តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក រវាងប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់លំដាប់ថ្នាក់ នៃប្រទេសទាំងពីរ និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើនគ្របដណ្តប់លើវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ និងការវិនិយោគ។ ប្រទេសទាំងពីរបានគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិជាបន្តបន្ទាប់ កិច្ចសបហប្រតិបត្តិការពហុភាគី មិនត្រឹមតែទទួលបានផលប្រយោជន៍ដល់ប្រជាជន និងប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែបានរួមចំណែកដ៏សំខាន់ និងជាវិជ្ជមានដល់ការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍរួមនៅក្នុងតំបន់ និងអន្តរជាតិ។

ក្នុងនាមប្រជាជន ព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាធារណរដ្ឋឥណ្ឌាដែលបានគាំទ្រនូវឯករាជ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជាក្នុងទសវត្សរ៍ទី៥០ និងជាប្រទេសដំបូងដែលទទួលស្គាល់សាធារណរដ្ឋប្រជាមានិតកម្ពុជាក្នុងទសវត្សរ៍ទី៨០ ហើយប្រទេសឥណ្ឌាបានបញ្ជូនកងទ័ពមួកខៀវក្រោមឆត្រអង្គការសហប្រជាជាតិមកជួយថែរក្សាសន្តិភាព នៅប្រទេសកម្ពុជាក្រោមបេសកកម្មរបស់អ៊ុនតាក់។ ជាមួយគ្នានេះ សម្តេចបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលឥណ្ឌា ដែលបានផ្តល់ជំនួយបច្ចេកទេស និងជំនួយឥតសំណង គាំទ្រដល់វិស័យជាច្រើន ដែលបានរួមចំណែកយ៉ាងខ្លាំងក្លាធ្វើឱ្យប្រទេសកម្ពុជាបានរំដោះចេញពីភាពក្រីក្រ លើកកម្ពស់ជីវភាពរបស់ប្រជាជន និងមានការអភិវឌ្ឍដូចពេលបច្ចុប្បន្ននេះ។

សម្តេចប្រធានព្រឹទ្ធសភាបានគូសបញ្ជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាទទួលបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ កម្ពុជាបានបើកដំណើរការពេញលេញសង្គម-សេដ្ឋកិច្ច តាមគន្លងប្រក្រតីភាពថ្មី។ យោងតាមការព្យាករណ៍របស់ធនាគារអភិវឌ្ឍអាស៊ី (ADB) សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងក្នុងអត្រា ៥,៣% ក្នុងឆ្នាំ២០២២ និង៦,៥% ក្នុងឆ្នាំ២០២៣។

សម្តេចប្រធានព្រឹទ្ធសភាបានស្នើប្រទេសឥណ្ឌាពិនិត្យលទ្ធភាពឱ្យមានការហោះហើរត្រង់ ពីឥណ្ឌាមកភ្នំពេញ និងពីឥណ្ឌាមកខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍សុវត្ថិភាព។ ការហោះហើរត្រង់នឹងជួយជំរុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជននិងវប្បធម៌ប្រទេសទាំងពីរ។

ទាក់ទងនឹងការអញ្ជើញសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ទៅចូលរួមពិធីប្រារព្វខួបលើកទី៣០នៃទំនាក់ទនអាស៊ាន-ឥណ្ឌា សម្តេចប្រធានព្រឹទ្ធសភានឹងរៀបចំឱ្យមានឯកឧត្តមអនុប្រធានព្រឹទ្ធសភា០១រូប ដើម្បីអមដំណើរសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទៅចូលរួមក្នុងពិធីដ៏មហោឡារឹកនេះ។

សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងអំណរគុណដល់រដ្ឋសភា ព្រឹទ្ធសភា និងរដ្ឋាភិបាលឥណ្ឌា  ដែលបានជួយអភិវឌ្ឍន៍ធនធានមនុស្សរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា តាមរយៈការផ្តល់អាហារូបករណ៍រយៈពេលខ្លី-មធ្យម ទៅរៀននៅសាធារណរដ្ឋឥណ្ឌាចំនួន២១៨នាក់ គិតចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០២១។ ចំពោះការរៀបចំវគ្គបណ្តុះបណ្តាលថ្មីដែលឯកឧត្តមប្រធានគណៈប្រតិភូបានលើកឡើង សម្តេចនឹងរៀបចំទាំងសមាជិកព្រឹទ្ធសភា និងមន្ត្រី អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដើម្បីទៅចូលរួម។

សម្តេចប្រធានព្រឹទ្ធសភាបានឯកភាពចំពោះប្រសាសន៍របស់ឯកឧត្តមប្រធានគណៈប្រតិភូ ដែលលើកឡើងអំពីការផ្លាស់ប្តូរទស្សនកិច្ចរវាងសភានៃប្រទេសទាំងពីរ ដើម្បីទៅដកស្រង់បទពិសោធន៍អំពីសភាប្រជាធិបតេយ្យ និងការពង្រឹងនូវតួនាទីការទូតសភា ក្នុងការរួមចំណែកលើការថែរក្សាសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់ សន្តិសុខ និងការអភិវឌ្ឍនៅក្នុងតំបន់ និងអន្តរជាតិប្រកបដោយចីរភាព៕ 

ដោយ៖ពលជ័យ

ads banner