រដ្ឋមន្ត្រីការបរទេសកម្ពុជាជំរុញកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ

ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់អំពីទំនាក់ទំនងដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរកម្ពុជា-ឡាវ ក្រោមស្មារតីភាពជាអ្នកជិតខាងល្អ សាមគ្គីភាពជាភាតរៈ និងភាពជាដៃគូយុទ្ធសាស្ត្រយូរអង្វែង និងគ្រប់ជ្រុងជ្រោយ ហើយបានលើកទឹកចិត្តឱ្យជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការល្អប្រសើរលើគ្រប់វិស័យ រួមមាន ពាណិជ្ជកម្ម វិនិយោគ អប់រំ ទេសចរណ៍ ការតភ្ចាប់ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ក្នុងឱកាសដែលឯកឧត្តម បួរកែវ ភូមិវង្សសៃ ឯកអគ្គរដ្ឋទូតថ្មីឡាវប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាព្រឹកថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២២។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានរំលឹកឡើងវិញអំពីការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូត កាលពីឆ្នាំ២០២១ និងដំណើរទស្សនកិច្ចផ្លូវការប្រកបដោយជោគជ័យរបស់ឯកឧត្តមនាយករដ្ឋមន្រ្តីឡាវ ផនខាំ វីផាវ៉ាន់ និងឯកឧត្តមរដ្ឋមន្រ្តីការបរទេស សាលើមសៃ គុំម៉ាស៊ីត មកកាន់កម្ពុជា នាពេលកន្លងមក ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកស្ទួយទំនាក់ទំនងទ្វេភាគី។

ឯកឧត្តមឯកអគ្គរដ្ឋទូត បាននាំនូវការថ្លែងអំណរគុណដ៏ជ្រាលជ្រៅរបស់រដ្ឋាភិបាល និងប្រជាជន ឡាវ ជូនចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានផ្តល់វ៉ាក់សាំងចំនួន៧០០.០០០ ដូស សម្ភារពេទ្យ រថយន្ត និងថវិកា សម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ក្នុងការ ស្វែងរកដំណោះស្រាយចំពោះវិបត្តិនៅមីយ៉ាន់ម៉ា និងបានគូសបញ្ជាក់ពីការគាំទ្ររបស់ឡាវចំពោះ ការខិតខំនេះ។

ចំពោះកិច្ចការព្រំដែន ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកទឹកចិត្តឲ្យគណៈកម្មការចម្រុះកិច្ចការព្រំដែន (JBC) ទាំងពីរ ពន្លឿនការចរចារដើម្បីដោះស្រាយខ្សែព្រំដែនពុំទាន់ខណ្ឌសីមា ដែលនៅសេសសល់ចំនួន ១៤% តាមការឯកភាពរវាងថ្នាក់ដឹកនាំប្រទេសទាំងពីរ កាលពីខែវិច្ឆិកា ឆ្នាំ២០២១ ហើយនិងការពិភាក្សាលើសេចក្តីព្រាងសន្ធិសញ្ញាកំណត់ព្រំដែនរវាងប្រទេសទំាងពីរចំពោះខ្សែបន្ទាត់ព្រំដែនដែលបានឯកភាពគ្នារួចហើយចំនួន ៨៦%។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី និងឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាគ្នាអំពីការត្រៀមរៀបចំកិច្ចប្រជុំរបស់គណៈកម្មការចម្រុះកម្ពុជា-ឡាវ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា (JCBC) ដែលគ្រោងធ្វើនៅរាជធានីភ្នំពេញ ក្នុងខែកក្កដា ខាងមុខនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី និង ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាផងដែរ អំពីបញ្ហាតំបន់ និងអន្តរជាតិសំខាន់ៗ រួមទាំងកិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌ អាស៊ាន និងអង្គការអន្តរជាតិនានា៕
ដោយ៖ពលជ័យ

ads banner